ជាតិ
ការដាំដុះខ្ទឹមខ្យល់ ផ្តល់ចំណូលឱ្យអ្នកស្រី ផាន សុខេន ផ្គត់ផ្គង់កូន៣នាក់រៀនបរិញ្ញាបត្រ
20, Feb 2023 , 7:59 am        
រូបភាព
កសិករ ផាន សុខេន កំពុងសកស្លឹកខ្ទឹមខ្យល់នៅរោងខ្ទឹមក្រោយផ្ទះ
កសិករ ផាន សុខេន កំពុងសកស្លឹកខ្ទឹមខ្យល់នៅរោងខ្ទឹមក្រោយផ្ទះ
សៀមរាប៖ អ្នកស្រី ផាន សុខេន ជាកសិករដាំដំណាំខ្ទឹមខ្យល់រយៈពេល៥ឆ្នាំមកហើយ។ ជារបរដែលកសិកររូបនេះថា មិនសូវហត់នឿយខ្លាំង និងរកចំណូលបានសមរម្យ។ ជាមួយតម្លៃសមរម្យ របរដាំខ្ទឹមនេះ ជួយឱ្យគ្រួសារកសិករនៅឃុំចាន់ស ស្រុកសូទ្រនិគមរូបនេះមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ការសិក្សាកូនបីនាក់ និងជួយឱ្យកូនរៀនចប់ថ្នាក់បរិញ្ញាបត្រ។

 
ទឹកមុខខ្មៅដោយកំដៅថ្ងៃ កសិករ ផាន សុខេន វ័យ៤២ឆ្នាំ កំពុងសកស្លឹកខ្ទឹម ដែលដាំតាមរោងនៅវាលស្រែក្រោយផ្ទះ។ កសិកររូបនេះ មានដីគោកចំនួនពីរកន្លែងដែលបានរៀបចំសម្រាប់ ការដាំខ្ទឹមវិលជុំ។ អ្នកភូមិដូនដៀវរូបនេះ មិនដឹងទំហំដីប៉ុន្មានឱ្យប្រាកដនោះទេ តែប្រាប់ថា អាចដាំខ្ទឹមវិលជុំក្នុងមួយឆ្នាំ ហើយក្នុងមួយខែអាចដកលក់ពី៨០០គីឡូក្រាម ទៅ៩០០គីឡូក្រាម។ 
 
ជាមួយនឹងបទពិសោធន៍ដាំខ្ទឹមស្លឹករយៈពេល៥ឆ្នាំមកនេះអ្នកស្រី ផាន សុខេន លើកឡើងយ៉ាងដូច្នេះថា៖« ពីមុនមិនដែលដាំទេ ដាំត្រសក់ និងសណ្ដែក ចុងក្រោយខ្ទឹមមានទីផ្សាររៀងខ្ពស់ដែរ ណាមួយងាយស្រួល មិនពិបាកថែ មួយខែបានដកៗ»។
 
ចំពោះបច្ចេកទេសដាំវិញ កសិករ សុខេន រៀបរាប់ថា ដំបូងគេត្រូវធ្វើរោង ធ្វើដីឱ្យបានស្អាត និងជ្រើសរើស ពូជដែលរឹងមាំ មានភាពធន់នឹងអាកាសធាតុមិនសូវកើតរោគច្រើន។ ជាមួយគ្នានោះ គឺត្រូវប្រើចំបើងគ្របរោងបន្ដិច ពិសេសនារដូវក្ដៅ ដែលជួយទប់ដីកុំឱ្យឆាប់ហួតទឹក ។ 
 
ដោយសារអំណោយផលលើដំណាំខ្ទឹម បច្ចុប្បន្នអ្នកភូមិដូនដៀវ នៃឃុំចាន់ស ស្ទើរគ្រប់ខ្នងផ្ទះ ចាប់ផ្តើមដំណាំរហ័សនេះ។ អ្នកស្រី សុខេន ប្រាប់ថា អ្នកភូមិនេះចូល៨០ភាគរយ ដែលដាំខ្ទឹមខ្យល់ ហើយភាគច្រើនមានអង្គការកសិករចុះជួយបច្ចេកទេស។ អ្នកស្រី សុខេនបន្ថែមថា៖ «បើយើងធ្វើទាន់ក្នុងមួយឆ្នាំអាចដាំបាន១១ខែអី អ្នកខ្លះហត់សម្រាក៤ថ្ងៃ ចឹងទៅគិតថាមួយឆ្នាំគាត់ធ្វើ១០ខែដែរ»។  


 
ក្រៅពីភាពងាយស្រួល សព្វថ្ងៃអង្គការកសិកម្មក៏ពាំនាំបច្ចេកវិទ្យាថ្មីៗ ណែនាំដល់កសិករផងដែរ។ អង្គការអាយឌីអ៊ី (iDE) តាមរយៈគម្រោងស៊ីស្មាត បានផ្សព្វផ្សាយលើប្រព័ន្ធស្រោចស្រពតាមរយៈ ការប្រើប្រព័ន្ធទុយោសាច និងប្រឹក្សាបច្ចេកទេសដាំដុះ។ 
 
អ្នកគ្រប់គ្រងផលិតកម្មសាកវប្បកម្មធន់នឹងបម្រែបម្រួលអាកាសធាតុនៃអង្គការ អាយឌីអ៊ី លោក ទួត សេងហង លើកឡើងយ៉ាងដូច្នេះថា៖« យើងផ្សព្វផ្សាយឱ្យគាត់ប្ដូរពីការរែកទឹកស្រោច មកប្រើទុយោសាចវិញ យើងក៏ជួយលើការប្រឹក្សាការដោះស្រាយបញ្ហារោគខ្ទឹម នៅពេលគាត់ត្រូវការជំនួយ យើងអាចណែនាំគាត់បាន មួយទៀតជួយភ្ជាប់ទីផ្សារទៅកាន់ឈ្មួញដែលគម្រោងធ្វើការជាមួយ»។
 
ចំពោះបច្ចេកទេសថ្មីដែលកាត់បន្ថយកម្លាំងរែក និងអូសទុយោ កសិករ សុខេន ដែលអង្គការ អាយឌីអ៊ី ជ្រើសរើសជាកសិករគំរូ និងបានដំឡើងប្រព័ន្ធទុយោសាចនេះជូន ប្រាប់ថា ប្រព័ន្ធថ្មីនេះជួយបានច្រើន ចំណេញពេលវេលា ហើយម្នាក់ឯងក៏អាចស្រោចបាន ដោយគ្រាន់តែកាច់កុងតាក់ភ្លើងប៉ុណ្ណោះ នោះទឹក នឹងបាច់សាចមកដោយខ្លួនឯង។ 
 
ជារដូវអំណោយផលរាល់ដំណាំ និងបន្លែគ្រប់មុខ ធ្វើឱ្យស្លឹកខ្ទឹមហាក់ធ្លាក់ថ្លៃបន្ដិច។ ខែនេះ កសិករ អាចលក់បានតម្លៃចន្លោះពី១៥០០រៀល ទៅ៣០០០រៀលប៉ុណ្ណោះ ដែលពីមុនលក់តម្លៃ៥០០០រៀល។
 
កសិករ សុខេន ប្រាប់ថា៖«បើកាលដាំកបានមួយគីឡូ៤០អី (៤ពាន់រៀល) មួយខែបាន២ទៅ៣លានរៀល កាច់ចំណេញបាន២លានរៀល»។
 
ជារបរដែលមិនសូវពឹងកម្លាំងច្រើន សព្វថ្ងៃអ្នកស្រី សុខេន យកដំណាំខ្ទឹមជារបរស្នួលនៅក្នុងគ្រួសារ។របរនេះជាផ្នែកមួយសំខាន់សម្រាប់សេដ្ឋកិច្ចគ្រួសារអ្នកស្រី។ កសិករ សុខេន លើកឡើងដោយមោទកភាព ជាមួយនឹងការខិតខំប្រឹងប្រែងកន្លងមកយ៉ាងដូច្នេះថា៖«របរនេះខ្ញុំបានទិញម៉ូតូឱ្យកូនទៅរៀន តាំងពីខ្ញុំចាប់ដាំមក កូនខ្ញុំបីនាក់ ខ្ញុំទិញម៉ូតូបានទាំងបី ម្នាក់មួយៗ ឱ្យវាទៅរៀន ហើយការចាយប្រចាំថ្ងៃបានទៅលើអាដំណំាំខ្ទឹមនេះឯង។ តាំងពីកូនខ្ញុំរៀនថ្នាក់ទី១២ រហូតចប់សាកល គឺខ្ញុំដាំតែខ្ទឹមនេះ»។



Tag:
 ផាន សុខេន
 កសិករ
 អប់រំ
  ខ្ទឹមខ្យល់
© រក្សាសិទ្ធិដោយ thmeythmey.com