ជាតិ
ក្រសួងទេសចរណ៍ លើកទឹកចិត្តឱ្យប្រតិបត្តិករទេសចរណ៍ប្រើប្រាស់ប្រាក់យ៉ន់ដើម្បីទាក់ទាញទេសចរចិន
19, Feb 2023 , 5:59 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រូបភាពពី៖ ក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រូបភាពពី៖ ក្រសួងទេសចរណ៍
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ កម្ពុជា បានស្វាគមន៍វត្តមានទេសចរចិន ១២៥នាក់ តាមជើងហោះហើរលើកដំបូង កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ ក្រោយខកខានអស់មួយរយៈធំ ដោយសារវិបត្តកូវីដ-១៩។ ក្នុងអំឡុងទទួលវត្តមានភ្ញៀវទេសចរចិននេះ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបានលើកទឹកចិត្តឱ្យមូលដ្ឋានអាជីវកម្ម ក្នុងវិស័យទេសចរណ៍ចូលរួមប្រើប្រាស់ប្រាក់យ៉ន់ផងដែរ ដើម្បីទាក់ទាញទេសចរចិនបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ក្រសួងទេសចរណ៍ ក៏បានពង្រឹងលើសេវាកម្មទេសចរណ៍នានា តាមរយៈការបណ្តុះបណ្តាលផ្សេងៗផងដែរ ដើម្បីដើម្បីបង្កើនចំនួនភ្ញៀវទេសចរទូទៅមកកាន់កម្ពុជា។

 
បើតាម លោក ថោង ខុន ទេសចរចិន គឺជាទីផ្សារធំ និងជាដៃគូឈានមុខរបស់កម្ពុជា ទាំងផ្នែកទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ ហើយការទូទាត់ដោយប្រើប្រាស់ប្រាក់យ៉ន់របស់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ នឹងក្លាយជាផ្នែកមួយនៃបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ និងទាក់ទាញឱ្យពួកគេមកកម្សាន្តបន្ថែមទៀតដែរ។
 
ជុំវិញរឿងនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា យល់ស្របថា ការលើកទឹកចិត្តឱ្យមូលដ្ឋានអាជីវកម្មប្រើប្រាស់ប្រាក់យ៉ន់នៅកម្ពុជា វាជាចំណែកមួយក្នុងការជំរុញឱ្យទេសចរចិនងើបឡើងវិញឆាប់រហ័ស។ ប្រធានសមាគមទេសចរណ៍កម្ពុជាបានបន្ថែមថា ការចរាចរប្រាក់យ៉ន់នៅលើទីផ្សារ នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី និងវិស័យទេសចរណ៍ផងដែរ។ យ៉ាងណាក៏ដោយ លោកស្រី ឆាយ ស៊ីវលីន ស្នើថាការទទួល ឬទូទាត់ប្រាក់យ៉ន់របស់ម្ចាស់អាជីវកម្មទេសចរណ៍ ត្រូវតែធ្វើឡើងដោយស្ម័គ្រចិត្ត។


លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍។
 
សម្រាប់លោក ឌិន សុមេធារិទ្ធ ស្ថាបនិកសណ្ឋាគារ The Frangipani Royal Palace មិនទាន់អាចបញ្ជាក់បានយ៉ាងណានៅឡើយ ចំពោះការចរាចរប្រាក់យ៉ន់នៅកម្ពុជា ខណៈដែលមិនទាន់លិខិតផ្លូវការណាមួយពីក្រសួងទេសចរណ៍នៅឡើយ។ សម្រាប់ លោក ឌិន សុមេធារិទ្ធ បើមានការចរាចរប្រាក់យ៉ន់ គឺយើងត្រូវគិតដល់ការប្តូរប្រាក់ច្បាស់លាស់ ដើម្បីសម្រួលដល់ម្ចាស់មូលដ្ឋានទេសចរណ៍។ 
 
ឆ្លើយតបនឹងករណីនេះ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងមិនមានការណែនាំ ឬចេញសេចក្ដីណែនាំជាផ្លូវការណាមួយ ដែលឱ្យម្ចាស់មូលដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ និងក្រុមហ៊ុនបម្រើសេវាទេសចរណ៍ ត្រូវតែទូទាត់ប្រាក់យ៉ន់ពីទេសចរចិននោះទេ។ ក្រសួងគ្រាន់តែលើកទឹកចិត្ត ឱ្យម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិន អាចទូទាត់ប្រាក់រៀលក៏បាន ប្រាក់យ៉ន់ក៏បាន ដោយខ្លួនឯង តាមការស្ម័គ្រចិត្ត។ អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ បន្ថែមដូច្នេះ។ 
 
គួរកត់សម្គាល់ថា វិស័យទេសចរណ៍កម្ពុជាងើបឡើងវិញបន្តិច ក្រោយរងផលប៉ះពាល់យ៉ាងដំណំដោយសារជំងឺកូវីដ-១៩ ប៉ុន្តែធនធានមនុស្សក្នុងវិស័យនេះមិនទាន់ត្រឡប់ទៅធ្វើការទាំងស្រុងឡើយ។ ដើម្បីឱ្យវិស័យនេះ ងើបឡើងវិញកាន់តែរហ័ស ក្រសួងទេសចរណ៍ ធ្លាប់អំពាវនាវឱ្យបុគ្គលិកដែលមានជំនាញច្បាស់លាស់ក្នុងវិស័យទេសចរណ៍ ទៅធ្វើការនៅគោលដៅទេសចរណ៍សំខាន់ៗវិញ ដើម្បីកសាងទំនុកចិត្តដល់ភ្ញៀវទេសចរ តាមរយៈការបម្រើសេវាកម្មប្រកបដោយការយកចិត្តទុកដាក់៕ 
 

Tag:
 ក្រសួងទេសចរណ៍
  ប្រាក់យ៉ន់
© រក្សាសិទ្ធិដោយ thmeythmey.com