ជាតិ
៥ឆ្នាំ៖ ទេសចរជាង១១លាននាក់ បានដើរកម្សាន្តនៅខេត្តព្រះសីហនុ
18, Feb 2023 , 3:19 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ ខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញដោយតំបន់ទេសចរណ៍ និងតំបន់សេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរចំនួន ១១ ៥០៥ ៤០៦នាក់ ក្នុងនោះមានទេសចរជាតិ ៩ ៣៨៥ ២២៨នាក់ និងភ្ញៀវទេសចរអន្តរជាតិ ២ ១២០ ១៧៨នាក់ បានដើរកម្សាន្តនៅខេត្តព្រះសីហនុក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ដោយឡែក  តំបន់ទេសចរណ៍នៅខេត្តព្រះសីហនុតែងមានភ្ញៀវទៅកម្សាន្តច្រើនរៀងរាល់ចុងសប្តាហ៍ ជាពិសេសតំបន់ឆ្នេរ។


 
ខេត្តព្រះសីហនុមានសក្ដានុពលពីធម្មជាតិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ បានទាក់ទាញទេសចរជាច្រើនឱ្យទៅកម្សាន្តក្នុងខេត្តនេះ។ ទេសចរភាគច្រើនទៅកម្សាន្តនៅរមណីយដ្ឋាន  តំបន់ព្រៃកោងកាង, តំបន់ឆ្នេរខ្សាច់ កោះដ៏ស្រស់ស្អាតចំនួន៣២ ឧទ្យានជាតិ និងកន្លែងទស្សនាផ្កាថ្មជាដើម។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបពីរដ្ឋបាលខេត្តព្រះសីហនុ៕
 
ជាមួយគ្នានេះ រយៈពេល៥ឆ្នាំខេត្តព្រះសីហនុក៏ទទួលបានទេសចរតាមជើងហោះហើរចំនួន ១ ០៩២ ១៥៦នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ១ ០៨៤ ៦៧២នាក់ និងភ្ញៀវជាតិចំនួន ៧ ៤៤៣នាក់។ រីឯ ភ្ញៀវទេសចរតាមបណ្តាកោះមានចំនួន ៧៧៥ ៩៤០នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២៨៤ ៦៣៥នាក់ និងភ្ញៀវអន្តរជាតិចំនួន ៧១ ០៣៥0នាក់ផងដែរ។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានពីភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តភាគនិរតីមួយនេះកាលពីថ្ងៃទី១៥ ខែកុម្ភៈ។
 
តំបន់ទេសចរណ៍តាមឆ្នេរ និងកោះដែលមានអំណោយផលពីធម្មជាតិ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនទាំងនោះរួមមាន ឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ ឆ្នេរសុខា កោះរ៉ុង កោះរ៉ុងសន្លឹម កោះសង្សារ និងកោះពស់ជាដើម។ អភិបាលខេត្តព្រះសីហនុរូបនេះ បានបន្ថែមថា កោះមួយចំនួនទៀតក្នុងខេត្ត រដ្ឋបាលខេត្តព្រះសីហនុ កំពុងអភិវឌ្ឍន៍ តំបន់សក្តានុពលទាំងនោះ ទៅជាតំបន់ទេសចរណ៍ធម្មជាតិជាបន្តបន្ទាប់ផងដែរ។ 
 
សូមជម្រាបដែរថា ក្នុងឆ្នាំ២០២២ ខេត្តព្រះសីហនុ មូលដ្ឋានអាជីវកម្មទេសចរណ៍មានចំនួន ៣៩១កន្លែង កើនឡើង១១៦កន្លែង បើធៀបទៅនឹងឆ្នាំដូចគ្នានៃឆ្នាំ២០២១។ លើសពីនេះ មូលដ្ឋានអាជីវកម្មដែលទទួលបានប័ណ្ណមានចំនួន ៣៨២កន្លែងផងដែរ៕


រូបភាពពី រដ្ឋបាលខេត្តព្រះសីហនុ។


រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com