ជាតិ
WCS បំបែកអណ្តើកហ្លួងទៅចិញ្ចឹមនៅកន្លែងផ្សេងគ្នា ដើម្បីឱ្យការការពារ និងអភិរក្សមានភាពចម្រុះ
18, Feb 2023 , 5:19 pm        
រូបភាព
អណ្ដើកហ្លួង១៥ក្បាលត្រូវបានអង្គការWCS ប្រគល់ឱ្យវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មខេត្តកណ្ដល
អណ្ដើកហ្លួង១៥ក្បាលត្រូវបានអង្គការWCS ប្រគល់ឱ្យវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មខេត្តកណ្ដល
ដោយ:
ភ្នំពេញ៖ អណ្តើកហ្លួងចំនួន ១៥ក្បាល របស់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ត្រូវបានអង្គការ WCS ប្រគល់ជូនវិទ្យាស្ថានជាតិស្រាវជ្រាវនិងអភិវឌ្ឍវារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន ដែលមានទីតាំងស្ថិតនៅក្នុងឃុំរកា ខេត្តកណ្តាល កាលពីថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០២៣។ ដើម្បីធានាថា អណ្តើកទាំងនោះ រស់នៅមានសុខភាពល្អ អង្គការ WCS នឹងផ្តល់ការគាំទ្របច្ចេកទេសតាមភាពចាំបាច់ ដល់វិទ្យាស្ថានផងដែរ។ បើតាម អង្គការ WCS ក្នុងចំណោមអណ្តើកទាំងនោះ មានញីចំនួន១ក្បាល ឈ្មោលចំនួន១ក្បាល និង១៣ក្បាលទៀត មានវ័យស្ទើរជំទង់ ដូច្នេះមិនទាន់អាចកំណត់ភេទនៅឡើយ។



ការប្រគល់អណ្ដើកទៅវិទ្យាស្ថាននេះ គឺដើម្បីឱ្យនិស្សិតបានសិក្សាស្រាវជ្រាវ ពីជីវសាស្រ្ត និងការបង្កាត់ពូជរបស់អណ្តើកហ្លួង និងជាការបំបែកអណ្តើកហ្លួងទៅចិញ្ចឹមនៅកន្លែងផ្សេងគ្នា ដែលជាយុទ្ធសាស្ត្រមួយក្នុងការការពារ និងអភិរក្សប្រភេទជិតផុតពូជបំផុតនេះ។ អង្គការ WCS បញ្ជាក់ដូច្នេះ ហើយបានបន្ថែមថា តាមរយៈសកម្មភាពនេះ វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្ម អាចក្លាយជាទីកន្លែងចិញ្ចឹម និងបង្កាត់ពូជអណ្តើកហ្លួង បន្ទាប់ពីមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ។


សកម្មភាពពិនិត្យអណ្ដើកហ្លួង។ រូបភាព៖ អង្គការ WCS

លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្ដើកខេត្តកោះកុង បានឱ្យដឹងថាមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង កំពុងថែទាំនិងបង្កាត់ពូជអណ្ដើកហ្លួង ដើម្បីបង្កើនចំនួនអណ្ដើកប្រភេទនេះនៅក្នុងធម្មជាតិ។ កន្លងមក ក្រុមការពារសម្បុកសហគមន៍ បានប្រមូលពង និងកូនអណ្ដើក ពីឆ្នេរខ្សាច់តាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង ក្រោយញាស់ចេញពីសម្បុកភ្លាម។ មជ្ឈមណ្ឌល នឹងចិញ្ចឹមថែទាំអណ្ដើកហ្លួងទាំងនេះ រហូតដល់ធំពេញវ័យទើបយកទៅលែង ក្នុងទីជម្រកធម្មជាតិរបស់វាវិញ។

សូមបញ្ជាក់ថា អណ្តើកហ្លួង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឱ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រឹត្យឆ្នាំ ២០០៥៕


អណ្ដើកហ្លួងបានលែងចូលក្នុងអាង។ ត្រូវរូបភាព៖ អង្គការ WCS

 

Tag:
 អណ្តើកហ្លួង
  អង្គការWCS
  វិទ្យាស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com