ជាតិ
កម្មករកាត់ដេរ នឹងបាត់អត្ថប្រយោជន៍ ប.ស.ស បើរោងចក្រលែងដំណើរការ
17, Feb 2023 , 8:59 pm        
រូបភាព
កម្មករ កម្មការិនីរោង​ចក្រ​កំពុងតែ​ទិញ​ម្ហូបអាហារសម្រាប់បរិភោគនៅ​ពេល​ថ្ងៃ ក្រោយពីសម្រាកពីការងារ
កម្មករ កម្មការិនីរោង​ចក្រ​កំពុងតែ​ទិញ​ម្ហូបអាហារសម្រាប់បរិភោគនៅ​ពេល​ថ្ងៃ ក្រោយពីសម្រាកពីការងារ
ភ្នំពេញ៖ មេសហជីព និងខាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបញ្ជាក់ថា កម្មកររោងចក្រ អាចនឹងបាត់បង់អត្ថប្រយោជន៍ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បើរោងចក្របិទទ្វារ ។

 
ចូលដល់ដើមឆ្នាំ២០២៣នេះ ការបញ្ជាទិញផលិតផលសម្លៀកបំពាក់ គឺមានការធ្លាក់ចុះ។ ហេតុនេះ ធ្វើឲ្យរោងចក្រកាត់ដេរនៅកម្ពុជា មានការបិទទ្វារនិងព្យួរការងារជាបន្តបន្ទាប់។ ករណីនេះ មិនត្រឹមតែប៉ះពាល់ដល់ភាពគ្មានការងារធ្វើនោះទេ គឺប៉ះពាល់ដល់អត្ថប្រយោជន៍ជាច្រើនទៀតដែលកម្មករនឹងទទួល ពិសេស ប.ស.ស។ នេះជាការមើលឃើញរបស់សហជីព និងខាងសហមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ 
 
ចំពោះការព្យួរការងារ និងបិទរោងចក្រ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា CLC លោកពុំមានតួលេខច្បាស់លាស់ឡើយ។ តែយ៉ាងណា តាមការអង្កេតរបស់លោក ក្នុងចំណោមរោងចក្រចំនួន១០០ មានប្រមាណ១០រោងចក្របានស្នើសុំព្យួរការងារ និង៤រោងចក្របិទទ្វារ។ ដូច្នេះ លោក អាន់ ធន់ បញ្ជាក់ថា៖ «ពួកគេ (កម្មករ) នឹងបាត់បង់ឱកាសក្នុងការទទួលបបានអត្ថប្រយោជន៍ពី ប.ស.ស ហើយទទួលខុសត្រូវថ្លៃចំណាយដោយខ្លួនឯងវិញ»។ 
 
រីឯទិន្នន័យ ការបិទនិងព្យួររោងចក្រកាត់ដេរនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏ពុំទាន់មានតួលេខដែរ។ ប៉ុន្តែ អ្នកទាំងពីរ សុទ្ធទទួលស្គាល់ថា មានរោងចក្រព្យួរការងារនិងបិទច្រើន នារយៈពេលចុងក្រោយនេះ។ 
 
បើតាមគោលនយោបាយគាំពារសង្គម កម្មករទទួលបានអត្ថប្រយោជន៍យ៉ាងសម្បូរបែប អំឡុងពេលបំពេញការងារ រហូតដល់ចូលនិវត្តន៍ តាមរយៈចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម។ ការគាំពារនេះ រួមមានផ្នែកថែទាំសុខភាព ផ្នែកហានិភ័យឬគ្រោះថ្នាក់ការងារ និងសោធននិវត្តន៍។ 
 
ពាក់ព័ន្ធនឹងការប្រឈមនេះ លោក កាំង ម៉ូនីកា ក៏បានពន្យល់ដែរថា រោងចក្រដែលព្យូរការងារ មិនប៉ះពាល់ដល់អត្ថប្រយោជន៍ ប.ស.ស របស់ពួកគេឡើយ ដោយសារកម្មករនៅតែទទួលប្រាក់មួយផ្នែកពីនិយោជក។ ចំណែកប្រាក់បង់ទៅ ប.ស.ស នៅតែដំណើរការនៃអំឡុងពេលព្យួរការងារនេះ។ 
 
ប៉ុន្តែលោក សង្កត់ធ្ងន់បែបនេះ៖ «វាអាចនឹងបាត់បង់អត្ថប្រយោជន៍ ការងារប្រសិនរោងចក្រនោះបិទដំណើរការ។ តែបន្ទាបពីបិទភ្លាមៗ ក្នុងរយៈពេលពីរខែដំបូង កម្មករអាចប្រើប្រាស់ប័ណ្ណ ប.ស.ស ធម្មតា»។ 
 
សព្វថ្ងៃ ក្នុងចំណោមកម្មករជាង៨៣ម៉ឺននាក់ មានកម្មករជាង៧៨ម៉ឺននាក់ហើយ ដែលជាសហមាជិក(ប.ស.ស)។ កម្មកររោងចក្រនៅកម្ពុជាភាគច្រើន គឺជាស្ត្រី។ ដូច្នេះ នៅពេលពួកគេមានប័ណ្ណ ប.ស.ស មិនត្រឹមតែទទួលបានសេវាថែទាំនិងព្យាបាលដោយឥតគិតថ្លៃនោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភផងដែរ នៅអំឡុងពេលមានផ្ទៃពោះនិងការគាំពារមួយចំនួនទៀត បើកម្មករនោះ រងគ្រោះថ្នាក់ការងារធ្ងន់ធ្ងរ។ នេះបើតាមការលើកឡើងរបស់លោក អាត់ ធន់៕ 
 

Tag:
 កម្មករ
  ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com