សេដ្ឋកិច្ច
អន្តរជាតិ
កូរ៉េខាងត្បូងមានកំណើនសេដ្ឋកិច្ចយឺត ខណៈអតិផរណាឡើងខ្ពស់ ឯការនាំចេញធ្លាក់ចុះ
17, Feb 2023 , 9:29 pm        
រូបភាព
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MOEF) របស់កូរ៉េខាងត្បូងនៅថ្ងៃទី១៧ ខែកុម្ភៈ បានឱ្យដឹងថា សេដ្ឋកិច្ចប្រទេសបានធ្លាក់ចុះ នៅពេលប្រឈមមុខនឹងអតិផរណាខ្ពស់ និងការនាំចេញបន្តធ្លាក់ចុះ។ នេះជាលើកទីមួយហើយ ដែលក្រសួងបានវាយតម្លៃថា សេដ្ឋកិច្ចកូរ៉េបានធ្លាក់ចុះចាប់តាំងពីការងើបឡើងវិញបន្តិចម្តងៗពីផលវិបាកនៃការាលដាលជំងឺកូវីដ-១៩។

 
នៅក្នុងរបាយការណ៍វាយតម្លៃសេដ្ឋកិច្ចប្រចាំខែរបស់ MOEF ដែលមាននៅក្នុងសៀវភៅបៃតង ចាប់តាំងពីខែមិថុនា ឆ្នាំ២០២២មក អតិផរណារបស់កូរ៉េខាងត្បូងនៅតែស្ថិតក្នុងកម្រិតខ្ពស់ ហើយសន្ទុះនៃការងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុកក៏កំពុងធ្លាក់ចុះ។ ក្នុងនោះការនាំចេញបានបន្តធ្លាក់ចុះ ហើយស្ថានភាពធុរកិច្ចហាក់កាន់តែអាក្រក់ឡើងៗ នាំឱ្យសេដ្ឋកិច្ចធំបំផុតទីបួនរបស់អាស៊ីកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច។ 
 
ឱនភាពពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងកាលពីខែមករា បានកើនឡើងខ្ពស់បំផុតដោយមានចំនួន ១២,៦៩ពាន់លានដុល្លារ ដែលជាការខាតបង់លើកទី ១១ ជាប់ៗគ្នាដោយសារតែការកើនឡើងនៃថ្លៃថាមពល។ កូរ៉េខាងត្បូងជាប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពល។
 
លើសពីនេះ តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូងក៏បានកើនឡើង ៥,២ភាគរយក្នុងខែមករា បើធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន ខណៈការកើនឡើងនៃអតិផរណាមានអត្រា ៥ភាគរយ ឬខ្ពស់ជាងនេះសម្រាប់រយៈពេល ៩ខែជាប់ៗគ្នាមកនេះ។
 
ចំណែកធនាគារកណ្តាលកូរ៉េ (BoK) ចេញផ្សាយក្នុងខែមករាកន្លងទៅ សេដ្ឋកិច្ចនៃដែនដីគីមឈីមួយនេះ កាលពីឆ្នាំ២០២២ មានកំណើន២,៦ភាគរយ ដែលថយចុះពី ៤,១ភាគរយកាលពីឆ្នាំ២០២១។ នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកូរ៉េរំពឹងថានឹងកើនឡើងត្រឹមតែ ១,៦ភាគរយ ព្រោះត្រូវរងផលប៉ះពាល់នៃការរឹតបន្តឹងរូបិយវត្ថុពិភពលោក។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េ។ 
 
វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចកូរ៉េ (KERI) កាលពីថ្ងៃទី ៣ ខែកុម្ភៈ ក៏បានចេញផ្សាយរបាយការណ៍របស់ខ្លួនដោយបានកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចចំពោះកូរ៉េខាងត្បូងនៅឆ្នាំ២០២៣ មកត្រឹម១,៥ភាគរយ ដែលទាបជាងការព្យាករពីមុន០,៤ភាគរយ ដោយសារតែសន្ទុះនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅចុងឆ្នាំ ២០២២ ។
 
អ្នកជំនាញនៅ KERI  បានលើកឡើងថា ៖ «ប្រទេសកូរ៉េមិនមានម៉ាស៊ីនកំណើនសេដ្ឋកិច្ចក្នុងស្រុកដើម្បីយកឈ្នះលើវិបត្តិសេដ្ឋកិច្ចពិភពលោក ខណៈសេដ្ឋកិច្ចធំទី៤ នៅអាស៊ីមួយនេះ នឹងប្រឈមមុខនឹងវិបត្តិជាផ្លូវការនៅឆ្នាំ ២០២៣»។ 
 
ជាងនេះទៅទៀត ប្រសិនបើធនាគារកណ្តាលអាមេរិកបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ហើយបំណុលឯកជននៅតែមានកម្រិតខ្ពស់ ហើយបង្កឱ្យមានវិបត្តិទីផ្សារហិរញ្ញវត្ថុ នោះទំហំនៃការកាត់បន្ថយអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េអាចនឹងរងផលប៉ះពាល់កាន់តែធំជាងនេះ។ 
 
ចំណែកឯ សមត្ថភាពគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលកូរ៉េក៏ត្រូវបានកាត់បន្ថយផងដែរ ដោយសារតែការចំណាយហិរញ្ញវត្ថុច្រើនពេកដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ ។ ដូច្នេះការទម្លាក់ទស្សនវិស័យកំណើនសេដ្ឋកិច្ចគឺជាការជៀសមិនរួច៕
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com