កីឡាជាតិ
ជាតិ
សម្តេចហ៊ុន សែន បន្ថែមផ្តល់ការព្យាបាលលើអត្តពលិករបួសពេលហ្វឹកហាត់ និងកីឡាករមិនអាជីព
20, Feb 2023 , 10:24 am        
រូបភាព
សម្តេច ហ៊ុនសែន ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សនៅថ្ងៃទី២០ ខែកុម្ភៈ។
សម្តេច ហ៊ុនសែន ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សនៅថ្ងៃទី២០ ខែកុម្ភៈ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យមានការព្យាបាលលើអត្តពលិកដែលរងរបួសអំឡុងពេលហ្វឹកហាត់បន្ថែមទៀត ក្រោយប្រកាសផ្តល់ការព្យាបាលដោយឥតគិតថ្លៃសម្រាប់កីឡាករ-កីឡាការិនី ដែលរងរបួសដោយការប្រកួត។ សម្តេច បន្ថែមថា សម្រាប់អ្នកលេងមិនអាជីពដែលរងរបួសពេលប្រកួត ក៏អាចទៅព្យាបាលដោយឥតគិតថ្លៃផងដែរ។



ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សនៅថ្ងៃទី២០ ខែកុម្ភៈ សម្តេចហ៊ុន សែន បានបញ្ជាក់ថាសម្តេចបានពិភាក្សាជាមួយរដ្ឋមន្ត្រីសុខាភិបាលលោក ម៉ម ប៊ុនហេង និងលោកស្រី យក់ សម្បត្តិ ដែលជារដ្ឋលេខាធិការឱ្យមានការរៀបចំទីព្យាបាលអត្តពលិកកម្ពុជា ទាំងពេលប្រកួត និងពេលហ្វឹកហាត់។

«ត្រូវពង្រីកវិសាលភាពការព្យាបាលកីឡាករ កីឡាការិនីរបស់យើង។ យើងអាចពង្រីកគ្រែថែម»។ នាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងដូច្នេះ មុនបន្ថែមថាត្រូវយកចិត្តទុកដាក់ព្យាបាល់អត្តពលិក ជៀសវាងពួកគេទៅព្យាបាលកន្លែងផ្សេងដែលគ្មានជំនាញនាំឱ្យខូចកីឡាករ មិនអាចប្រកួតបាន។

លើសពីនេះ សម្តេច ហ៊ុន ក៏បានប្រកាសផ្តល់ការព្យាបាលដល់អ្នកលេងកីឡាមិនអាជីព ដែលរងរបួសពេលលេងកីឡណាមួយ ដោយឥតគិតថ្លៃផងដែរ។ យ៉ាង សម្តេចមិនបានបញ្ជាក់ថាកីឡាករមិនអាជីពកម្រិតណានោះទេ។

កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ម្តងរួចមកហើយអំពីការផុ្តល់ការព្យាបាលដោយឥតគិតថ្លៃសម្រាប់កីឡាករ-កីឡាការិនី ដែលរងរបួសដោយការប្រកួត ជាពិសេសកីឡាបាល់ទាត់ និងប្រដាល់។

កាលនោះប្រមុខរដ្ឋាភិបាល បញ្ជាឱ្យរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ-កីឡាការិនី នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែពី១០០ ទៅ២០០គ្រែ។ ហើយពេលនេះ សម្តេច ស្នើឱ្យបន្ថែមគ្រែទៀត ដើម្បីទទួលការព្យាបាលកីឡាករ កីឡាការិនី ដែលរបួសទាំងពេលប្រកួត និងពេលហ្វឹកហាត់តែម្តង៕



Tag:
 អត្តពលិកកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com