កីឡាជាតិ
ជាតិ
លីគខាប់៖ គ្រូព្រះខ័នរាជស្វាយរៀង ផ្ដល់ឱកាសឱ្យកីឡាករវ័យក្មេង យកបទពិសោធន៍ ឯគ្រូភ្នំពេញក្រោន ជំរុញឱ្យយកឈ្នះ
17, Feb 2023 , 7:00 pm        
រូបភាព
ព្រះខ័នរាជ ស្វាយរៀង ត្រូវប្រកួតជាមួយភ្នំពេញក្រោន នៅកីឡដ្ឋានស្តាតចាស់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦:០០ល្ងាច ក្នុងពូល B។ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង នឹងយកការប្រកួតលីគខាប់ Cambodian League Cup ពង្រឹងសមត្ថភាពកីឡាករ ដើម្បីត្រៀមសម្រាប់ Cambodian Premier League រដូវកាល ២០២៣-២៤។ ដោយឡែក លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន នឹងជំរុញឲ្យកូនក្រុមយកឈ្នះទៅវគ្គបន្ទាប់ឲ្យបាន។



លោក Conor Nestor បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា ព្រះខ័នរាជស្វាយរៀង មានកីឡាករក្មេងៗ ដែលត្រូវការបទពិសោធន៍ប្រកួតជាច្រើន ដូច្នេះខ្លួននឹងយកការប្រកួតក្នុងលីគខាប់ ឲ្យកីឡាករ បញ្ចេញសមត្ថភាព និងបន្សាំ មុនពេលលីគកំពូលកម្ពុជារដូវកាលនេះ ចាប់ផ្ដើម។
 
«យើង មានកីឡាករថ្មីៗ និងក្មេងៗ ជាច្រើន ហើយយើងអត់មានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំខ្លួនទេ។ ដូច្នេះ យើងនឹងយកការប្រកួតនេះ ដើម្បីពង្រឹងកីឡាករឲ្យពួកគេយល់កាន់តែច្បាស់។»។ គ្រូបង្វឹកព្រះខ័នរាជ ស្វាយរៀង បាននិយាយដូច្នេះ។
 
ដោយឡែក លោក Oleg Starynskyi គ្រូភ្នំពេញក្រោន បង្ហាញការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រកួត Cambodian League Cup នេះ ដោយចាត់ទុករាល់ការប្រកួតទាំងអស់ ជាប្រកួតសំខាន់បំផុត។ គ្រូបង្វឹករូបនេះ ជឿថា ក្រុមព្រះខ័នរាជ ស្វាយរៀង នឹងព្យាយាមសងសឹក យកឈ្នះភ្នំពេញក្រោន ព្រោះបានបរាជ័យក្នុងការដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា កាលពីរដូវកាល២០២២។ លោក Oleg Starynskyi បាននិយាយប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា៖«ព្រះខ័នរាជ ស្វាយរៀង ផ្លាស់ប្ដូរច្រើនអំឡុងពេលសម្រាក ក្រោយបញ្ចប់រដូវកាល។ កីឡាករ មានកម្លាំងចិត្តយ៉ាងខ្លាំង ក្នុងការប្រកួតសងសឹកចំពោះការចាញ់នារដូវកាលមុន។ ជ័យជម្នះ មានសារសំខាន់ណាស់សម្រាប់យើង សម្រាប់ការប្រកួតដើម្បីឡើងទៅកំពូលតារាងពូល B។»។
ក្នុងថ្ងៃជាមួយគ្នានោះ សូលទីឡូអង្គរ ត្រូវជួបជាមួយ អង្គរថាយហ្គឺរ នៅកីឡដ្ឋានហនុមាន វេលាម៉ោង ៣:៤៥រសៀល ខណៈពេល អាយ អេស អាយ ដង្កោសែនជ័យ ស្វាគមន៍ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន AIA KMH Sport Park៕

Tag:
 (បាល់ទាត់
  Cambodian League Cup)
© រក្សាសិទ្ធិដោយ thmeythmey.com