ជាតិ
ចេកអំបូងលឿងខេត្តកំពត ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិជាង ២ពាន់តោនក្នុងមួយខែ
17, Feb 2023 , 9:59 pm        
រូបភាព
ច្រវ៉ាក់ផលិតកម្មចេកអំបូងលឿង របស់ក្រុមហ៊ុន ឡងមេត ស្ថិតក្នុងស្រុកឈូក ខេត្តកំពត។ រូបភាព៖ ក្រសួងពាណិជ្ជកម្ម
ច្រវ៉ាក់ផលិតកម្មចេកអំបូងលឿង របស់ក្រុមហ៊ុន ឡងមេត ស្ថិតក្នុងស្រុកឈូក ខេត្តកំពត។ រូបភាព៖ ក្រសួងពាណិជ្ជកម្ម
ភ្នំពេញ៖ ចេកអំបូងលឿង ដែលជាដំណាំសក្ដានុពលរបស់ខេត្តកំពត ត្រូវបាននាំចេញជាង ២ពាន់តោន ក្នុងមួយខែ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន។

 
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពត» កាលពីថ្ងៃទី១៦ ខែកុម្ភៈ ថា បច្ចុប្បន្ន មានក្រុមហ៊ុនចំនួនពីរ កំពុងវិនិយោគលើដំណាំចេកអំបូងលឿង នៅខេត្តកំពត ដូចជា ក្រុមហ៊ុន វើលទ្រីសារ របស់ឧកញ៉ា ស្រ៊ុន ងួន និងក្រុមហ៊ុន ឡងមេត របស់ឧកញ៉ ហ៊ុន ឡាក់។ 
 
ក្នុងមួយខែ ខេត្តកំពត អាចនាំចេញចេកអំបូងលឿងបានចន្លោះពី ២ ៣០០ ទៅ២ ៤០០តោន ទៅកាន់ទីផ្សារអន្តរជាតិ និងបានផ្ដល់ការងារដល់ពលរដ្ឋជាង ២ពាន់នាក់។ ចេកអំបូងលឿងខេត្តកំពត មិនត្រឹមតែបានបំពេញតម្រូវការសន្តិសុខស្បៀងក្នុងស្រុក និងការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែ ដំណាំប្រភេទនេះ ក៏ជាផ្នែកមួយទាកទាញភ្ញៀវទេសចរមកកម្សាន្តខេត្តកំពត ផងដែរ។ 
 
ចេកអំបូងលឿង មានរសជាតិផ្អែម និងក្លិនឈ្ងុយ។ លោក ម៉ៅ ធនិន ជំរុញឱ្យមានការផ្សព្វផ្សាយបន្ថែម ដើម្បីស្រូបទាញទីផ្សារក្នុងស្រុក ជាពិសេស អ្នកទេសចរជាតិ។ នាពេលខាងមុខ លោកគាំទ្រឱ្យក្រុមហ៊ុនទាំងពីរនេះ ពង្រីកការដាំដុះបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ និងចំណូលជាតិ។ ដោយភូមិសាស្រ្ត និងអាកាសធាតុ អំណោយផល ខេត្តកំពត មានលទ្ធភាពដាំដុះចេកអំបូងលឿងប្រមាណ ១ ០៦៣ហិកតា ដោយហុចផលបាន ៤៣តោន ក្នុងមួយហិកតា។ 


លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពត» កាលពីថ្ងៃទី១៦កុម្ភៈ។  រូបភាព៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល 
 
លោក ម៉ៅ ធនិន ថ្លែងដូច្នេះថា៖« ឥឡូវ មិនមែនត្រឹមតែជាចម្ការចេកនោះទេ តែវាក៏ជាកន្លែងទេសចរណ៍ដែរ ព្រោះអី ភ្ញៀវចេញ-ចូលមិនដាច់ទេ ដោយពួកគេទៅមើលការដាំដុះចេក។ ចេកនេះ យើងបាននាំចេញទៅក្រៅប្រទេសផង និងលក់នៅនឹងកន្លែងផង។ ឥឡូវក្រុមហ៊ុន កំពុងជំរុញការដាំដុះ។ អ៊ីចឹង ខ្ញុំគាំទ្រចំពោះប្រភេទដំណាំនេះ»។ 
 
យោងតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ចេកអំបូងលឿង ត្រូវបានដាំដំបូងនៅឆ្នាំ ២០១៨ លើផ្ទៃដី ៤១១ហិកតា។ តែមកដល់ពេលនេះ បានកើនដល់ ១ ០៦៣ហិកតា។ ផ្ទៃដីប្រមូលផលមានចំនួន ៦៦២ហិកតា ដែលផ្ដល់ផលបាន ៤៣តោន ក្នុងមួយហិកតា។ ដោយឡែក ក្នុងមួយឆ្នាំ ខេត្តកំពត បាននាំចេញចេកអំបូងលឿង ទៅទីផ្សារបរទេសជាង ២០ម៉ឺនតោន។ 
 
គួរបញ្ជាក់ថា រយៈពេល ១០ខែ ឆ្នាំ ២០២២ កម្ពុជាបាននាំចេញ ផ្លែចេកស្រស់មានចំនួន ៣២៥ ៨៥៩ តោន ទៅអន្តរជាតិ ក្នុងនោះនាំចេញទៅ ចិនចំនួន ២៩៣ ០៦០តោន វៀតណាម ៣២ ៧៩៩ តោន និងប្រទេសជប៉ុនចំនួន ១០តោន៕ 

Tag:
 កសិកម្ម
  ដំណាំចេក
  ខេត្តកំពត
© រក្សាសិទ្ធិដោយ thmeythmey.com