អន្តរជាតិ
អនុប្រធានាធិបតីអាមេរិកបញ្ជាក់ជំហរជិតស្និទ្ធជាមួយបារាំង និងអាល្លឺម៉ង់ក្នុងការប្រឈមជាមួយចិន លោកស្រីកាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក។ រូបភាព AP
× សេតវិមាន នៅថ្ងៃទី១៨ ខែកុម្ភៈ បានបញ្ជាក់ថា អនុប្រធានាធិបតីអាមេរិក លោកស្រីកាម៉ាឡា ហារីស បានពិភាក្សាអំពីបញ្ហាប្រឈមដែលបង្កឡើងដោយចិនជាមួយប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្ហូល ហើយបាន យល់ព្រមរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមេដឹកនាំទាំងពីរនៅទីក្រុង Munich ផងដែរ។
សេចក្ដីថ្លែងការណ៍មួយរបស់សេតវិមានលើកឡើងថា លោកស្រីហារីសបានពិភាក្សាអំពីបញ្ហាប្រឈមដែលបង្កឡើងដោយចិន ជាមួយភាគីបារាំង និងអាល្លឺម៉ង់ រួមទាំងសារសំខាន់នៃការរក្សាសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់។
កិច្ចប្រជុំរបស់អនុប្រធានាធិបតីអាមេរិកជាមួយមេដឹកនាំអឺរ៉ុបដែលធ្វើឡើងទន្ទឹមនឹងសន្និសិទសន្តិសុខទីក្រុងMunichបានកើតឡើងចំពេលមានភាពតានតឹងរវាងចិន និងអាមេរិកជុំវិញ ការបាញ់ទម្លាក់បាឡុងចិន។
ទន្ទឹមនេះ លោកស្រីហារីសបានការពារការចំណាត់ការអាមេរិកចំពោះឧប្បត្តិហេតុបាឡុង និងការបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណចំនួនបីផ្សេងទៀត។
«វាមានតម្រូវការចាំបាច់ត្រូវបាញ់ទម្លាក់ ពីព្រោះយើងមានទំនុកចិត្តថា វាត្រូវបានប្រើប្រាស់ ដោយចិន ដើម្បីឈ្លបយកការណ៍លើប្រជាជនអាមេរិក»។ លោកស្រីហារីសបានប្រាប់ ទូរទស្សន៍ MSNBC បែបនេះ។
គួរបញ្ជាក់ បារាំង និងអាល្លឺម៉ង់តែងតែមានជំហរដូចអាម៉េរិកដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធលើ រឿងទាក់ទងនឹងក្រុងប៉េកាំង។ ក្រៅពីនេះ នៅថ្ងៃដដែលមន្ត្រីសេតវិមានសង្កត់ធ្ងន់ថា អាមេរិក នៅតែរក្សាទំនាក់ទំនងការទូតជាមួយចិនក្រោយហេតុការណ៍បាញ់ទម្លាក់បាឡុងចិន យ៉ាងណាមិញ ទំនាក់ទំនងផ្នែកយោធានៅតែបន្តបិទដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com