ជាតិ
ការនិយាយអាក្រក់អំពីស្ត្រី សម្តេច ហ៊ុន សែន ថា ក្រុមអង្គការសង្គមស៊ីវិលប្រើស្តង់ដាពីរ
17, Feb 2023 , 10:38 am        
រូបភាព
លោក ផែង វណ្ណៈ នាជំនួប​ជាមួយ​ថ្នាក់ដឹកនាំក្រសួងព័ត៌មាន​កាលពីថ្ងៃទី១៦ ខែកុម្ភៈ
លោក ផែង វណ្ណៈ នាជំនួប​ជាមួយ​ថ្នាក់ដឹកនាំក្រសួងព័ត៌មាន​កាលពីថ្ងៃទី១៦ ខែកុម្ភៈ
សម្តេច ហ៊ុន សែន កាលពីយប់អាធ្រាតឈានចូលថ្ងៃទី១៧ ខែកុម្ភៈ បានបង្ហោះសារលើបណ្តាញតេឡេក្រាមផ្ទាល់ខ្លួន ដោយប្រតិកម្មទៅនឹងការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន៤០ ដើម្បីឱ្យមានចំណាត់ការលើអ្នកប្រើប្រាស់បណ្តាញសង្គមដ៏ល្បីល្បាញមួយរូប ដែលបានជេរប្រមាថស្ត្រីអ្នកយកព័ត៌មាន VOD។

 
«ខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអាធ្រាតទៅហើយតែខ្ញុំមិនទាន់សម្រាកទេ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ»។ សម្តេច ហ៊ុន សែន បានសរសេរបែបនេះ ពាក់ព័ន្ធនឹងករណីលោក ផែង វណ្ណៈ ដែលត្រូវបានអង្គការក្រៅរដ្ឋាភិបាលថ្កោលទោស ដោយការប្រើពាក្យពេចន៍មិនសមរម្យលើស្ត្រីអ្នកសារព័ត៌មានវិទ្យុ VOD។
 
សម្តេចបានបញ្ជាក់ថា សម្តេចមិនកាន់ជើងលោក ផែង វណ្ណៈ នោះឡើយ ប៉ុន្តែសម្តេចបានប្រៀបធៀបទៅនឹងការប្រមាថលើប្អូនថ្លៃរបស់សម្តេច ដែលបានទទួលមរណភាពកាលពីពេលថ្មីៗកន្លងមកនេះ។ «ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេ តែគេថែមទាំងប្រមាថភរិយាខ្ញុំក្រុមគ្រួសារខ្ញុំក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយជីដូនម្តាយមីងដែលលាចាកលោកទៅ  ដោយមិនបានលាសូម្បីមួយម៉ាត់»។
ពាក់ព័ន្ធករណីនេះ សម្តេច ហ៊ុន សែន បានចោទសួរពីភាពស្ងៀមស្ងាត់របស់ក្រុមអង្គការសង្គមស៊ីវិលទាំង៤០។ «សូមចាំទុក និងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត»។ សម្តេចបានរំលឹកយ៉ាងដូច្នេះ លើសំណេរនាវេលាម៉ោង១ និង៤៥នាទីយប់ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ។
 
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ក្រុមអង្គការសង្គមស៊ីវិលចំនួន៤០ បានរួមគ្នាសរសេរលិខិតទៅរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យចាត់វិធានការតឹងរឹង ចំពោះទង្វើរបស់លោក ផែង វណ្ណៈ ដែលបានប្រើប្រាស់មាតិកាមិនសមរម្យ ការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្រ្តីអ្នកសារព័ត៌មាន ដើម្បីអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី និងទប់ស្កាត់រាល់មាតិកាដែលបង្កប់នូវខ្លឹមសារប្រមាថមាក់ងាយ ដល់ស្រ្តី និងបុគ្គលគ្រប់អត្តសញ្ញាណយេនឌ័រ កុំឲ្យកើតឡើងបន្តទៀត។
 
ទោះមិនបានឆ្លើយតបចំៗ ប៉ុន្តែកាលពីថ្ងៃទី១៥ ខែកុម្ភៈ ក្រសួងកិច្ចការនារី បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសារសំដែងការសោកស្តាយ និងមិនគាំទ្រចំពោះរាល់សកម្មភាព និងទង្វើទាំងឡាយណា ដែលមានចរិតហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ។
 
ក្រសួងកិច្ចការនារី អំពាវនាវដល់បុគ្គលដែលមានវិវាទនឹងគ្នា ប្រកាន់យកនូវការដោះស្រាយដោយសន្តិវិធី។ ក្រសួងបង្ហាញការដឹងគុណ ចំពោះសាធារណជនដែលបានសំដែងការមិនពេញចិត្ត ចំពោះបាតុភាពអសកម្មទាំងឡាយ សំដៅលើកកម្ពស់សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ របស់ពលរដ្ឋខ្មែរ ព្រមទាំងរក្សាតម្លៃស្ត្រីខ្មែរ។
 
បន្ទាប់មក នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ក្រសួងព័ត៌មាន បានកោះហៅលោក ផែង វណ្ណៈ។ បើតាមសំណេររបស់ហ្វេសប៊ុករបស់លោក ប៉ែន បូណា ដែលជារដ្ឋលេខាធិការក្រសួងព័ត៌មាន ជំនួបនៅទីស្តីការក្រសួង គឺដើម្បីពិភាក្សាអំពីរឿងដែលប្រើប្រាស់បណ្តាញសង្គមរូបនេះ បញ្ចេញមតិលើហ្វេសប៊ុកខ្លួន។
 
ក្រោយជំនួប លោក ផែង វណ្ណៈ បានសរសេរលិខិតចំហរមួយ ដោយវាយបកទៅក្រុមអង្គការសង្គមស៊ីវិលទាំង៤០វិញ។ ទាក់ទងនឹងសំដីអសុរសរបស់ខ្លួន លោកថា បុគ្គលដែលរងការរិះគន់ អាចដាក់ពាក្យប្តឹងលោកទៅតុលាការ។ ទោះបីជាយ៉ាងណា លោកនៅតែការពារហេតុផលលើសំណេររបស់ខ្លួន ដោយអះអាងថា ជាការបញ្ចេញមតិរបស់បុគ្គល ដោយមិនបានប្រើប្រព័ន្ធផ្សព្វផ្សាយដែលខ្លួនចុះបញ្ជីនៅក្រសួងព័ត៌មាននោះឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com