អន្តរជាតិ
ស្ថានទូតរុស្ស៊ីនៅភ្នំពេញ៖ រុស្ស៊ីបើកចំហដល់ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
17, Feb 2023 , 3:59 pm        
រូបភាព
ជំនួយការអនុព័ន្ធយោធាប្រចាំស្ថានទូតរុស្ស៊ីនៅទីក្រុងភ្នំពេញ លោក Sergei Shimulin (ឆ្វេង) និងអនុព័ន្ធស្ថានទូត Sofia Orboskaia (ស្ដាំ) នាសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែកុម្ភៈ។ រូបថតដោយ តន ចាន់រិទ្ធារ៉ា
ជំនួយការអនុព័ន្ធយោធាប្រចាំស្ថានទូតរុស្ស៊ីនៅទីក្រុងភ្នំពេញ លោក Sergei Shimulin (ឆ្វេង) និងអនុព័ន្ធស្ថានទូត Sofia Orboskaia (ស្ដាំ) នាសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែកុម្ភៈ។ រូបថតដោយ តន ចាន់រិទ្ធារ៉ា
រុស្ស៊ីបើកចំហជានិច្ចសម្រាប់កិច្ចប្រតិបត្តិការជាមួយកម្ពុជាលើវិស័យនានាដូចជាការដោះមីន កីឡានិងយុវជន ដ៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកយោធា។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងភ្នំពេញនាសន្និសីទសារព័ត៌មានថ្ងៃទី១៧ ខែកុម្ភៈ។

 
ស្ថានទូតរុស្ស៊ី នៅថ្ងៃទី១៧ ខែកុម្ភៈ បានរៀបចំសន្និសីទសារព័ត៌មានរបស់ខ្លួនដោយមានការចូលពីអ្នកកាសែតដោយផ្ទាល់ជាលើកដំបូង ក្រោយរៀបចំតាមអនឡាញជាច្រើនលើកដោយសារការរាលដាលជំងឺកូវីដ-១៩។ ក្រៅពីបកស្រាយ និងការពារអ្វីដែលកើតឡើងនៅអ៊ុយក្រែនដែលរុស្ស៊ីចាត់ទុកជាប្រតិបត្តិការពិសេស ទំនាក់ទំនងជាមួយកម្ពុជា ក៏ត្រូវបានមន្ត្រីសា្ថនទូតរុស្ស៊ីលើកឡើងដែរ ដោយរុស្ស៊ីត្រៀមធ្វើការជាមួយកម្ពុជាលើវិស័យនានា។

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានអំពីចំណងការទូតទ្វេភាគី លោក Rafael Iangareev មន្រ្តីផ្នែកព័ត៌មានស្ថានទូតរុស្ស៊ី និយាយថា កម្ពុជា និងរុស្ស៊ីចងភ្ជាប់គ្នាដោយកត្តាប្រវត្តិសាស្រ្ត ហើយលោកបានរំឭកដល់ការគាំទ្ររបស់សហភាពសូវៀតដល់រដ្ឋាភិបាលកម្ពុជាក្រោយការដួលរំលំរបបខ្មែរក្រហម។
 
លោក Rafael Iangareev ក៏លើកឡើងពីការផ្លាស់ប្ដូរទំនាក់ទំនងរវាងភាគីទាំងពីរនៅកម្រិតរដ្ឋាភិបាល និងបក្សនយោបាយនាពេលកន្លងមកមានទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេស ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅភ្នំពេញកាលពីឆ្នាំ២០២២ ការចូលរួមរបស់សម្ដេច ហ៊ុន សែន ប្រធានបក្សកាន់អំណាចកម្ពុជាក្នុងវេទិការៀបចំដោយបក្សរួបរួមរុស្ស៊ីដែលជាបក្សកាន់អំណាចនៅរុស្ស៊ី និងទស្សនកិច្ចរដ្ឋមន្ត្រីបរិស្ថាន លោក សាយ សំអាល់ នៅរុស្ស៊ីដែរ។
 
«រុស្ស៊ីបើកចំហដល់ការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។» នេះជាការបញ្ជាក់របស់មន្រ្តីដដែល។
 

លោក Rafael Iangareev (ឈរ) មន្រ្តីផ្នែកព័ត៌មានស្ថានទូតរុស្ស៊ីនាសន្និសីទសារព័ត៌មានថ្ងៃទី១៧ ខែកុម្ភៈ។ រូបថតដោយ តន ចាន់រិទ្ធារ៉ា
 
នាកម្មវិធីដដែល ស្ថានទូតរុស្ស៊ី ក៏បានលើកឡើងពីការចូលរួមតំណាងកម្ពុជាក្នុងការប្រកួតកីឡា Phygital លើកទី៣ នៅទីក្រុង Kazan ដែលធ្វើនៅថ្ងៃទី៥-១១ ខែកុម្ភៈ ហើយបានទស្សនាទីក្រុងនេះដែរ។​ ក្រុមកម្ពុជា ទទួលបានចំណាត់ទី៣។ មន្រ្តីស្ថានទូតរុស្ស៊ី Sofia Orboskaia បញ្ជាក់ថា រុស្ស៊ីក៏ត្រៀមជាស្រេចក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យកីឡា និងយុវជនជាមួយកម្ពុជា។
 
លើសពីនេះ មន្ត្រីស្ថានទូតរុស្ស៊ី ក៏បានប្រកាសពីការត្រៀមធ្វើការជាមួយកម្ពុជាលើការងារដោះមីន និងយោធា។ ជំនួយការអនុព័ន្ធយោធាស្ថានទូតរុស្ស៊ី លោក Sergei Shimulin ក៏និយាយដែរថា រុស្ស៊ីគោរពកម្ពុជាដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសណាក៏បានលើកិច្ចការដោះមីននេះ​ ហើយក្រសួងការបរទេសរុស្ស៊ីក៏បានពន្យល់ជំហររបស់ខ្លួនដល់កម្ពុជារួចហើយដែរ។ 
 
ក្នុងខែមកកន្លងទៅ កម្ពុជា​ ដោយមានកិច្ចសហប្រតិបត្តិការជាមួយជប៉ុន បានផ្ដល់ការបណ្ដុះបណ្ដាលដោះមីនដល់អ៊ុយក្រែនចំនួន១សប្ដាហ៍ក្រោមគោលការណ៍មនុស្សធម៌។ បើតាមលោក Shimulin រុស្ស៊ីក៏អាចបញ្ជូនកម្លាំងរបស់ខ្លួនមកកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការនេះដែរ បើមានសំណើពីភាគីកម្ពុជា ខណៈរុស្ស៊ីស្វាគមន៍ទទួលសំណើជានិច្ច។
 
ទាក់ទងទំនាក់ទំនងវិស័យយោធាវិញ ឆ្លើយតបនឹងសំណួរថា រុស្ស៊ីអាចធ្វើសមយុទ្ធជាមួយកម្ពុជាឬយ៉ាងណា មន្រ្តីអនុព័ន្ធយោធាដដែល និយាយថា រុស្ស៊ីជាប្រទេសលំដាប់ទី២លើពិភពលោកលើផ្នែកយោធានេះ ហើយមានបទពិសោធច្រើន។ លោក Shimulin បន្ថែមថា រុស្ស៊ីក៏អាចធ្វើការជាមួយប្រទេសណាដែលចង់រៀនសូត្រពីរុស្ស៊ីដែរ។
 
«ប្រសិនបើកម្ពុជាត្រូវការជំនួយណាមួយពីរុស្ស៊ី រុស្ស៊ីនឹងពិចារណានៅពេលទទួលបានសំណើផ្លូវការ។» មន្រ្តីយោធាខាងលើបញ្ជាក់បែបនេះ៕​
 
 

Tag:
 រុស្ស៊ី
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com