ជាតិ
អាជីវករមួយចំនួនថា ផ្លែគុយឆ្នាំនេះលក់មិនសូវដាច់ដូចឆ្នាំមុនៗ
18, Feb 2023 , 9:29 am        
រូបភាព
អាជីរកលក់ផ្លែគុយឆ្នាំនេះលក់មិនសូវដាច់ដូចឆ្នាំមុន
អាជីរកលក់ផ្លែគុយឆ្នាំនេះលក់មិនសូវដាច់ដូចឆ្នាំមុន
ដោយ:
ភ្នំពេញ៖ គុយជារុក្ខជាតិព្រៃ អាចផ្តល់ផលចន្លោះខែកុម្ភៈ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ នៅដើមរដូវនៅក្នុងទីក្រុងភ្នំពេញ ផ្លែឈើប្រភេទនេះអាចមានតម្លៃដល់ទៅ ៧ម៉ឺនរៀល ក្នុងមួយគីឡូក្រាម បន្ទាប់មកនឹងចុះថ្លៃបន្តិចម្ដង។ ឆ្នាំនេះមានអាជីវករលក់គុយនៅភ្នំពេញមួយចំនួន ត្អូញត្អែរថា លក់មិនសូវដាច់ ធ្វើឱ្យធ្លាក់បរិមាណការលក់ជាងរាល់ឆ្នាំ។


 
គុយជាផ្លែឈើព្រៃ មានសណ្ឋានជាវល្លិអាស្រ័យតាមដើមឈើទីទៃ។ រុក្ខជាតិប្រភេទនេះ ភាគច្រើនដុះ នៅតាមតំបន់មានព្រៃមានដើមឈើធំៗ និងតាមតំបន់ភ្នំជាដើម។ នៅក្នុងប្រទេសកម្ពុជា គុយច្រើនសម្បូរ នៅខេត្តកោះកុង សៀមរាប ស្ទឹងត្រែង-ល-។ បច្ចុប្បន្នផ្លែគុយ ត្រូវបានប្រជាពលរដ្ឋស្គាល់ និងនិយមបរិភោគច្រើនគួរសម ហើយត្រូវបានអាជីវករនាំយកមកលក់នៅក្នុងទីផ្សារទាំងនៅទីរួមខេត្ត និងក្នុងរាជធានីភ្នំពេញ។
 
អ្នកស្រី ជី គឹមហៀង ជាអាជីវករលក់គុយ នៅជិតវិទ្យាល័យបឹងត្របែក បានលើកឡើងថា ឆ្នាំនេះ ផ្លែគុយអាចលក់បានលឿនជាងឆ្នាំមុន ដោយគុយបានចូលមកដល់ទីផ្សារ ចាប់ពីខែមករាមក។ ជាមួយគ្នានេះ តម្លៃលក់ចេញអាចបាន៧ម៉ឺនរៀល ក្នុងមួយគីឡូក្រាម (តម្លៃក្នុងខែមករា)។ 

ផ្លែគុយ
 
«គុយដើមដៃបានថ្លៃ មួយគីឡូបាន៧ម៉ឺនរៀល។ បន្ទាប់មកធ្លាក់ចុះលក់ត្រឹម៦ម៉ឺន ៥ម៉ឺន មកដល់ខែពីរនេះ។ បើតាមខ្ញុំសួរគេ គេថាយកមកពីព្រៃខេត្តកោះកុង និងយកចេញពីព្រៃធម្មជាតិ»។ នេះជាការលើកឡើងរបស់អ្នកស្រី គឹមហៀង ដោយបន្ថែមថា អ្នកស្រីប្រកបរបរនេះ៥ឆ្នាំហើយ ប៉ុន្ដែទើបឆ្នាំនេះប៉ុណ្ណោះ ដែលគុយលក់បានតិចខ្លាំង ហើយអ្នកលក់ក៏មានមិនច្រើនដែរ។ 
 
អ្នកស្រីរៀបរាប់ដូច្នេះ៖ «ឆ្នាំមុនអ្នកលក់មានបីបួននាក់ដែរ នៅជិតៗទីតាំងដែលខ្ញុំលក់ ប៉ុន្ដែឆ្នាំនេះ គេឈប់លក់អស់ហើយ។ តាមមើលដោយសារលក់មិនសូវបាន ទើបស្ងាត់អ្នកលក់បែបនេះ»។ 
 
លោក គឹម ហេង ជាអ្នកលក់គុយនៅជិតរង្វង់មូល សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងក្រុងភ្នំពេញ បានប្រាប់សារព័ត៌មានThmeyThmey25ថា ឆ្នាំនេះតម្លៃគុយនៅរក្សាបានដូចដើម ប៉ុន្ដែអតិថិជនទិញដុំ មានចំនួនតិចជាងឆ្នាំមុនៗ។ លោកបានពន្យល់ថា ដោយសារបាត់អ្នកទិញដុំច្រើន ទើបធ្វើឱ្យការលក់របស់លោកធ្លាក់ចុះបន្តិច។ 

លោក គឹម ហេង ជាអ្នកលក់គុយនៅជិតរង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត
 
«ឆ្នាំនេះស្ងាត់ មានតែអ្នកទិញរាយហូបប៉ុណ្ណោះ។ ខ្ញុំធ្លាប់លក់បានច្រើន ប៉ុន្ដែពេលនេះមួយថ្ងៃបានត្រឹម១០០គីឡូក្រាម ជួនតិចជាងនេះផង។ តម្លៃដំបូងៗបាន៧ម៉ឺនដែរ ប៉ុន្ដែមកដល់ពេលនេះ សល់ត្រឹម៤ម៉ឺន។ តម្លៃអាចធ្លាក់ជាងនេះ នៅពេលគុយកាន់សម្បូរ»។ លោក គឹមហេងបញ្ជាក់។ 
 
បើតាម លោក គឹមហេង ប្រសិនបើលក់ចេញទាន់ពេល អាចចំណេញបានគួរសម ប៉ុន្ដែបើទុកយូរ ទម្រាំបានលក់ចេញអាចខូច និងតម្លៃទាបខ្លាំង ជាងធម្មតា។ ដូច្នេះហើយទើប អ្នកលក់ផ្លែឈើប្រភេទនេះត្រូវថ្នមដើម្បីធ្វើយ៉ាងណាអាចលក់បានតម្លៃខ្ពស់តាមលទ្ធភាព។
 
អាជីវករខាងលើបញ្ជាក់៖ « ផ្លែឈើព្រៃទាំងអស់មានតែគុយនេះហើយ អាចលក់បានតម្លៃថ្លៃជាងគេ ប៉ុន្ដែវាក៏ជាប្រភេទផ្លែឈើដែលងាយខូច ត្រូវការការថែទាំ ថ្នម និងប្រុងប្រយ័ត្នណាស់ ទើបអាចថែសម្រស់របស់វាបានល្អ។ ជាទូទៅថែអស់ហើយ បាននៅល្អបានចន្លោះ៣ ទៅ៤ថ្ងៃដែរ»៕  
 

ផ្លែគុយ អាជីវកលក់នៅជិតវិទ្យាល័យបឹងត្របែក។


ផ្លែគុយដែលលក់តាមផ្លូវក្នុងទីក្រុងភ្នំពេញ។

 

Tag:
 ផ្លែឈើគុយ
  អាជីវករ
© រក្សាសិទ្ធិដោយ thmeythmey.com