អន្តរជាតិ
ចិន ច្រានចោលការចោទប្រកាន់ជុំវិញបាឡុងហោះក្នុងដែនអាកាសជប៉ុន
16, Feb 2023 , 3:12 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin។ រូបភាពយកពីក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន នៅថ្ងៃទី១៥ ខែកុម្ភៈ បានច្រានចោលការចោទប្រកាន់របស់ជប៉ុន ជុំវិញបាឡុងហោះក្នុងដែនអាកាសរបស់ខ្លួន យ៉ាងហោចណាស់ ៣លើកចាប់តាំងពីឆ្នាំ២០១៩។ បើតាមក្រសួងការបរទេសចិន រដ្ឋាភិបាលក្រុងប៉េកាំង តែងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យរបស់ប្រទេសដទៃ។



 
ក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី១៤ ខែកុម្ភៈ បានអះអាងថា បាឡុងឈ្លបការណ៍ចិន បានហោះចូលដែនអាកាសខ្លួនយ៉ាងហោចណាស់ ៣លើក ចាប់តាំងពីឆ្នាំ២០១៩ មក។​ ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលក្រុងតូក្យូ បានប្រាប់ក្រុងប៉េកាំងយ៉ាងច្បាស់ៗថា ការបំពាន ដែនអាកាសជប៉ុនដោយបាឡុងចារកិច្ចចិន ជារឿងមិនអាចទទួលយកបាន។
 
ក្រោយមានការចោទប្រកាន់ពីជប៉ុន ក្រសួងការបរទេសចិន បានប្រតិកម្មយ៉ាងខ្លាំង និងច្រានចោល ហើយថែមទាំងហៅខ្លួនឯងថា ជាប្រទេសដែលមានការទទួលខុសត្រូវទៀត។ 
 
«យើងតែងគោរពយ៉ាងម៉ត់ចត់ចំពោះច្បាប់អន្តរជាតិ គោរពអធិបតេយ្យ និងបូរណភាពដែនដីរបស់ប្រទេសទាំងអស់»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានបញ្ជាក់បែបនេះទៅកាន់អ្នកសារព័ត៌មាន ដែលបានសួរជុំវិញការចោទប្រកាន់របស់ជប៉ុនលើបាឡុងរបស់ចិន។ 
 
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែកុម្ភៈ មន្រ្តីក្រសួងការបរទេសរូបនេះ បានបន្តថា ដោយគ្មានព័ស្តុតាងជាក់លាក់ ភាគីក្រុងតូក្យូ បានចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីបង្ខូច និងវាយប្រហារក្រុងប៉េកាំង។​
 
នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនរូប អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងជាថ្មីថា បាឡុងចិន ដែលហោះចូលដែនអាកាសអាម៉េរិក ជាបាឡុងប្រើប្រាស់ក្រោមហេតុផលស៊ីវិលប៉ុណ្ណោះ និងបានកើតឡើងដោយអចេតនា។ ត្រង់ចំនុចនេះ លោក Wang បានជំរុញឱ្យភាគីក្រុងតូក្យូ ទទួលយកហេតុការណ៍កើតឡើងដោយគ្មានការរំពឹងទុក និងបញ្ឈប់ការពន្លើសលើស្ថានភាពបច្ចុប្បន្ន។ 
 
គួររំឮកថា តាមការបញ្ជាក់របស់ក្រសួងការពារជាតិ នៅក្នុងឆ្នាំ២០២៩ ជប៉ុនបានចាប់សញ្ញាបានវត្ថុហោះពណ៌ស នៅលើក្រុងភាគនិរតី Kagoshima, នៅក្នុងខែមិថុនា ឆ្នាំ២០២០ នៅលើក្រុងភាគឦសាន Miyagi និងក្នុងឆ្នាំ២០២១ នៅលើក្រុង Aomori៕
 

Tag:
 ជប៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com