អន្តរជាតិ
អង្គការសហប្រជាជាតិ អំពាវនាវរកប្រាក់៥,៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងឆ្នាំ២០២៣
18, Feb 2023 , 8:59 am        
រូបភាព
រូបឯកសារ៖ លោក Martin Griffiths ប្រធានជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ និយាយជាមួយទីភ្នាក់ងារសារព័ត៌មាន AFP នៅក្នុងបរិវេណអង្គការសហប្រជាជាតិ ក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ លោក Martin Griffiths ប្រធានជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ និយាយជាមួយទីភ្នាក់ងារសារព័ត៌មាន AFP នៅក្នុងបរិវេណអង្គការសហប្រជាជាតិ ក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
ដោយ: VOA
អង្គការសហប្រជាជាតិ បាននិយាយថា គេត្រូវការប្រាក់៥,៦ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែន និងមនុស្សរាប់លាននាក់ទៀត ដែលបានរត់គេចខ្លួនចេញពីប្រទេសដែលហែកហួរដោយសង្គ្រាម។

 
អស់រយៈពេលជិត១ឆ្នាំបន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូបានចាប់ផ្តើមការឈ្លានពានដ៏ពេញទំហឹងរបស់ខ្លួនលើអ៊ុយក្រែនមក អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា ពលរដ្ឋអ៊ុយក្រែនចំនួន២១,៨លាននាក់ឥឡូវនេះ កំពុងត្រូវការជំនួយមនុស្សធម៌។
 
ប្រធានជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិ លោក Martin Griffiths បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការបន្តសង្គ្រាមបណ្តាលឱ្យមនុស្សស្លាប់ បំផ្លិចបំផ្លាញ និងគ្មានទីកន្លែងរស់នៅជារៀងរាល់ថ្ងៃ ហើយស្ថិតក្នុងស្ថានភាពថមថយដ៏ខ្លាំង»។
 
លោកបាននិយាយទៀតថា៖«យើងត្រូវតែធ្វើអ្វីៗដែលយើងអាចដើម្បីទៅដល់សហគមន៍នានាដែលរងផលប៉ះពាល់ដ៏ខ្លាំងបំផុត រួមទាំងសហគមន៍នានាដែលនៅជិតសមរភូមិផង»។
 
ការត្រូវការជំនួយនោះមានភាពធំធេងណាស់ដែលអង្គការផ្តល់ជំនួយមិនអាចទៅដល់មនុស្សគ្រប់គ្នា ក៏ប៉ុន្តែ អង្គការសហប្រជាជាតិបាននិយាយថា ប្រាក់ចំនួន៥,៦ពាន់លានដែលបានស្នើឡើងនឹងអនុញ្ញាតឱ្យជំនួយនោះបានទៅដល់មនុស្ស១៥,៣លាននាក់ដែលកំពុងត្រូវការជំនួយនេះយ៉ាងខ្លាំងនៅឆ្នាំនេះ។
 
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ទៀតថា ប្រាក់ទាំងអស់ចំនួន១,៧ពាន់លានដុល្លារដែលគេត្រូវការសម្រាប់ជនភៀសខ្លួនអ៊ុយក្រែនជាង៤លាននាក់ដែលស្ថិតនៅទូទាំងតំបន់អឺរ៉ុបខាងកើត។
 
ជំនួយនោះភាគច្រើននឹងទៅប្រទេសប៉ូឡូញដែលកំពុងធ្វើជាម្ចាស់ផ្ទះទទួលជនភៀសខ្លួនអ៊ុយក្រែនជាង១,៥លាននាក់ ហើយនឹងប្រទេស Moldova ដែលជាប្រទេសឆ្លងកាត់ដ៏សំខាន់មួយសម្រាប់ពលរដ្ឋអ៊ុយក្រែនដែលធ្វើដំណើរចូលក្នុងតំបន់អឺរ៉ុប។
 
តាមអង្គការសហប្រជាជាតិបានប្រាប់ឱ្យដឹងថា មានស្ត្រីនិងកុមារប្រហែល៨៦ភាគរយនៃចំនួនជនភៀសខ្លួនទាំងអស់។
 
ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក អង្គការមនុស្សធម៌ក្នុងប្រទេសអ៊ុយក្រែនបានធ្វើការដើម្បីឱ្យបានទៅដល់មនុស្សនៅទូទាំងប្រទេស ដោយមានមនុស្សជិត១៦លាននាក់បានទទួលជំនួយនិងសេវាកម្មការពារនៅឆ្នាំ២០២២ រួមទាំងនៅក្នុងតំបន់នានានៅខាងក្រៅការត្រួតត្រារបស់រដ្ឋាភិបាលអ៊ុយក្រែនផង។
 
សេចក្តីអំពាវនាវបានបញ្ជាក់ថា នៅខាងក្នុងប្រទេសអ៊ុយក្រែន សង្គ្រាមបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅនិងបង្អាក់ដល់ស្ថិរភាពទីផ្សារ ជាពិសេសនៅក្នុងតំបន់ភាគខាងត្បូងនិងខាងកើតត្រូវការជំនួយយ៉ាងខ្លាំង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com