អន្តរជាតិ
លោក វ៉ាង យី៖ ចិនមានឆន្ទៈធ្វើការជាមួយបារាំងស្វែងរកដំណោះស្រាយនយោបាយលើវិបត្តិអ៊ុយក្រែន
16, Feb 2023 , 2:07 pm        
រូបភាព
លោក វ៉ាង យី ចាប់ដៃរដ្ឋមន្រ្តីការបរទេសបារាំង Catherine Colonna។ រូបថត AFP
លោក វ៉ាង យី ចាប់ដៃរដ្ឋមន្រ្តីការបរទេសបារាំង Catherine Colonna។ រូបថត AFP
អ្នកការទូតជាន់ខ្ពស់របស់ចិន លោក វ៉ាង យី នៅថ្ងៃទី១៦ ខែកុមុ្ភៈ លើកឡើងថា ចិនផ្តល់តម្លៃដល់តួនាទីរបស់បារាំងក្នុងនាមជាប្រទេសឯករាជ្យដ៏សំខាន់មួយ និងមានឆន្ទៈស្វែងរកដំណោះស្រាយនយោបាយចំពោះវិបត្តិអ៊ុយក្រែនជាមួយបារាំង។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN ជុំវិញទស្សនកិច្ចរបស់លោក វ៉ាង នៅទីក្រុងប៉ារីស។



ក្នុង​ដំណើរ​ទស្សនកិច្ច​​ទៅបារាំងលើកដំបូងក្រោយកាន់តំណែងថ្មី លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន បានជួបជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង នៅវិមាន Elysee។ អ្នកការទូតជាន់ខ្ពស់ចិនរូបនេះបង្ហាញឆន្ទៈដោះស្រាយវិបត្តិអ៊ុយក្រែនជាមួយបារាំង និងប្រទេសអឺរ៉ុបផ្សេងទៀតទាក់ទិននឹងការបង្កើតឱ្យមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ 
 
បើតាមទូរទស្សន៍ CGTN នាជំនួបបិទទ្វារនេះ មេដឹកនាំបារាំង និងចិន ក៏ពិភាក្សាជាពិសេសអំពីផលវិបាកនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ទៅលើប្រទេសដែលងាយរងគ្រោះផ្សេងៗទៀតក្នុងពិភពលោករួមមានសន្តិសុខស្បៀង និងបញ្ហាហិរញ្ញវត្ថុ។ អ្នកការទូតជាន់ខ្ពស់ចិនក៏បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងប្រកាន់យកគោលជំហរមិនលំអៀងលើបញ្ហាអ៊ុយក្រែន ហើយនៅតែប្តេជ្ញាចិត្តជំរុញកិច្ចចរចាសន្តិភាព។
 
លើសពីនេះ លោក វ៉ាង ប្រាប់លោក ម៉ាក្រុង ថា ចិនចាត់ទុកបារាំងជាដៃគូសហប្រតិបត្តិការ និងមានឆន្ទៈពង្រឹងទំនាក់ទំនងកម្រិតខ្ពស់បន្ថែមទៀត ដើម្បីបន្ថែមថាមពលថ្មីដល់ទំនាក់ទំនងចិន និងអឺរ៉ុប។ 
 
ក្នុងជំនួបដដែល លោក ម៉ាក្រុង វិញបានអបអរសាទរចិនចំពោះភាពជោគជ័យនៃសមាជជាតិរបស់បក្សកុម្មុនីស្តចិនលើកទី២០ ។ លោកទន្ទឹងរង់ចាំជួបជាមួយប្រធានាធិបតី ស៊ី ជិនភីង ដើម្បីបន្តជំរុញមិត្តភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងបង្កើតអនាគតកាន់តែប្រសើរឡើង។ 
 
ដោយលើកឡើងពីជំហររបស់បារាំងចំពោះទំនាក់ទំនងជាមួយចិន លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថាការពង្រឹងកិច្ចសន្ទនាជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរមានសារសំខាន់ណាស់ ហើយនៅចំពោះមុខស្ថានការណ៍អន្តរជាតិដែលកាន់តែស្មុគស្មាញ បារាំង និងចិនគួរតែធ្វើការរួមគ្នាដើម្បីរក្សាស្ថិរភាព និងតុល្យភាព ប្រកាន់ខ្ជាប់ពហុភាគីនិយម ប្រឆាំងនឹងការប្រឈមមុខដាក់គ្នាក្នុងតំបន់ និងជៀសវាងការបែកបាក់គ្នាក្នុងពិភពលោក។
 
កិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីដោះស្រាយអាកាសធាតុ ជីវចម្រុះ និងការការពារបរិស្ថាន ក៏ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាផងដែរ។
 
លោក វ៉ាង ក៏បានជួបជាមួយរដ្ឋមន្រ្តីការបរទេសបារាំង Catherine Colonna ដោយភាគីទាំងពីរ បានជជែកពីទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងចិន-អឺរ៉ុបដែរ។ 
 
ក្រៅពីបារាំង  លោក វ៉ាង យី នឹងធ្វើដំណើរទៅអ៊ីតាលី ហុងគ្រី រុស្ស៊ី និងអាល្លឺម៉ង់ផងដែរ៕ 
 

Tag:
 ចិន
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com