ជាតិ
សុខភាព
CADET គាំទ្រពីមជ្ឈមណ្ឌលកម្ពុជា៤.០ បង្កើតកម្មវិធីទូរសព្ទកំណត់ត្រាទឹកនោមផ្អែម សម្រាប់ពលរដ្ឋប្រើឥតគិតថ្លៃ
17, Feb 2023 , 4:29 pm        
រូបភាព
ភ្នំពេញ៖  សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និង ក្រពេញកម្ពុជា CADET គាំទ្រដោយ មជ្ឈមណ្ឌល៤.០ បានបង្កើតកម្មវិធីទូរសព្ទដៃ ដែលមានឈ្មោះថា កំណត់ត្រាទឹកនោមផ្អែម CarnetDia សម្រាប់ដាក់ឱ្យពលរដ្ឋ និងអ្នកជំងឺទឹកនោមផ្អែម ប្រើប្រាស់ដោយឥតគិតថ្លៃ។



កម្មវិធីទូរសព្ទដៃ «CarnetDia កំណត់ត្រាទឹកនោមផ្អែម» មានមុខងារជាច្រើនសម្បូរបែប ដែលអាចឱ្យអ្នកជំងឺ និងសាច់ញាតិ យល់ដឹង និងបង្ការជំងឺទឹកនោមផ្អែម ​ជាពិសេសលើកកម្ពស់ចំណេះដឹងផ្នែកជំងឺទឹកនោមផ្អែមបន្ថែមទៀត។
 
CADET គាំទ្រដោយ មជ្ឈមណ្ឌល៤.០ នឹងបន្តបេសកកម្មចម្បង ក្នុងការលើកកម្ពស់ការយល់ដឹងអំពីជំងឺទឹកនោមផ្អែម ដោយផលិតនូវវីដេអូ រូបភាព និង អត្ថបទអប់រំ អំពីជំងឺទឹកនោមផ្អែមថ្មីៗបន្ថែម ក៏ដូចជាបន្ដធ្វើបច្ចុប្បន្នភាពកម្មវិធីទូរសព្ទ (App) ដោយស្រាវជ្រាវ និងបង្កើតមុខងារសំខាន់ៗ ដើម្បីជាប្រយោជន៍ដល់អ្នកជំងឺទឹកនោមផ្អែម វេជ្ជបណ្ឌិត និងសាធារណជនទូទៅ។  
 
មជ្ឈមណ្ឌលកម្ពុជា ៤.០ ត្រូវបានបង្កើតឡើង ក្នុងបុព្វហេតុចូលរួមជាមួយរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយផ្តោតលើការបណ្តុះបណ្តាល និងតម្រង់ទិសផ្នែកជំនាញឌីជីថល និងធុរកិច្ចថ្មី។ ជាពិសេសការផ្សារភ្ជាប់បណ្តាញការងារ ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ការគាំទ្រសហគ្រិនភាពឌីជីថល និងបណ្តុះស្មារតីស្រលាញ់ការសិក្សា និងស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ទេពកោសល្យ គំនិតច្នៃប្រឌិត និងការបង្កើតថ្មី។
 
កម្មវិធីកំណត់ត្រាទឹកនោមផ្អែម ត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា និងក្រុមការងាររបស់លោក ហើយបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨កន្លងទៅ។ គោលបំណង និងបេសកកម្មចម្បងរបស់កម្មវិធីនេះ គឺចូលរួមក្នុងការលើកកម្ពស់ការយល់ដឹង អំពីជំងឺទឹកនោមផ្អែម ដល់អ្នកជំងឺទឹកនោមផ្អែម និងសាធារណជនទូទៅ។ មួយវិញទៀត ក៏ជាការធ្វើទំនើបកម្មថ្មីមួយ សម្រាប់ការអប់រំ ថែទាំ និងព្យាបាលជំងឺទឹកនោមផ្អែមបែបឌីជីថល ជាខេមរភាសាមុនដំបូងគេនៅកម្ពុជា។
 
សាធារណជនអាចទាញយក App កំណត់ត្រាទឹកនោមផ្អែមឈ្មោះថា«CarnetDai» ពី App Store តាមតំណនេះ​ https://apps.apple.com/kh/app/carnetdia/id1435695534
និងពី Play Store តាមរយៈតំណនេះ https://play.google.com/store/apps/details?id=kh.info.carnetdia ៕​ 
 
 
 
 

Tag:
 CADET
 មជ្ឈមណ្ឌលកម្ពុជា៤.០
 
© រក្សាសិទ្ធិដោយ thmeythmey.com