អន្តរជាតិ
លោកMarcos Jrថា ហ្វីលីពីន នឹងមិនបាត់បង់ដែនដីខ្លួនសូម្បីតែមួយដុំទៅបរទេសឡើយ
18, Feb 2023 , 3:59 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr។ រូបភាព AFP
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr។ រូបភាព AFP
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃទី១៨ ខែកុម្ភៈ បានអះអាងថា ហ្វីលីពីន នឹងមិនបាត់បង់ដែនដីរបស់ខ្លួន សូម្បីតែមួយដុំឡើយ។ ការអះអាងបែបនេះ ធ្វើឡើងស្របពេលក្រុងប៉េកាំង និងក្រុងម៉ានីល កំពុងមានជម្លោះជាមួយគ្នា នៅក្នុងសមុទ្រចិនខាងត្បូង។

 
នៅពេលថ្មីៗនេះ នាវាល្បាតចិន បានបាញ់ភ្លើងឡាស៊ែរដាក់នាវាល្បាតហ្វីលីពីន នៅក្នុងដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង។ ក្រសួងការបរទេសហ្វីលីពីន ក៏បានដាក់ការតវ៉ាជាមួយចិនជុំវិញបញ្ហានេះដែរ។ ប៉ុន្មានថ្ងៃបន្ទាប់ លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន បានប្តេជ្ញាការពារដែនដីរបស់ខ្លួន។ 
 
«ហ្វីលីពីននឹងមិនបាត់បង់ដែនដីរបស់ខ្លួនសូម្បីតែបន្តិចឡើយ»។ លោក Marcos Jr បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសុន្ទរកថាមួយក្នុងថ្ងៃទី១៨ ខែកុម្ភៈ ដោយបន្តថា យើងនឹងបន្តគោរពបូរណភាពដែនដី និងអធិបតេយ្យ ដោយផ្អែកទៅនឹងរដ្ឋធម្មនុញ្ញហ្វីលីពីន និងច្បាប់អន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
បើតាមប្រធានាធិបតីរូបនេះ រដ្ឋាភិបាលក្រុងម៉ានីល នឹងធ្វើការជាមួយប្រទេសជិតខាង ដើម្បីការពារសុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនខ្លួន។ ទន្ទឹមនេះ មេដឹកនាំហ្វីលីពីន ក៏បានយល់ឃើញផងដែរពីភាពតានតឹងភូមិសាស្រ្តនយោបាយនៅក្នុងតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកាន់ខ្ជាប់សន្តិភាព និងគំរាមកំហែងសន្តិសុខ និងស្ថិរភាពប្រទេស តំបន់ និងពិភពលោក។ 
 
គួររំឭកថា នៅក្នុងឆ្នាំ២០២២ប៉ុណ្ណោះ រដ្ឋាភិបាលក្រុងម៉ានីល បានដាក់ការតវ៉ាជាមួយក្រុងប៉េកាំងរហូតដល់ទៅជិត ២០០លើក ពាក់ព័ន្ធនឹងសកម្មភាពចិន នៅក្នុងសមុទ្រចិនខាងត្បូង៕
 

Tag:
 ហ្វីលីពីន
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com