ជាតិ
សង្គមជាតិ
៣០ឆ្នាំ គន្ធបុប្ផា ជួយពិនិត្យនិងព្យាបាលកុមារបានជាង២២លានករណី
17, Feb 2023 , 5:30 pm        
រូបភាព
រូបពីហ្វេសប៊ុក៖ Dr. Beat Richner
រូបពីហ្វេសប៊ុក៖ Dr. Beat Richner
ក្នុងដំណើរការលើកទឹកដីកម្ពុជាអស់រយៈពេល៣០ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ-ព្យាបាលកុមារ «ជាង២២លានករណី» និងព្យាបាលកុមារដែលនៅសម្រាកក្នុងមន្ទីរពេទ្យ បានប្រមាណ «២,៥លាននាក់»។ នេះបើតាមតួលេខដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក Dr. Beat Richner កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

 
 
តួលេខខាងលើ បានឲ្យដឹងទៀតថា ស្រ្តីជាង៣៦ម៉ឺននាក់ បានទៅសម្រាកនិងឆ្លងទន្លេនៅមន្ទីរពេទ្យគន្ទបុប្ផាក្នុងរយៈពេល៣០ឆ្នាំនេះ។ ទំព័រហ្វេសប៊ុក Dr. Beat Richner សរសេរថា មន្ទីរពេទ្យគន្ធបុប្ផា បានចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាមរណភាពមាតានិងទារក។ 
 
ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈទំព័រហ្វេសប៊ុក Dr. Beat Richner បានអរគុណរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលស្វ៊ីស រួមទាំងសប្បុរសជន ដែលបានរួមចំណែកជាថវិកាដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ 
 
កន្លងមក រដ្ឋាភិបាលស្វ៊ីស ជួយគាំទ្រផ្នែកហិរញ្ញវត្ថុជាង៤លានដុល្លារក្នុង១ឆ្នាំ ដល់មន្ទីរពទ្យគន្ធបុប្ផា ក្នុងរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២៣។ នាកិច្ចពិគ្រោះយោបល់លើកទី៣ជាមួយភាគីកម្ពុជា នាដើមខែកុម្ភៈ ឆ្នាំ២០២៣នេះ រដ្ឋាភិបាលប្រទេសស៊្វីស ប្រកាសគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាបន្តទៀត។ កិច្ចពិគ្រោះយោបល់នេះ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក ហែនរីហ្ស ឆេលិនប៊ែល រដ្ឋលេខាធិការក្រសួងការបរទេសស៊្វីស៕ 

Tag:
 (មន្ទីរពេទ្យគន្ធបុប្ផា
  កុមារ)
© រក្សាសិទ្ធិដោយ thmeythmey.com