កីឡាអន្តរជាតិ
អន្តរជាតិ
Europa League ៖ គ្រូ Man Utd ថាជំនួបទល់ Barcelona ប្រៀបដូចប្រកួតវគ្គផ្តាច់ព្រ័ត្រ
16, Feb 2023 , 4:59 pm        
រូបភាព
លោក Erik ten Hag អ្នកចាត់ការទូទៅ​ Manchester United ចាត់ទុកការប្រកួតវគ្គ ១៦ក្រុមពានរង្វាន់ Europa League ទល់ ​Barcelona ប្រៀបដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។


បិសាចក្រហមកំពុងរីករាយជាមួយភាពល្អប្រសើរនៃទម្រង់លេងឡើងវិញក្រោមការដឹកនាំរបស់លោក Ten Hag ដែលបានចូលមកដឹកនាំក្នុងរដូវកាល ២០២២-២៣ នេះ។ 
 
សម្រាប់ជំនួបរាត្រីនេះ Man United ធ្វើដំណើរទៅទឹកដីអេស្ប៉ាញសម្រាប់ជំនួបជើងទីមួយ ទល់ក្រុមម្ចាស់ផ្ទះ Barca ដែលជាក្រុមកំពុងឈរកំពូលតារាង La Liga។ បច្ចុប្បន្នបិសាចក្រហមឈរនៅចំណាត់ថ្នាក់លេខ ៣ មានគម្លាតពិន្ទុពីក្រុមកំពូលតារាង Man City ៦ពិន្ទុ។
 
Man Utd និង Barca សុទ្ធតែបានស្តារមុខមាត់ប្រសើរឡើងវិញដូចគ្នានៅរយៈពេលចុងក្រោយ។ នាសន្និសីទកាសែតមុនការប្រកួតមកដល់អ្នកចាត់ការសញ្ជាតិហូឡង់បាននិយាយថា ការប្រកួតទល់ ​Barca ប្រៀបដូចជាជំនួបវគ្គផ្តាច់ព្រ័ត្រ។ 
 
«ខ្ញុំគិតថា ​​Barcelona ហើយនឹងយើងដូចគ្នា អាចចាត់ទុកថាការប្រកួតនេះគឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ យើងសម្លឹងទៅមុខសម្រាប់ការប្រកួតនេះ វានឹងធ្វើឱ្យយើងអស់កម្លាំងច្រើនក្នុងការស្វែងរកទីបញ្ចប់ ហើយវានឹងក្លាយជាការប្រកួតដ៏អស្ចារ្យ។»។ លោក Ten Hag បាននិយាយបែបនេះទៅកាន់គេហទំព័រ UEFA ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ។ 
 
ក្រៅពីក្តីរំពឹងទទួលបានការប្រកួតមួយដ៏អស្ចារ្យលោក ​Ten Hag ក៏បានសរសើរដល់ការដឹកនាំរបស់ Xavi Hernandez នៅក្រុម Barcelona ថាទទួលបានភាពរីកចំរើនខ្លាំងនិងមានកីឡាករវ័យក្មេងមានសមត្ថភាពច្រើន។ 
 
សម្រាប់ជំនួបរាត្រីនេះបិសាចក្រហមនឹងអវត្តមានកីឡាករសំខាន់ៗដូចជា ខ្សែការពារ ​Lisandro Martinez និង Marcel Sabitzer ដោយជាប់បម្រាមសម្រាប់ជើងទីមួយ។ ខ្សែប្រយុទ្ធ Anthony Martial និង​ Scott Mctominay ក៏នឹងត្រូវអវត្តមានដោយសារតែរបួសអំឡុងពេលហ្វឹកហាត់៕
 

Tag:
 Europa League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com