អន្តរជាតិ
ប្រមុខការទូតជប៉ុន និងកូរ៉េខាងត្បូង ជួបគ្នានៅក្រៅសន្និសីទសន្តិសុខក្រុងម៉ូនិក
19, Feb 2023 , 7:59 pm        
រូបភាព
លោក ផាក ជីន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង (ខាងស្តាំ) និងសមភាគីជប៉ុន លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានជួបគ្នានៅក្រៅសន្និសីទសន្តិសុខក្រុងម៉ូនិក។ រូបភាពយកពីក្រសួងការបរទេសជប៉ុន
លោក ផាក ជីន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង (ខាងស្តាំ) និងសមភាគីជប៉ុន លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានជួបគ្នានៅក្រៅសន្និសីទសន្តិសុខក្រុងម៉ូនិក។ រូបភាពយកពីក្រសួងការបរទេសជប៉ុន
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃទី១៨ ខែកុម្ភៈ បានជួបគ្នានៅក្រៅសន្និសីទសន្តិសុខក្រុងម៉ូនិក ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាដែលប្រទេសទាំងពីរមានជាមួយគ្នា។

 
នៅក្រៅសន្និសីទសន្តិសុខក្រុងម៉ូនិក អាល្លឺម៉ង់ លោក ផាក ជីន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង និងសមភាគីជប៉ុន លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានជួបគ្នា និងឯកភាពលើការរក្សាទំនាក់ទំនងដោយជិតស្និទ្ធលើកម្រិតការទូត ដើម្បីដោះស្រាយបញ្ហាប្រឈម។ ជំនួបនេះ ធ្វើឡើងក្រោយកូរ៉េខាងត្បូង បានចាត់ទុកជប៉ុនជាប្រទេសជិតខាងដ៏ជិតស្និទ្ធ នៅក្នុងសៀវភៅស ចេញផ្សាយ នៅពេលថ្មីៗនេះ។ 
 
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុន រដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរ បានជជែកដោយស្មោះត្រង់លើបញ្ហាពលកម្មក្នុងសម័យសង្រ្គាម និងសេចក្តីសម្រេចរបស់កូរ៉េខាងត្បូងឱ្យរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុនជប៉ុន ដែលមិនបានផ្តល់សំណងដល់ពលករក្នុងសម័យសង្រ្គាម។
 
យ៉ាងណាមិញ ជប៉ុននៅតែបន្តអះអាងដដែលថា បញ្ហានេះ ត្រូវបានដោះស្រាយរួចតាំងពីឆ្នាំ១៩៦៥ មកម្លេះ នៅពេលប្រទេសទាំងពីរចាប់ផ្តើមទំនាក់ទំនងការទូតជាមួយគ្នា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ទន្ទឹមនេះ ជប៉ុន ក៏កំពុងពិចារណាបន្ធូរបន្ថយការរឹតត្បិតការដឹកជញ្ជូនសម្ភារបច្ចេកវិទ្យាខ្ពស់ទៅកូរ៉េខាងត្បូងផងដែរ។ 
 
ជាការពិត បញ្ហាពលកម្មក្នុងសម័យសង្រ្គាម នៅតែជាឧបសគ្គសម្រាប់ជប៉ុន និងកូរ៉េខាងត្បូង ក្នុងការស្តារទំនាក់ទំនងឡើងវិញ ខណៈប្រទេសអាស៊ីខាងកើតទាំងពីរនេះ កំពុងប្រឈមការគំរាមកំហែងពីកូរ៉េខាងជើង និងការឡើងឥទ្ធិពលរបស់ចិន៕ 

Tag:
 ជប៉ុន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com