កីឡាជាតិ
ជាតិ
ប្រធានក្លិប Next Step FC៖ ឆ្នាំនេះ មិនដូចឆ្នាំមុន យើងមានទាំងហិរញ្ញវត្ថុ និងប្តេជ្ញាចិត្តខ្ពស់
18, Feb 2023 , 11:59 am        
រូបភាព
ការប្រកួតណិចស្ដិបអេហ្វស៊ី និងកោះកុង អេហ្វស៊ី រូបពី Cambodian League 2
ការប្រកួតណិចស្ដិបអេហ្វស៊ី និងកោះកុង អេហ្វស៊ី រូបពី Cambodian League 2
លោក Charlie Pomroy ប្រធានក្លិប Next Step FC បានបញ្ជាក់ប្រាប់ថា ក្លិបបានត្រៀមខ្លួនប្រជែងពានលីគលំដាប់ទី២កម្ពុជា Cambodian League រដូវកាល ២០២៣-២៤ រួចរាល់ហើយ មុនការប្រកួតចាប់ផ្ដើមអំឡុងខែកក្កដា ឆ្នាំ២០២៣។ ប្រធានក្លិបរូបនេះ ជឿថា មិនមានអ្វី ដែលមិនអាចធ្វើបាននោះទេ ប្រសិនជាមានការត្រៀមខ្លួនល្អ និងការប្ដេជ្ញាចិត្តប្រឹងប្រែងឲ្យបានខ្ពស់។


 
លោក Charly Promroy បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ ដូច្នេះថា ការប្រកួតកន្លងទៅក្លិបណិចស្ដិប ទទួលបានបទពិសោធន៍ច្រើន ព្រោះជាការបង្ហាញខ្លួនលើកដំបូងក្នុងក្របខណ្ឌលីគ២ របស់កម្ពុជា។ ការប្រកួតរដូវកាល២០២២ ក្លិបមានទីតាំងនៅសៀមរាបនេះ ធ្វើមិនបានល្អទេ ដោយជាប់ត្រឹមលេខ ១១ ក្នុងចំណោមក្រុមទាំង១២។ 
 
បើទោះជាលទ្ធផលកន្លងទៅមិនល្អ ប៉ុន្ដែប្រធានក្លិបនេះ នៅតែមានការតាំងចិត្តខ្ពស់ និងជឿជាក់ថាអ្វីៗ នឹងអាចសម្រេចបានប្រសិនជាមានការតស៊ូ។ លោក Charlies Promroy បាននិយាយដូច្នេះថា៖«ជ័យជម្នះ។ ក្នុងមួយជីវិតខ្ញុំ មិនដែលគិតថារាល់ការប្រកួតប្រជែង យើងមិនអាចឈ្នះនោះទេ។ ហើយនេះ អាចកើតឡើង ប៉ុន្ដែអ្វីទាំងអស់ត្រូវតែត្រៀមខ្លួនឲ្យបានល្អជាមុន។»។
 
លោក Charlie Promroy ក៏បានបញ្ជាក់ពីបទពិសោធន៍ និងឧបសគ្គ ដែលក្លិបណិចស្ដិប បានជួបក្នុង Cambodian League 2 ឆ្នាំ២០២២ ផងដែរ។ បញ្ញាធំនោះ គឺការខ្វះខាតហិរញ្ញវត្ថុ ដែលធ្វើឲ្យរាំងស្ទះដល់ការហ្វឹកហាត់ និងការចេញទៅប្រកួតផ្លូវឆ្ងាយ។ 

លោក Charlie Promroy ប្រធានក្លិប Next Step FC ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
 
«យើង ជួបឧបសគ្គចំពោះការប្រកួតរដូវកាលមុន នៅក្នុងទីលានប្រកួត។ យើង ជួបបញ្ហាហិរញ្ញវត្ថុ ដើម្បីបានមូលដ្ឋាន និងរចនាសម្ព័ន្ធរបស់ក្លិបឲ្យទាន់ពេលវេលាប្រកួត ហើយយើងក៏អត់មានពេលគ្រប់គ្រាន់ក្នុងការរៀបចំខ្លួនផងដែរ។ យើង បានចំណាយពេលស្ទើរតែមួយរដូវកាលមុន ដើម្បីជម្នះឧបសគ្គទាំងនេះ។»។ ប្រធានក្លិបរូបនេះ បានប្រាប់ដូច្នេះ។
 
ចំពោះការត្រៀមខ្លួនសម្រាប់ការប្រកួតរដូវកាល ២០២៣-២០២៤ លោក Charlie Promroy សញ្ជាតិអង់គ្លេស បញ្ជាក់ថានឹងមិនអាចទៅរួចទេ ដែលក្លិប និងត្រូវជួបវិបត្តសេដ្ឋកិច្ចម្ដងទៀត។ ប្រធានក្លិបរូបនេះ ប្រាប់ថា៖«វា មិនអាចទៅរួចទេ ដែលក្លិប នឹងជួបបញ្ហាហិរញ្ញវត្ថុម្ដងទៀត។ គោលការណ៍របស់ CPL ក្រោមរចនាសម្ព័ន នៃអាជ្ញាប័ណ្ណរបស់ក្លិបឆ្នាំនេះ ក្លិបទាំងអស់ត្រូវ មានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង បើមិនដូច្នេះទេ ពួកគេ នឹងមិនអនុញ្ញាតឲ្យចូលរួមប្រកួតទេ។»។
 
ដោយឡែក អ្វី ដែលជាចំណុចវិជ្ជមាន និងភាពខ្លាំងរបស់ក្លិប ដែល លោក Charlie បានមើលឃើញនោះ គឺកីឡាកររបស់ក្លិប ដែលមានបទពិសោធន៍តិចតួចក្នុងទីលាន ប៉ុន្ដែអ្នកទាំងនោះ បានប្រឹងប្រែងប្រកួត អស់ពីសមត្ថភាព ហើយក៏បានបង្ហាញមហិច្ឆិតារបស់ពួកគេ ក្នុងការសាងស្នារដៃដើម្បីក្លិបផងដែរ។ 
 
លោក Charlie Promroy បានបន្ថែមបែបនេះថា៖«សម្រាប់កីឡាករ បានបង្ហាញទម្រង់លេង ដែលពួកគេព្យាយាមអស់ពីសមត្ថភាព ទៅតាមកាលៈទេសៈនៃការប្រកួត ដែលមានពេលខ្លះបានបង្កើតរឿងស្ទើរតែមិនគួរឲ្យជឿ។ ខ្ញុំ គិតថា នេះ គឺជាចំណុចខ្លាំងរបស់ក្រុមយើង។ ពួកគេ គ្រាន់បើដែរចំពោះកីឡាបាល់ទាត់ ដែលពួកគេនៅក្មេង មិនមានបទពិសោធន៍ ប៉ុន្ដែពួកគេចង់រៀន។ នេះ គឺជាអ្វីដែលយើង មាន។ យើងមានកីឡាករក្មេងៗ ចំនួន២៥នាក់ ដែលពួកគេទាំងអស់អាចប្រកួតក្នុងកាលៈទេសៈដ៏លំបាកបំផុត ហើយពួកគេភ្ញាក់រលឹកជារៀងរាល់ថ្ងៃ ដើម្បីលើកទឹកចិត្តខ្លួន ក្នុងការហ្វឹកហាត់ និងប្រកួត។ នេះ គឺជាភាពខ្លាំងរបស់ក្រុមយើង។»៕
 

Tag:
 បាល់ទាត់
  Next Step FC
© រក្សាសិទ្ធិដោយ thmeythmey.com