អន្តរជាតិ
លោក វ៉ាង យី ចោទអាម៉េរិកចង់បង្ខូចកេរ្តិ៍ឈ្មោះចិន ជុំវិញបញ្ហាបាឡុងហោះ
19, Feb 2023 , 10:59 am        
រូបភាព
លោកវ៉ាង យី នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន។ រូបភាពយកពីសារព័ត៌មាន China Daily
លោកវ៉ាង យី នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន។ រូបភាពយកពីសារព័ត៌មាន China Daily
មន្រ្តីការទូតជាន់ខ្ពស់ចិន លោក វ៉ាង យី នៅថ្ងៃទី១៨ ខែកុម្ភៈ រិះគន់ជាថ្មីចំពោះប្រតិកម្មអាម៉េរិក ជុំវិញការបាញ់ទម្លាក់បាឡុងនៅពេលកន្លងទៅ។ បើតាមលោកវ៉ាង អាម៉េរិកចង់បង្ខូចកេរ្តិ៍ឈ្មោះចិន លើបាឡុងហោះនេះ។

 
ថ្លែងនៅសន្និសីទសន្តិសុខក្រុងម៉ូនិក ក្នុងអាល្លឺម៉ង់ លោកវ៉ាង យី នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន បានអះអាងថា រដ្ឋបាលអាម៉េរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន មានការយល់ខុសមកលើចិន។ ត្រង់ចំណុចនេះ លោកវ៉ាង ចោទថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះប្រទេសខ្លួន។ 
 
«វាមានបាឡុងជាច្រើនមកពីប្រទេសជាច្រើននៅក្នុងអាកាស។ តើអ្នក(អាម៉េរិក)ចង់បាញ់ទម្លាក់ម្តងមួយៗមែនទេ?» លោកវ៉ាង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា រដ្ឋាភិបាលក្រុងប៉េកាំង ជំរុញឱ្យអាម៉េរិកបញ្ឈប់សកម្មភាពបែបនេះ ក្នុងគោលបំណងបង្វែរការចាប់អារម្មណ៍បញ្ហានៅក្នុងស្រុក។
 
ក្រៅពីបញ្ហាបាឡុង លោកវ៉ាង ក៏បានប្រើពាក្យសម្តីខ្លាំងៗដាក់អាម៉េរិក ជុំវិញការការពារនិយម ការបំពេញទីផ្សារសម្រាប់ខ្លួនឯង និងចំណាត់ការបែបឯកតោភាគីផង។ 
 
គួររំឭកថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១៦ ខែកុម្ភៈ បានអះអាងថា អាម៉េរិក នឹងមិនសុំទោសចិននោះទេ ចំពោះការបាញ់ទម្លាក់បាឡុងដែលហោះចូលដែនអាកាសខ្លួន។ ការបញ្ជាក់បែបនេះ ធ្វើឡើងក្រោមហេតុផលការពារសន្តិសុខ និងសុវត្ថិភាពប្រជាជនអាម៉េរិក៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com