អន្តរជាតិ
ចិន បង្កើតអង្គការសន្ធានកម្មអន្តរជាតិ ដើម្បីសម្របសម្រួលក្នុងការដោះស្រាយជម្លោះ
19, Feb 2023 , 8:59 am        
រូបភាព
ចិនបង្កើតការិយាល័យរៀបចំអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (IOMed)។ រូបភាព CGTN
ចិនបង្កើតការិយាល័យរៀបចំអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (IOMed)។ រូបភាព CGTN
ការិយាល័យរៀបចំអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (IOMed) ត្រូវបានបង្កើតឡើងនៅក្នុងថ្ងៃទី១៦ ខែកុម្ភៈ នៅក្នុងក្រុងហុងកុង ដើម្បីសម្របសម្រួលលើការចរចាអន្តររដ្ឋាភិបាល ដោយផ្អែកលើសន្ធិសញ្ញាអន្តរជាតិ។

 
ដោយពិភពលោកកំពុងមានជម្លោះ ភាពតានតឹង និងបញ្ហាចម្រូងចម្រាសជាច្រើន ចិន បានសម្រេចបង្កើតការិយាល័យរៀបចំអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (IOMed) ថ្មីមួយ ដែលមានមូលដ្ឋាននៅក្នុងក្រុងហុងកុង ក្នុងថ្ងៃទី១៦ ខែកុម្ភៈ។ 
 
នៅក្នុងពិធីសម្ពោធអង្គការសន្ធានកម្មអន្តរជាតិមួយនេះ លោកវ៉ាង យី សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តចិន ក៏បានផ្ញើលិខិតអបអរសាទរផង។ បើតាមលោកវ៉ាង ពិភពលោក កំពុងស្ថិតនៅក្នុងច្របូកច្របល់ វិវដ្តទៅរកឯកប៉ូលនិយម មានគំនិតបែបសង្រ្គាមត្រជាក់ និងគំរាមសម្លុត។ 
 
ត្រង់ចំណុចនេះ លោកវ៉ាង បានអះអាងថា ក្នុងនាមជាប្រទេសមហាអំណាចដែលមានការទទួលខុសត្រូវ ចិនតែងជាប្រទេសដែលជួយកសាងពិភពលោក សន្តិភាព ការពារសណ្តាប់ធ្នាប់អន្តរជាតិ ផ្តល់សេវាសាធារណៈ និងស្វះស្វែងរកមធ្យោបាយសម្រាប់សេចក្តីសម្រេចប្រកបដោយសន្តិភាពលើជម្លោះអន្តរជាតិ ក្នុងកាលៈទេសៈថ្មី។ 
 
ស្របគ្នានេះ រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង ក៏បានថ្លែងសារតាមប្រព័ន្ធវីដេអូផងដែរ នៅក្នុងថ្ងៃទី១៦ ខែកុម្ភៈ។ លោកឈីង បានអះអាងថា ការិយាល័យរៀបចំអង្គការអន្តរជាតិសម្រាប់សន្ធានកម្មនឹងជាអង្គការច្បាប់អន្តររដ្ឋាភិបាលដំបូង សម្រាប់ជួយដោះស្រាយវិវាទអន្តរជាតិ តាមរយៈសន្ធានកម្ម។
 
ប្រមុខការទូតចិន ក៏បានអំពាវនាវឱ្យមានការចូលរួមពីសំណាក់ប្រទេសកំពុងអភិវឌ្ឍ ការពង្រឹងការហ្វឹកហាត់លើការសម្របសម្រួលសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ហើយធ្វើការដើម្បីបង្កើតយន្តការដោះស្រាយជម្លោះ៕ 
 

Tag:
 ចិន
  អង្គការសន្ធានកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com