កីឡាជាតិ
ជាតិ
បាល់ទះ៖ ឌូក និង ម៉េងហួង សង្ឃឹមថា «អ្នកលេងចាប់បាល់បោក» កែតម្រូវឡើងវិញ
18, Feb 2023 , 8:29 am        
រូបភាព
កីឡាករ ជុក សោភា(ឆ្វេង) និងធី ម៉េងហួង(ស្តាំ)។
កីឡាករ ជុក សោភា(ឆ្វេង) និងធី ម៉េងហួង(ស្តាំ)។
ដោយ:
ក្រោយឃើញសកម្មភាពលេងបាល់ទះក្រៅផ្លូវការខុសបច្ចេកទេ សនៅតាមតារាងបាល់នានាច្រើនទៅៗ កីឡាករបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា ជុក សោភា (ឌូក) និងធី ម៉េងហួង សំណូមពរឱ្យងាកមកលេងតាមក្បួនត្រឹមត្រូវឡើងវិញ។ ឌុក និងម៉េងហូង ថា ការលេងបែបនេះនាំឱ្យខូចច្បាប់បាល់ទះ និងជាគំរូមិនល្អដល់កីឡាករយុវជនជំនាន់ក្រោយ។

 
ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មី ៗនៅទីលានហ្វឹកហាត់បាល់ទះឆ្នេរខ្សាច់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កីឡាករ ជុក សោភា ហៅឥន្ទ្រីយ៍ពិឃាដឌូក និង ម៉េងហួង បានលើកយកបញ្ហាមួយចំនួនដែលទាក់ទងនឹងការលេងបាល់ទះក្រៅផ្លូវការ ខុសក្បួនច្បាប់កីឡាមួយនេះ។
 
«ចំពោះខ្ញុំ សំណូមពរបងប្អូនដែលលេងបាល់ចាប់បោះ ឬក៏ចាប់បោកគ្រវីគ្រវាត់ជាដើម កែមកលេងបែបជាលក្ខណៈស្តង់ដារត្រឹមត្រូវឡើងវិញ ដែលនេះនឹងជួយឱ្យវិស័យកីឡាបាល់ទះកម្ពុជារីកចំរើនទៅមុខ»។ នេះជាការផ្តែផ្តាំរបស់ឥន្ទ្រីយ៍ពិឃាដឌូក ទៅកាន់អ្នកលេងបាល់ទះ ទាំងអ្នកអាជីព និងមិនអាជីពតាមតារាងឯកជនមួយចំនួន ដែលតែលេងខុសបច្ចេកទេស។ 
 
ចំណែក ធី ម៉េងហួង ក៏មិនខុសអ្វីពី ឌូកនោះទេ ដោយរូបគេសំណូមពរអ្នកលេងបាល់ខុសក្បួនងាកមកលេងត្រូវស្តង់ដារវិញ។ ខ្ញុំសំណូមពរឱ្យអ្នកលេងបាល់ចាប់បោះ ហើយលេងបាល់បោកឱ្យកែទម្លាប់មកលេងបែបស្តង់ដារវិញ»។ នេះជាការលើកឡើងរបស់កីឡាកររហស្សនាមនាគស្លាបហង្ស ដោយសង្ឃឹមថា ការលេងត្រូវស្តង់ដារនាំឱ្យវិស័យកីឡាបាល់ទះកម្ពុជា កើនធនធានសម្រាប់ថ្ងៃអនាគត។
 
ជាមួយគ្នានេះដែរ គ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា លោក ស៊ីម ឃ្លោក ក៏យល់ឃើញមិនខុសឆ្ងាយពី ឌូក និងធី ម៉េងហួង ឡើយ។ លោកថាអ្នកលេងខុសស្តង់ដារអាចជះឥទ្ធិពលមិនល្អដល់វិស័យបាលទះនៅកម្ពុជា និងប៉ះពាល់ដល់យុវជនជំនាន់ក្រោយ។
 
លោក ស៊ីម ឃ្លោក យល់ឃើញថា៖«ការលេងបាល់ទះក្រៅផ្លូវការ មានកីឡាករល្អៗលេងហើយមានការផ្សាយផ្ទាល់(Live) ធ្វើឱ្យមានផលប៉ះពាល់ដល់វិស័យបាល់ទះកម្ពុជាយើង ដូចជាក្មេងៗ និងយុវជនជំនាន់ក្រោយដែលគាត់តាមដាន ហើយគាត់យកគំរូតាមក្នុងការលេងខុសលក្ខន្តិកបច្ចេកទេស ទៅអនុវត្តន៍តាម ដែលធ្វើឱ្យបាល់ទះកម្ពុជាយើងខ្វះធនធាននៅថ្ងៃអនាគត»។
 
បន្ថែមពីលើនោះលោក ស៊ីម ឃ្លោក សំណូមពរអ្នកលេងបាល់ក្រៅផ្លូវការដែលលេងចាប់បាល់បោក ចាប់បោះ ងាកមកលេងត្រូវតាមបច្ចេកទេស និងស្តង់ដារតាមក្បួនខ្នាតវិញ ដើម្បីជាគំរូដល់យុវជនជំនាន់ក្រោយឱ្យគាត់យលដឹងពីការលេងតាមបែបបច្ចេកទេស និងត្រឹមត្រូវតាមលក្ខន្តិក។
 
ជុំវិញការលេងបាល់ទះខុសក្បួននេះដែរ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថានឹងមានវិធានការចំពោះម្ចាស់តារាងបាល់ទះដែលអនុញ្ញាតឱ្យកីឡាករលេងខុសច្បាប់លក្ខន្តិកកីឡាបាល់ទះ។ 
 
«នៅពេលដែលយើងមានច្បាប់ទាក់ទងនឹងវិស័យកីឡាបាល់ទះ យើងអាចយកវិធានមួយនោះអនុវត្តន៍ទៅលើបណ្តាអាជីវកម្មដ្ឋាន (ម្ចាស់តារាង)»។ លោក អាំង សិរីពិសិដ្ឋ និយាយដូច្នេះក្រោយឃើញវិស័យកីឡាបាល់ទះក្រៅផ្លូវការលេងខុសក្បួន និងលក្ខន្តិកស្តង់ដារនៃច្បាប់បាល់ទះ។
 
លោកអគ្គលេខាធិការរូបនេះ សង្ឃឹមថាកីឡាករដែលលេងក្រៅផ្លូវការនឹងយល់អំពីការលេងដោយមិនត្រូវតាមក្បួនដែលនាំឱ្យប៉ះពាល់ដល់យុវជនជំនាន់ក្រោយ ដែលជាថ្នាលសម្រាប់ជម្រើសជាតិនាពេលអនាគតផង ក៏ដូចជាក្មេងៗដែលចូលចិត្តលេងកីឡាករនេះផង៕
 

Tag:
 កីឡាបាល់ទះ
 ជុក សោភា
 ធី ម៉េងហួង
© រក្សាសិទ្ធិដោយ thmeythmey.com