ជាតិ
បក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្ដវៀតណាម ផ្ដល់សារសំខាន់លើការបណ្ដុះបណ្ដាលយុវជនបន្តវេន
19, Feb 2023 , 11:36 am        
រូបភាព
សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ង្វៀន ហ្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សនៃគណបក្សកុម្មុយនីស្ដវៀតណាម។ រូបភាពពី SPM
សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ង្វៀន ហ្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សនៃគណបក្សកុម្មុយនីស្ដវៀតណាម។ រូបភាពពី SPM
ភ្នំពេញ៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្ដវៀតណាម បានជួបប្រជុំកំពូលមួយនាថ្ងៃទី១៨កុម្ភៈ ដើម្បីបង្កើនទំនាក់ទំនងថែមទៀត រវាងគណបក្សទាំង២ , រដ្ឋ និងប្រជាពលរដ្ឋនៃប្រទេសទាំង២។ ក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំគណបក្សកាន់អំណាចនៃប្រទេសទាំង២  សុទ្ធតែបានផ្ដល់សារសំខាន់ លើការបណ្ដុះបណ្ដាលយុវជន បន្តវេន និងដកស្រង់បទពិសោធគ្នាទៅវិញទៅមក។


 
សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបប្រជុំការងារជាមួយលោក ង្វៀន ហ្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស នៃគណបក្សកុម្មុយនីស្ដវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១៨ កុម្ភៈ។ ភាគីទាំង២ បានចាត់ទុកដាក់កិច្ចប្រជុំកំពូលនេះថា ជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីបង្កើនទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំរវាងគណបក្ស រដ្ឋ និងពលរដ្ឋប្រទេសទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១៨ កុម្ភៈ។
 
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃគណបក្សកាន់អំណាចនៃប្រទេសទាំង២ បានពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគណបក្ស រដ្ឋ និងពលរដ្ឋប្រទេសទាំងពីរ ដែលមានការរីកចម្រើនស៊ីជម្រៅឥតឈប់ឈរលើគ្រប់វិស័យ។ ភាគីទាំងពីរ បានបញ្ជាក់ពីទំនាក់ទំនងល្អយ៉ាងដូច្នេះ៖ «មិត្តយ៉ាងស្និទ្ធ ការជួយគ្នាទៅវិញទៅមករវាងកម្ពុជា-វៀតណាម ក៏ដូចជារវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន...»។
 
ក្នុងកិច្ចប្រជុំការងារ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្ដវៀតណាម សុទ្ធតែបានលើកពីសារៈសំខាន់ចំពោះការបណ្ដុះបណ្ដាលយុវជនបន្តវេន ដើម្បីសូត្រ និងដកស្រង់បទពិសោធគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ឯកភាពក្នុងការជំរុញទំនាក់ទំនងរវាងគណបក្ស រដ្ឋសភា ក្រសួងស្ថាប័ន អង្គការមហាជន និងអាជ្ញាធរមូលដ្ឋានផងដែរ។
 
ទន្ទឹមនឹងនេះ គណបក្សទាំងពីរ បានគាំទ្រយោបល់គ្នា និងឯកភាពបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនងនយោបាយ រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបម្រើឱ្យបុព្វហេតុអភិវឌ្ឍន៍ជាតិនីមួយៗ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាដដែល៕
 

Tag:
 គណបក្សប្រជាជនកម្ពុជា
  គណបក្សកុម្មុយនីស្ដវៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com