ជាតិ
ឆ្នេរជាប់ដងព្រែកកំពត នឹងផ្តល់ជម្រើសដើរកម្សាន្តកាន់តែសម្បូរបែបសម្រាប់ទេសចរ
18, Feb 2023 , 10:39 pm        
រូបភាព
រូបភាពពី មន្ទីរទែសចរណ៍ខេត្តកំពត
រូបភាពពី មន្ទីរទែសចរណ៍ខេត្តកំពត
ដោយ៖ សែម ប្រាក់ដាវ

ខេត្តកំពត ជាខេត្តមួយជាប់សមុទ្រ ដែលមានសក្តានុពលទេសចរណ៍យ៉ាងខ្លាំង និងអំណោយផលដល់ការធ្វើកសិកម្ម។ ប៉ុន្តែខេត្តកំពត មិនមានឆ្នេរខ្សាច់ សម្រាប់បម្រើការកម្សាន្តដល់ភ្ញៀវទេសចរឡើយ។ យ៉ាងណាមិញ រដ្ឋបាលខេត្តកំពត កំពុងអភិវឌ្ឍន៍ឆ្នេរជាប់ដងព្រែកកំពតបន្ថែម ដើម្បីទាក់ទាញទេសចរឱ្យមកកម្សាន្ត និងបង្កើនភាពសម្បូរបែបក្នុងខេត្តមួយនេះ។



រដ្ឋបាលខេត្តកំពត កំពុងចាក់ខ្សាច់ធ្វើឆ្នេរទឹកសាប នៅតាមបណ្ដោយដងព្រែកក្នុងខេត្តកំពត គឺនៅចំណុចស្ពានឥន្ទធនូ ដល់ស្ពានថ្មី មានប្រវែង ៥០០ម៉ែត្រ និងតុបតែងឱ្យស្អាត ដើម្បីទាក់ទាញទេសចរបន្ថែម។ ជាមួយគ្នានេះ  រដ្ឋបាលខេត្តកំពត នឹងបង្កើតព្រឹត្តិការណ៍ទេសចរណ៍មួយចំនួនទៀត អមដោយផលិតផលទេសចរណ៍ថ្មីៗបន្ថែម ព្រោះកំពតនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ស៊ីហ្គេម លើវិញ្ញាសាប្រណាំងទូក។ នេះបើតាម លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ។
 
នៅតាមបណ្ដោយដងព្រែក ប្រតិបត្តិករមួយចំនួនបន្តកន្លែងស្នាក់នៅជាបន្តបន្ទាប់ខណៈសេវាកម្មនេះតែងខ្វះខាតពេលពិធីបុណ្យទានធំៗ។ ដោយឡែក រៀងរាល់ចុងសប្តាហ៍ខេត្តកំពតមានទេសចរទៅកម្សាន្តមិនចេះដាច់។ 

ទេសចរជិះទូកកម្សាន្តលេងនៅដូងទេ។ រូបភាពពី មន្ទីរទេសចរណ៍ខេត្តកំពត
 
បច្ចុប្បន្ន សក្តានុពលក្នុងខេត្តកំពតមាន៣៤កន្លែង ជារមណីយដ្ឋាន និងកន្លែងកម្សាន្តបែបធម្មជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនាកាន់តែច្រើន។ ចំណែកឯគោលដៅទេសចរណ៍ទាំនោះ រួមមានរមណីយដ្ឋានភ្នំបូកគោ, ទឹកឈូ, កំពង់ត្រាច់, ភ្នំឈ្ងោក, ដូងទេរ, ព្រែកត្នោត, ព្រែកកំពត, ឧទ្យានដងព្រែក, ទឹកធ្លាក់តាដា, ទំនប់ម្លិច, សហគមន៍ត្រពាំងសង្កែ, កសិ-ទេសចរណ៍ចម្ការម្រេច និងកន្លែងជាច្រើនទៀត។ 
 
ក្រៅពីសក្តានុពលទេសចរណ៍ខាងលើ នៅមានរមណីយដ្ឋានជាច្រើនកន្លែងទៀត អាចក្លាយទៅជាតំបន់ទេសចរណ៍ដ៏សម្បូរបែប ដែលអំណោយផលដល់ភ្ញៀវទេសចរមកកម្សាន្តនៅលើទឹកដីនៃទិសនិរតីមួយនេះ។ 
 
ទន្ទឹមនឹងនេះ ទេសចរភាគច្រើនចូលចិត្តដើរកម្សាន្តនៅតាម ភ្នំបូកគោ និងទឹកឈូ ជាគោលដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេ។  លើសពីនេះ ឆ្នាំ២០២២ ខេត្តកំពតទទួលបានទេសចរចំនួន១ ៨២៩ ៦៦០នាក់។ ចំនួននេះ កើនឡើង ៩៥២ ៤០០នាក់ ខណៈឆ្នាំ២០២១មានទេសចរប្រមាណ ៨៨៧ ២៦០នាក់។ 
 
សូមបញ្ជាក់ដែរថា ខេត្តកំពត មានស្ថាបត្យកម្មដ៏ប្រណិតជាច្រើនកន្លែង កំពុងទាក់ទាញភ្ញៀវទេសចរចម្រុះជនជាតិឱ្យមកកម្សាន្ត និងស្វែងយល់ពីទេសចរណ៍បែបធម្មជាតិ និងប្រវត្តិសាស្ត្រនៅខេត្តនេះកាន់តែច្រើនដែរ៕
 
 

Tag:
 រដ្ឋបាលខេត្តកំពត
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com