ជាតិ
សេដ្ឋកិច្ច
ពន្ធដារប្រមូលចំណូលឱ្យជាតិ បាន​៣០០លានដុល្លារ ក្នុងខែមករា​
17, Feb 2023 , 8:00 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបភាព៖ GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបភាព៖ GDT
ដោយ:
ខែមករា កម្ពុជាទទួលបានចំំណូលពីការប្រមូលពន្ធដារ-អាករគ្រប់ប្រភេទចំនួន ១ ២១៧,៣៨ពាន់លានរៀល (ប្រមាណ៣០០លានដុល្លារ)។ចំណូលនេះគឺស្មើ៨,៤២ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុគ្រប់គ្រងប្រចាំឆ្នាំ២០២៣។

 
ក្នុងខែមករា ចំណូល​ពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនគួរឱ្យគត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមាន២០,៧៣ភាគរយ, អាករលើតម្លៃបន្ថែម៨,៥៧ភាគរយ និងពន្ធលើប្រាក់បៀវត្សមាន១៨,០៧ភាគរយ។ ការរក្សាបាននូវកំណើនវិជ្ជមានបែបនេះ​បានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារសម្រេចការប្រមូលពន្ធសរុបប្រចាំខែមករាបានដល់ ៣០០លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។
 
 
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារបានចាប់ផ្តើមឆ្នាំ២០២៣ ជាមួយនឹងលទ្ធផលល្អប្រសើរសម្រាប់ខែមករា ធៀបនឹងខែមករា ឆ្នាំ២០២២ ក៏ដូចជាផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ 
 
 
លោកបន្តរៀបរាប់នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៣ នៅថ្ងៃទី១៦កុម្ភៈ​ យ៉ាងដូច្នេះ៖ «សម្រាប់រដូវកាលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ យើងរំពឹងងថា ការប្រកាសពន្ធ និងការបង់ប្រាក់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ នឹងទទួលលទ្ធផលល្អប្រសើរ និងមិនមានការថមថយឡើយ តាមរយៈពន្ធដារប្រព័ន្ធ E-Filing និង ToI E-Filing»។ 
 
 
ជាមួយនេះគ្នា អគ្គនាយកពន្ធដារ បន្តអនុវត្តវិធានការ និងយុទ្ធសាស្រ្តបន្ថែមទៀត ដូចជា ការអនុវត្តវិធានការគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍ ក្នុងគោលបំណងបន្តកាត់បន្ថយផលប៉ះពាល់លើស្ថានភាពសង្គមសេដ្ឋកិច្ច និងបន្តជួយទ្រទ្រង់ ស្តារអាជីវកម្ម ធុរកិច្ចឱ្យបន្តងើបឡើងវិញ។
 
កាលឆ្នាំ២០២២ ពន្ធដារប្រមូលចំណូលចូលជាតិបាន ៣ ៤៥៥,១១លានដុល្លារ។ ចំណូលដែលពន្ធដារសម្រេចបាននេះ គឺលើសផែនការដល់ ២២,៥៤ភាគរយ នៃច្បាប់ប្រចាំឆ្នាំដែលកំណត់ដោយរដ្ឋាភិបាល៕ 

© រក្សាសិទ្ធិដោយ thmeythmey.com