អន្តរជាតិ
អាមេរិកបារម្ភពីបំណុលដែលប៉ាគីស្ថាន និងប្រទេសផ្សេងៗជំពាក់ចិន
18, Feb 2023 , 1:59 pm        
រូបភាព
ទីប្រឹក្សាក្រសួងការបរទេសអាមេរិកលោក Derek Chollet។ រូបភាព Reuters
ទីប្រឹក្សាក្រសួងការបរទេសអាមេរិកលោក Derek Chollet។ រូបភាព Reuters
ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ទីប្រឹក្សាក្រសួងការបរទេសអាមេរិកលោក Derek Chollet នៅថ្ងៃទី១៦ ខែកុម្ភៈ បានលើកឡើងពីក្ដីបារម្ភរបស់អាមេរិកជុំវិញបំណុល ដែលប៉ាគីស្ថានជំពាក់ចិនខណៈប្រទេសមួយនេះកំពុងជួបវិបត្តិសេដ្ឋកិច្ច។

 
«ពួកយើងបានដឹងយ៉ាងច្បាស់អំពីកង្វល់របស់យើងមិនត្រឹមតែនៅទីនេះនៅក្នុងប៉ាគីស្ថាន ប៉ុណ្ណោះទេ ប៉ុន្តែកន្លែងផ្សេងទៀតនៅជុំវិញពិភពលោកអំពីបំណុលចិន ឬបំណុលដែល ជំពាក់ចិន»។ ទីប្រឹក្សាក្រសួងការបរទេសអាមេរិកលោក Chollet បានប្រាប់អ្នកសារព័ត៌មាន នៅស្ថានទូតអាមេរិកក្នុងក្រុងអ៊ីស្លាម៉ាបាបន្ទាប់ពីលោកបានជួបជាមួយមន្ត្រីប៉ាគីស្ថាន។
 
ធនាគារពាណិជ្ជចិននិងរដ្ឋាភិបាលចិនកាន់កាប់ប្រហែល៣០ភាគរយនៃបំណុលខាងក្រៅ សរុបរបស់ប៉ាគីស្ថានដែលមានប្រហែល១០០ពាន់លានដុល្លារ។ នេះបើយោងតាម របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិដែលបានចេញផ្សាយនៅក្នុងខែកញ្ញាឆ្នាំមុន។ បំណុលភាគច្រើននៅក្រោមច្រកសេដ្ឋកិច្ចចិន-ប៉ាគីស្ថានដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង។
 
លោក Cholett បាននិយាយថាទីក្រុងវ៉ាស៊ីនតោនកំពុងពិភាក្សាជាមួយទីក្រុងអ៊ីស្លាម៉ាបាដ អំពីគ្រោះថ្នាក់នៃទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំងប៉ុន្តែនឹងមិនស្នើសុំឱ្យប៉ាគីស្ថានជ្រើសរើសរវាងអាមេរិក និងចិននោះទេ។ លោក Chollet បញ្ជាក់ថា អាមេរិកបានធ្វើការ ជាមួយប៉ាគីស្ថានដើម្បីឆ្លងផុតពីវិបត្តិផ្សេងៗក្នុងពេលបច្ចុប្បន្ននេះ។
 
ក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) និងស្ថាប័នផ្តល់ប្រាក់កម្ចីពហុភាគីបានជំរុញ ជាយូរមកហើយសម្រាប់ការខិតខំយ៉ាងទូលំទូលាយក្នុងការផ្តល់ជំនួយសង្គ្រោះដល់ប្រទេសដែលជំពាក់បំណុលច្រើនមួយនេះក្នុងការជួយពួកគេឱ្យជៀសវាងការកាត់បន្ថយសេវាកម្ម សង្គមដែលអាចជំរុញឱ្យមានចលាចលក្នុងសង្គម។
 
គួរបញ្ជាក់ថា ប៉ាគីស្ថានដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីនតោនជាប្រវត្តិសាស្ត្រ កាន់តែមានភាពស្និទ្ធស្នាលជាមួយចិនដែលបានផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារនិងជាម្ចាស់បំណុលតែមួយដ៏ធំបំផុតរបស់ទីក្រុងអ៊ីស្លាម៉ាបាដ។ប៉ាគីស្ថានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ជាមួយនឹងអតិផរណាខ្ពស់រាប់ទសវត្សរ៍។ 
 
ទំនាក់ទំនងរវាងទីក្រុងអ៊ីស្លាម៉ាបាដនិងទីក្រុងវ៉ាស៊ីនតោនបានប្រែជាត្រជាក់ជុំវិញសង្រ្គាមនៅអាហ្វហ្កានីស្ថាន ប៉ុន្តែមានការរអាក់រអួលក្នុងប៉ុន្មានខែថ្មីៗនេះ ជាមួយនឹងការកើនឡើងនៃ ចំនួនទស្សនកិច្ចមន្ត្រីកម្រិតខ្ពស់៕

Tag:
 ចិន
  ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com