ជាតិ
សេដ្ឋកិច្ច
ការសិក្សាគម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-សៀមរាប​ នឹងចប់នៅខែកញ្ញា
17, Feb 2023 , 2:20 pm        
រូបភាព
លោក ស៊ុន ចាន់ថុល ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ កាលពីថ្ងៃទី១៥កុម្ភៈ
លោក ស៊ុន ចាន់ថុល ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ កាលពីថ្ងៃទី១៥កុម្ភៈ
កិច្ចព្រមព្រៀង​ស្តីពី​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-សៀមរាប​ អាច​សម្រេចបាន​នៅ​ក្នុងខែកញ្ញា ឆ្នាំ២០២៣។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលកំពុងជំរុញក្រុមហ៊ុនឱ្យពន្លឿននៃការសិក្សាធ្វើផ្លូវល្បឿនលឿននៃខ្សែទីបីរបស់កម្ពុជានេះ។

 
«ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប​ គឺក្រុមហ៊ុនបានសន្យាថា នឹងធ្វើឱ្យហើយ និង​ឈានទៅ​ចុះហត្ថលេខា​លើFramework Agreement [​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ការងារ​] នៅក្នុង​ខែ​កញ្ញា ឆ្នាំ​ ២០២៣»។ លោក ស៊ុន ចាន់ថុល​ ថ្លែងបែបនេះ​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២២ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៣ របស់​ក្រសួង​សាធារណការ នា​ថ្ងៃទី​ ១៥ ខែកុម្ភៈ។​
 
លោកបានអះអាងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ គឺជាគម្រោងអទិភាពដែល​ក្រសួងសាធារណ​ការកំពុង​ខិតខំ​ជំរុញ​ឱ្យចេញជារូបរាង​។ 
 
កន្លងមកលោក ស៊ុន ចាន់ថុល បានលើកឡើងថា មានក្រុមហ៊ុនចំនួន៤ បានស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាធ្វើផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តសៀមរាប។ ដ្បិតការសិក្សានេះមិនទាន់សម្រេចជាផ្លែផ្កា ប៉ុន្តែលោករដ្ឋមន្ត្រីសាធារណការ រំពឹងខ្ពស់ថា អនាគត កម្ពុជា​នឹងមានផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប។ 
 
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល មានប្រសាសន៍យ៉ាងដូច្នេះ៖ «ខ្ញុំជឿជាក់ ថា ថ្ងៃមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញ ទៅ សៀមរាប ផងដែរ»។ 
 
សូមជម្រាបថា ផ្លូវល្បឿនលឿនខ្សែដំបូងដែលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃនេះ​ គឺ ភ្នំពេញ-ព្រះសីហនុ មានតម្លៃជាង២០០០លានដុល្លារអាម៉េរិក។ ផ្លូវល្បឿនលឿនក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនចិននេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ក្រោមទុនវិនិយោគជិត១ ៧០០លានដុល្លារ កម្ពុជាគ្រោងបើកការដ្ឋានសាងសង់នៅអំឡុងពាក់កណ្តាលឆ្នាំ២០២៣៕ 
 
 

Tag:
 ផ្លូវល្បឿនលឿន
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com