អន្តរជាតិ
រដ្ឋមន្រ្តីការពារសិង្ហបុរីព្រមានពីវិបាកនៃសង្រ្គាមផ្ទុះឡើងនៅតំបន់អាស៊ី
18, Feb 2023 , 7:59 pm        
រូបភាព
លោក Ng Eng Hen ​រដ្ឋមន្រ្តីការពារជាតិសិង្ហបុរី។ រូបភាព AFP
លោក Ng Eng Hen ​រដ្ឋមន្រ្តីការពារជាតិសិង្ហបុរី។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិសិង្ហបុរី លោក Ng Eng Hen នៅថ្ងៃទី១៧ ខែកុម្ភៈ បានព្រមានថា សង្រ្គាមផ្ទុះឡើងនៅក្នុងតំបន់អាស៊ី នឹងមិនត្រឹមតែបំផ្លាញត្រឹមទ្វីបមួយនេះទេ ប៉ុន្តែថែមទាំងពិភពលោកទាំងមូល។

 
ថ្លែងនៅក្នុងវេទិកាតុមូលលើសន្តិសុខដែនសមុទ្រ នៅសន្និសីទសន្តិសុខក្រុងម៉ូនិកលើកទី៥៩ ក្នុងថ្ងៃទី១៧ ខែកុម្ភៈ ប្រមុខការពារជាតិសិង្ហបុរី លោក Ng Eng Hen បានបញ្ជាក់ពីការកើនឡើងនៃមហាអំណាចចាប់ផ្តើមពង្រឹងវត្តមានយោធានៅក្នុងតំបន់អាស៊ី។ 
 
សកម្មភាពយោធាទាំងនោះ មានដូចជាការបង្កើតដៃគូសន្ទនាសន្តិសុខចតុភាគី (QUAD) និងការទទួលបានសិទ្ធិប្រើប្រាស់មូលដ្ឋានយោធាច្រើនជាងមុនពីសំណាក់អាម៉េរិកនៅហ្វីលីពីន រួមទាំងការបង្កើនសកម្មភាពយោធារបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូងផង។ 
 
«យើងមិនស្ថិតក្នុងកន្លែងមានសុវត្ថិភាពឡើយ»។ លោក Ng Eng Hen បានយល់បែបនេះ ដោយបន្តថា ស្ថានការណ៍កាន់តែតានតឹង ហើយពិភពលោកត្រូវតែរួមគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹង។ បើតាមប្រមុខការពារជាតិសិង្ហបុរី រឿងរ៉ាវតិចតួចអាចបង្កឱ្យមានជម្លោះ ដូចករណីសង្រ្គាមលោកលើកទីមួយកើតឡើង។ 
 
បន្ថែមពីនេះ ប្រមុខការពារជាតិសិង្ហបុរីអះអាងថា បញ្ហាកោះតៃវ៉ាន់ ក៏សំខាន់ផងដែរ ហើយចិន អាចនឹងប្រើប្រាស់កម្លាំងទ័ព ក្នុងករណីតៃវ៉ាន់ប្រកាសឯករាជ្យ៕
 

Tag:
 សិង្ហបុរី
  អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com