ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ដោយសារស្រលាញ់វប្បធម៌ខ្មែរ បារាំង២រូប ចូលរួមលើកស្ទួយគុនល្បុក្កតោ និងខ្លែង
18, Feb 2023 , 9:19 pm        
រូបភាព
នាយ យ៉ាន និង លោក ចាន់ ឬទ្ធីស័ក្ដិ។
នាយ យ៉ាន និង លោក ចាន់ ឬទ្ធីស័ក្ដិ។
ភ្នំពេញ៖ លោក Derek Bidaut និងនាយ យ៉ាន ជាបុរសជនជាតិបារាំង២រូប ដែលបានមករស់នៅកម្ពុជា លើស១ទស្សវត្សរ៍ហើយ។ បុរសទាំងពីរនេះ បានចូលរួមលើកស្ទួយមរតកជាតិ ក្នុងនោះមាន គុនខ្មែរ, គុណល្បុក្កតោ, ខ្លែងខ្មែរ និងសិល្បៈ(កំប្លែង)។ មិនកើតនៅស្រុកខ្មែរ ប៉ុន្តែបុរសទាំង២នេះ មានបំណងរស់នៅកម្ពុជា លុះដង្ហើមចុងក្រោយ។

 
តទៅនេះសូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចតទៅ៖ 
 
 
លោក Derek Bidaut ឬមានឈ្មោះជាខ្មែរថា លោក ចាន់ ឬទ្ធីស័ក្ដិ បានមករស់នៅកម្ពុជាប្រមាណ១៣ឆ្នាំមកហើយ ដើម្បីរៀនគុណល្បុក្កតោ និងគុនខ្មែរ បន្ទាប់ពីហ្វឹកហាត់គុនហ្វូ របស់ចិន នៅឯប្រទេសកំណើតខ្លួន។ បុរសរូបនេះ ក៏ធ្លាប់ឡើងប្រដាល់សេរីផងដែរ។ បច្ចុប្បន្នជនជាតិបារាំង ដែលមានសញ្ជាតិខ្មែររូបនេះ ជាគ្រូបង្វឹក និងជាមន្ត្រីអាជ្ញាកណ្ដាល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នេះ។ 
 
នាយ យ៉ាន មានដើមកំណើតនៅប្រទេសបារាំង។ បុរសរូបនេះ បានមករស់នៅកម្ពុជាតាំងពីឆ្នាំ២០០៣មកម្លេះ។ បុរសជនជាតិបារាំង និយាយខេមរភាសារូបនេះ ធ្លាប់ជាអតីតពិធីករប៉ុស្ដិ៍វិទ្យុ, តារាកំប្លែងលើកញ្ចក់ទូរទស្សន៍ និងការងារបច្ចុប្បន្នជាអ្នកសារព័ត៌មាន។ ថ្មីៗនេះ បុរសរូបនេះបានចូលរួមអភិរក្សខ្លែងខ្មែរ តាមរយៈការបង្កើតអាជីវកម្មលក់ខ្លែងផងដែរ។ 
 
វាមិនមែនជារឿងចម្លែកឡើយ ដែលការរស់នៅក្រៅពីមាតុភូមិខ្លួន ជួបផលលំបាកនោះ។ ផលលំបាកទាំងនោះដូចជា ការប្រាស្រ័យទាក់ទងគ្នា ម្ហូបអាហារ វប្បធម៌ និងទំនៀមទម្លាប់ជាដើម។ សម្រាប់បុរសបារាំងរូបនេះ ក៏មិនជាស្រួលប៉ុន្មានដែរ ដែលធ្លាប់តែនិយាយ «Bonjour» តែត្រូវជំនួសដោយការលើកដៃសំពះ និងនិយាយ«ជម្រាបសួរ»ឬ«សួស្ដី» ព្រមទាំងត្រូវប្រើប្រាស់ភាសាខ្មែរជាអាទិភាពវិញនោះ។ 
 
ឆ្លងកាត់ពេលវេលាច្រើនឆ្នាំ មានមនុស្សជុំវិញខ្លួននិយាយតែភាសាខ្មែរ និងឱហាតរៀនភាសាខ្មែរ បានធ្វើឱ្យបុរសទាំងពីរនេះ អាចនិយាយភាសាខ្មែរបានល្អ បើទោះជាសំនៀងមិនដូចខ្មែរមួយរយភាគរយក៏ដោយ។ ប៉ុន្តែមួយក្នុងចំណោមពួកគេ មានសមត្ថភាពអាចសរសេរជាខេមរភាសាបានល្អផងដែរ នោះគឺ នាយ យ៉ាន ដោយសារលោក ជាអ្នកសារព័ត៌មានជាខេមរភាសា។ 
រស់នៅកម្ពុជាម្នាក់ៗមិនក្រោម១០ឆ្នាំឡើយ បុរសបារាំងទាំងពីរនេះ សង្កេតឃើញថា ប្រជាជនកម្ពុជា ជាប្រជាជនដែលរស់រាយរាក់ទាក់ ចេះជួយយកអាសាគ្នាទៅវិញទៅមក និងមិនរើសអើងពូជសាសន៍ ដែលធ្វើបុរសទាំងពីរនេះ កក់ក្ដៅ ហើយកាន់តែស្រឡាញ់ និងចង់រស់នៅកម្ពុជា។ 
 
ជាជនជាតិបារាំងតែសម្បកខ្លួន និងសញ្ជាតិប៉ុណ្ណោះ ប៉ុន្តែបុរសទាំង២នាក់នេះ មានបេះដូង មានវិញ្ញាណជាខ្មែរ។ ដូច្នេះហើយ បានជាពេលខ្លះទៀតពួកគេទទួលបានពាក្យមួយចំនួនពីជនជាតិខ្មែរគឺ «ជនជាតិខ្មែរប៉ុន្តែកើតនៅស្រុកបារាំង»។ ទោះមិនបានកើតនៅលើទឹកដីខ្មែរ ប៉ុន្តែបុរសបារាំងទាំង២នេះ នឹងរស់នៅកម្ពុជារហូតដល់ដង្ហើមចុងក្រោយរបស់ពួកគេ៕
 

Tag:
 ចាន់ ឬទ្ធីស័ក្ដិ
  នាយ យ៉ាន
  ល្បុក្កតោ
  ខ្លែង
© រក្សាសិទ្ធិដោយ thmeythmey.com