កីឡាជាតិ
ជាតិ
គុនខ្មែរ៖ កញ្ញា តូច ចាន់វត្តី ថាបទពិសោធន៍ប្រកួតតិច ធ្វើឲ្យចាញ់ប្រៀបគូប្រកួត ទោះកម្រិតប្រហែលគ្នា
19, Feb 2023 , 8:29 am        
រូបភាព
កីឡាការិនី តូច ចាន់វត្តី ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
កីឡាការិនី តូច ចាន់វត្តី ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
កញ្ញា តូច ចាន់វត្តី កីឡាការិនីប្រដាល់គុនខ្មែរជម្រើសជាតិកម្ពុជានិយាយថា បទពិសោធន៍លើសង្វៀនតិចតួច ធ្វើឲ្យពិបាកក្នុងការតាំងស្មារតីប្រកួត បើទោះជាកម្រិត និងបច្ចេកទេសប្រហាក់ប្រហែលគ្នាក៏ដោយ។ នេះ ជាផ្នែកមួយធ្វើឲ្យ កីឡាការិនីរូបនេះ ចាញ់ប្រៀបគូប្រកួត ក្នុងពេលកន្លងទៅ ប៉ុន្ដែពេលនេះ ចាន់វត្តី លែងមានអ្វីជាបញ្ហាទៀតហើយ ព្រោះខ្លួនមានបទពិសោធន៍ប្រកួតគ្រប់គ្រាន់។


 
កីឡាការិនី តូច ចាន់វត្តី ត្រូវជួបជាមួយគូប្រកួតចាស់ កីឡាការិនីថៃ Suratchada នៅថ្ងៃទី២៥ ខែមិនា ក្នុងការប្រកួតម៉ារ៉ាតុនដណ្ដើមខ្សែក្រវ៉ាត់ នៅប្រទេសថៃ ដើម្បីប្រជែងយកលេខ២។ កីឡាការិនីថៃ Suratchada  ធ្លាប់ឈ្នះ តូច ចាន់វត្តី ម្ដងរួចហើយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាម។ 
 
ដោយឡែក សម្រាប់ជំនួបនៅថ្ងៃទី២៥ ខែមិនា កញ្ញា ចាន់វត្តី មានជំនឿចិត្តថា ខ្លួនមានសង្ឃឹមឈ្នះច្រើន ព្រោះកីឡការិនីកម្ពុជារូបនេះ បានឆ្លងកាត់បទពិសោធន៍ប្រកួតច្រើនជាងមុន ដែលធ្វើឲ្យរូបគេ អាចតាំងស្មារតីបានយ៉ាងល្អ នៅលើសង្វៀនប្រកួត។ កីឡាការិនីវ័យ ១៧ឆ្នាំនេះ បាននិយាយដូច្នេះថា៖«សម្រាប់កម្រិត គាត់មិនសូវលើសខ្ញុំ ប៉ុន្មានទេ ប៉ុន្ដែដោយសារការប្រកួតនៅស៊ីហ្គេម យើងប្រកួតបានតិចដង ហើយយើងមិនសូវចេះតាំងអារម្មណ៍ និងតាំងស្មារតី ទើបចាញ់។»។
 
បន្ទាប់ពីប្រកួតទី១ ឈ្នះ កីឡាការិនី Nang Hong ដោយពិន្ទុ ចាន់វត្តី បានចាញ់ កីឡាការិនី Meri Payaksamui Gym ក្នុងប្រកួតទី២ ដោយពិន្ទុ។ កីឡាការិនី Nang Hong បានវាយកែងចំមុខ តូច ចាន់វត្តី ដែលជាហេតុធ្វើឲ្យរបួស។ របួស បានធ្វើឲ្យ កញ្ញា ចាន់វត្តី ពិបាកប្រកួតជាមួយ Meri Payaksamui យ៉ាងខ្លាំង ហើយនេះក៏ជាផ្នែកមួយ ដែលធ្វើឲ្យវត្តី ចាញ់ក្នុងការប្រកួតទី២នេះ ផងដែរ។
 
មុនជំនួបដណ្ដើមលេខ២ នៃការប្រកួតម៉ារ៉ាតុងដណ្ដើមខ្សែក្រវ៉ាត់ កីឡាការិនីវ័យក្មេងនេះ បានត្រៀមខ្លួន និងប្រឹងហ្វឹកហាត់យ៉ាងខ្លាំង ព្រោះមិនត្រឹមតែប្ដេជ្ញាយកលេខ២នោះទេ កញ្ញា ចាន់វត្តី ក៏មានឆន្ទៈស្វែងរកមេដាយមាសឲ្យបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ។ កញ្ញា តូច ចាន់វត្តី បាននិយាយដូច្នេះថា៖«សម្រាប់ការត្រៀមខ្លួន គឺត្រៀមខ្លួនពីឥឡូវទៅ ទាំងបច្ចេកទេស និងក្បាច់វាយ។ សម្រាប់ស៊ីហ្គេម ខ្ញុំ នឹងត្រៀមខ្លួនឲ្យបានល្អ ប្រឹងប្រែងហ្វឹកហាត់ តាំងអារម្មណ៍ និងស្មារតីឲ្យបានច្រើន ពេលឡើងវាយ។ យើង ត្រូវពង្រឹងបច្ចេកទេស ដែលយើងធ្លាប់ចាញ់គេ។ »។
 
កីឡាការិនីវ័យ១៧ឆ្នាំនេះ បានបន្ដថា យោងទៅលើបទពិសោធន៍ នៃការប្រកួតកន្លងមក រូបកញ្ញា បានស្វែងយល់ពីភាពខ្លាំង និងខ្សោយរបស់ខ្លួន។ ភាពខ្លាំងរបស់កញ្ញានោះ គឺកណ្ដាប់ដៃ ដែលវាយចំគោលដៅ ហើយមានកម្លាំងខ្លាំង រីឯចំណុចខ្សោយនោះ គឺការអស់ស្ទុះ ឬឆាប់អស់កម្លាំង។ 
 
កញ្ញា តូច ចាន់វត្តី ក៏បានប្រាប់ពីការប្រឡូកក្នុងវិស័យកីឡាប្រដាល់គុនខ្មែរនេះថា ការចូលប្រកួតពីដំបូង មានអារម្មណ៍ភ័យនៅលើសង្វៀនខ្លះដែរ ប៉ុន្ដែពេលដែលបានប្រកួតញឹកញ៉ាប់ រូបកញ្ញា ក៏មិនមានការភ័យអ្វីទៀតដែរ។ ម្យ៉ាងវិញទៀត យុវតីនេះ បានដឹងថាវិស័យកីឡានេះ អាចនឹងមានរបួសស្នាមអំឡុងពេលប្រកួត ដោយសារគូប្រកួត ប៉ុន្ដែ វត្តីបានត្រៀមខ្លួន និងតាំងស្មារតីរួចជាស្រេច ដើម្បីប្រឈមមុខនិងឧបសគ្គទាំងអស់នោះ។ យុវតីរូបនេះ និយាយដូច្នេះថា៖«សម្រាប់ខ្ញុំ បានដឹងអស់ហើយ ដោយសារមុនប្រឡូងក្នុងវិស័យកីឡានេះ ខ្ញុំដឹងច្បាស់របួស គឺជាមិនផុត ដូចនេះ ខ្ញុំដឹងមុនរួចជាស្រេច។ សម្រាប់ការប្រកួតដំបូងៗ ខ្ញុំភ័យដែរ ប៉ុន្ដែ ឡើងបានញឹកញ៉ាប់ ឡែងអីហើយ។»។
 

Tag:
 ប្រដាល់គុនខ្មែរ
  តូច ចាន់វត្តី
© រក្សាសិទ្ធិដោយ thmeythmey.com