ជាតិ
CDC អនុម័តឱ្យក្រុមហ៊ុន២២ មានទុនសរុបជាង១០០លានដុល្លារបើករោងចក្រ នៅដើមឆ្នាំ២០២៣នេះ
19, Feb 2023 , 4:59 pm        
រូបភាព
 រូបភាព៖ CDC
រូបភាព៖ CDC
ភ្នំពេញ៖ ចាប់ពីដើមខែមករា ដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យក្រុមហ៊ុនចំនួន ២២កន្លែង បើករោងចក្រ នៅតាមបណ្តានានានៅកម្ពុជា ដែលភាគច្រើនគឺជារោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ, រោងចក្រផលិតកាបូប, រោងចក្រផលិតស្បែកជើង និងគ្រឿងបរិក្ខារប្រើប្រាស់។ ដំណើរការបើករោងចក្រ២២ទីតាំងនេះ មានដើមទុនសរុប ជាង ១០០លានដុល្លារ និងអាចផ្តល់ការងារជាង២ម៉ឺនកន្លែង។

 
បើតាម CDC មានក្រុមហ៊ុនចំនួន១០ បានដាក់គម្រោងវិនិយោគរោងចក្រខ្លួន នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានដូចជារោងចក្រផលិតកាបូប រោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះ និងរោងចក្រផលិតស្បែកជើងជាដើម។ រោងចក្រទាំង១០កន្លែងនេះ មានទុនសរុបប្រមាណ ៩៥ លានដុល្លារ និងអាចផ្តល់ការសរុបជិត ១,៧ម៉ឺនកន្លែង។
ចំណែកក្រុមហ៊ុន២ទៀត បានបោះទុនសរុបជាង ១៤លានដុល្លារ បើករោងចក្រផលិតស្បែកជើង និងកាបូប និងរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្នុងភូមសាស្ត្រ ខេត្តកណ្តាល។ រោងចក្រទាំង២នេះ អាចផ្តល់ឱកាសការងារជិត ៥ពាន់កន្លែង។
 
ខេត្តព្រះសីហនុ ក៏មានក្រុមហ៊ុន២ បានបោះទុនបង្កើតរោងចក្រដែរ គឺរោងចក្រផលិតគ្រឿងបង្គុំនៃគ្រឿងសង្ហារិម និងរោងផលិតសម្ភារការិយាល័យ។ រោងចក្រទាំង២នេះ មានទុនវិនិយោគ១២លានដុល្លារ និងអាចបង្កើតការងារបាន ៨៥០កន្លែង។
 
ចំណែកនៅខេត្តស្វាយរៀង ក៏មានក្រុមហ៊ុនវិនិយោគបើករោងចក្រផលិតអំពូលភ្លើងដែរ ដោយមានទុនសរុប ២០លានដុល្លារ ដែលអាចបង្កើតការងារប្រមាណ១៥០០កន្លែង។
 
ដោយឡែកមានក្រុមហ៊ុនចំនួន៤ បានបោះទីតាំងបង្កើតរោងចក្ររបស់ខ្លួន នៅក្នុងរាជធានីភ្នំពេញ។ រោងចក្រទាំងនោះគឺជារោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិតគ្រឿងបន្សំស្បែកជើង , រោងចក្រផលិតសម្ភារកីឡាធ្វើពីស្បែក និងក្រណាត់ និងរោងចក្រផលិតកេសកាតុង និងសម្ភារវេចខ្ចប់។ ក្រុមហ៊ុនទាំង៤ មានទុនវិនិយោគសរុបជាង ១៦លានដុល្លារ និងអាចបង្កើតការងារបានជាតិ ៤ពាន់កន្លែង៕

Tag:
 CDC
  រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com