ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃទី១៥ ខែកុម្ភៈ បានលើកឡើងថា WHO នឹងបន្តជំរុញការស្រាវជ្រាវរហូតទទួលបានចម្លើយពីប្រភពដើមនៃជំងឺកូវីដ-១៩។ ការលើកឡើងពី WHO នេះកើតឡើងបន្ទាប់ពីវេបសាយ Nature បានចេញផ្សាយអត្ថបទមួយថា WHO បានបោះបង់ការស៊ើបអង្កេតនេះហើយ។
ជំងឺកូវីដ-១៩ដែលបានផ្ទុះឡើងដំបូងចុងឆ្នាំ ២០១៩ នៅទីក្រុងវូហានប្រទេសចិន។ បច្ចុនប្បន្ននៅមិនទាន់រកឃើញប្រភពដើមនៃជំងឺឆ្លងសកលមួយនេះឡើយ ខណៈអ្នកស្រាវជ្រាវនិង អង្គការសុខភាពពិភពលោក (WHO) កំពុងបន្តស៊ើបអង្កេត។ ការរកឃើញពីប្រភពដើមនៃជំងឺនេះ មានសារៈសំខាន់ជាខ្លាំងសម្រាប់ទប់ស្កាត់ការរាតត្បាតនៃជំងឺរាតត្បាតនាពេលអនាគត។
ដោយមិនទាន់រកឃើញពីប្រភពដើម និងការស្ងៀមស្ងាត់របស់អង្គការWHO លើការស៊ើបអង្កេតនេះ វេបសាយ Nature បានចុះផ្សាយអត្ថបទមួយលើវេបសាយរបស់ខ្លួន នៅថ្ងៃទី១៤ ខែកុម្ភៈដែលបានបញ្ជាក់ថា ប្រឈមមុខនឹងការខ្វះខាតកិច្ចសហប្រតិបត្តិការពីចិន ដែលជាទីកន្លែងផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩ WHO បានសម្រេចបោះបង់ចោលការស៊ើបអង្កេតនេះ។
នៅមួយថ្ងៃបន្ទាប់ពីអត្ថបទត្រូវបានចុះផ្សាយ អង្គការសុខភាពពិភពលោក បានឆ្លើយតបថា ខ្លួននឹងបន្តការស៊ើបអង្កេតរហូតរកឃើញប្រភពដើមនៃជំងឺកូវីដ-១៩។
«យើងនឹងបន្តស៊ើបអង្កេតរហូតបានចម្លើយ។ ការដឹងពីរបៀបដែលជំងឺរាតត្បាតផ្ទុះឡើង គឺមានសារៈសំខាន់ខ្លាំងណាស់»។ អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកកាសែតបែបនេះ។
លើសពីនេះ លោកក៏បានបញ្ជាក់ថា WHO ថ្មីៗនេះបានផ្ញើលិខិតមួយទៅកាន់មន្ត្រីកំពូលរបស់ចិនពីការសុំកិច្ចសហប្រតិបត្តិការលើការស៊ើបអង្កេតនេះ ដោយWHO ត្រូវការកិច្ចសហប្រតិបត្តិការ និងតម្លាភាពនៃព័ត៌មានទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីដឹងពីប្រភពដើមនៃជំងឺ។
ទន្ទឹមនេះ លោកស្រី Maria Van Kerkhove អ្នកជំនាញរបស់ WHO ដែលដឹកនាំការឆ្លើយតបនឹងជំងឺកូវីដ-១៩ បាន ឆ្លើយតបលើអត្ថបទរបស់វេបសាយ Nature ថា WHO មិនបានបោះបង់ចោលការស៊ើបអង្កេតរកប្រភពដើមនៃជំងឺកូវីដ-១៩ទេ។ លើសពីនេះលោកស្រីក៏បានសង្កត់ធ្ងន់ថា ការចុះផ្សាយព័ត៌មានដែលមិនត្រឹមត្រូវគឺជារឿងគួរឱ្យព្រួយបារម្ភ។
WHO កាលពីដើមឆ្នាំ ២០២១ បានអនុវត្តដំណាក់កាលដំបូងនៃការស៊ើបអង្កេតដោយបញ្ជូនក្រុមអ្នកជំនាញអន្តរជាតិទៅកាន់ទីក្រុងវូហានប្រទេសចិន ដើម្បីសរសេររបាយការណ៍ដំណាក់កាលទី ១ នៃការស៊ើបអង្កេតនេះជាមួយភាគីចិន។ ប៉ុន្តែការស៊ើបអង្កេតនេះ កន្លងមកបានរងការរិះគន់ជាច្រើន ដោយអ្នករិះគន់អះអាងថាខ្វះតម្លាភាព។
កន្លងមក ប្រភពដើមនៃជំងឺនេះ ត្រូវបានគេជជែកថាអាចបណ្ដាលមកពី ២ ករណី ដែលទី ១ គឺការរីករាលដាលនៃវីរុសពីសត្វប្រចៀវទៅសត្វផ្សេងទៀតរហូតឆ្លងដល់មនុស្ស ខណៈករណីទី២ គឺការលេចធ្លាយសារធាតុគីមីពីមន្ទីរពិសោធន៍នៅចិន៕