ជាតិ
ក្រៅពីប្រាសាទសំបូរព្រៃគុក, ខេត្តកំពង់ធំ មានរមណីយដ្ឋានដ៏មានសក្តានុពលជាច្រើន
20, Feb 2023 , 8:29 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ ខេត្តកំពង់ធំ មានរមណីយដ្ឋានវប្បធម៌ និងធម្មជាតិចំនួន១៤កន្លែង ។ ក្នុងចំណោមរមណីយដ្ឋានទាំង១៤កន្លែង រមណីយដ្ឋានដែលល្បីជាងគេ គឺរមណីយដ្ឋាន «ប្រាសាទសំបូរព្រៃគុក» ។

 
រមណីយដ្ឋានទាំង១៤ រួមមានរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក, ប្រាសាទគុកនគរ, ភ្នំសន្ទុក, ស្ទឹងព្រៃប្រស់, បឹងសំរឹទ្ធិ, រមណីយដ្ឋានស្ទឹងជីនិត, រស្មីភូមិពីរគិរីបឹងក្រញោក, ទំនប់បង្ហៀរទឹកអូរមាន, សំពៅ ត្រៃលោកត្រៃលក្ខណ៍, ធ្នស់តាព្រំ, ស្ទឹងព្រៃប្រោះ, ស្ពានកំពង់ក្ដី, ទំនប់បង្ហៀរទឹក ១មករា និងទំនប់បង្ហៀរទឹក ៦មករា។
 
រមណីយដ្ឋាននៅខេត្តកំពង់ធំ ជារមណីយដ្ឋានបែបធម្មជាតិ និងវប្បធម៌ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនទៅកម្សាន្ត។ ក្នុងចំណោមរមណីយដ្ឋានទាំង១៤កន្លែងខាងលើនេះ រមណីយដ្ឋានដែលល្បីជាងគេ គឺរមណីយដ្ឋាន «ប្រាសាទសំបូរព្រៃគុក» ដែលជាបេះដូងនៃខេត្តកំពង់ធំ។ នេះជាកាបន្ថែមរបស់ លោក ងួន រត្នៈ អភិបាលខេត្តកំពង់ធំ។ ដោយឡែក ខេត្តកំពង់ធំមិនមែនសម្បូរទៅដោយប្រាសាទនោះទេ  ប៉ុន្តែខេត្តមួយនេះ ក៏ម្ហូបអាហារសម្បូរបែប និងមានរសជាតិឆ្ងាញ់ផងដែរ។ 


លោក ងួន រតនៈ អភិបាល​ខេត្តកំពង់ធំ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី  "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តកំពង់ នៅ​ថ្ងៃទី​១៤ កុម្ភៈ​។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
 
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរចំនួន ៣៧២,០២៧នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ៣៤៩,៥៣៤នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ២២,៤៣៩នាក់។ ដោយឡែក ឆ្នាំ២០២២ ភ្ញៀវទេសចរមកទស្សនាខេត្តកំពង់ធំសរុបចំនួន ២៩៤,៤១០នាក់ កើនឡើងប្រមាណ ៣៥៤,៩៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕


រូបភាពពីមន្ទីរទេសចរណ៍ខេត្តកំពង់ធំ។
 

© រក្សាសិទ្ធិដោយ thmeythmey.com