កីឡាអន្តរជាតិ
អន្តរជាតិ
Spurs អំពាវនាវឱ្យក្រុមហ៊ុនបណ្តាញសង្គមចាត់វិធានការលើជនរើសអើងពូជសាសន៍លើ Son
20, Feb 2023 , 5:09 pm        
រូបភាព
ក្លិប Tottenham Hotspur អំពាវនាវឱ្យក្រុមហ៊ុនបណ្តាញសង្គមមួយចំនួនចាត់វិធានការលើជនបង្ក បន្ទាប់ពីខ្សែប្រយុទ្ធ Son Heung-min បានក្លាយជាគោលដៅនៃការរើសអើងពូជសាសន៍តាមរយៈអ៊ិនធឺណិត។ ខ្សែប្រយុទ្ធកូរ៉េ រងការរើសអើងអំឡុងការប្រកួតដែល Spurs ឈ្នះ West Ham United  ២-០ ក្នុងក្របខណ្ឌ Premier League។​



ក្នុងការប្រកួតទល់ West Ham ​ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង Son បានស៊ុតគ្រាប់បាល់ទី២ ឱ្យ Spurs ក្រោយបានប្តូរចូលត្រឹមតែរយៈពេល ៤នាទី។ Spurs យកឈ្នះ West Ham លទ្ធផល ២-០ ក្នុងនោះ Emerson Royals ជាអ្នករកបានគ្រាប់បាល់ទី១។
 
ក្រោយរកបាន១គ្រាប់ ​Son ត្រូវបានរកឃើញមានការរើសអើសតាមប្រព័ន្ធអ៊ិនធឺណិត។ ក្រុមរហ័សនាមមាន់ក្នាយមាសបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនឱ្យបង្ហោះលើបណ្តាញសង្គម Twitter ទាមទារឱ្យមានការចាត់វិធានការលើករណីទាំងនេះ។
 
«យើងបានរកឃើញករណីបំពានរើសអើងពូជសាសន៍តាមបណ្តាញអ៊ីនធឺណិតគួរឱ្យស្អប់ខ្ពើមសំដៅទៅកាន់ Son Heung-Min អំឡុងការប្រកួតនាថ្ងៃនេះ ដោយរបាយការណ៍ត្រូវបានរាយការណ៍ដោយក្លិបផ្ទាល់។ យើងឈរជាមួយ ​Sonny ដើម្បីអំពាវនាវដល់ក្រុមហ៊ុនបណ្តាញសង្គមប្រព័ន្ធផ្សព្វផ្សាយដែលពាក់ព័ន្ធចាត់វិធានការលើបញ្ហាទាំងនេះ ក៏ដូចជាខាងអាជ្ញាធរផងដែរ។»។ ក្លិប Spurs បានបង្ហោះនៅលើ Twitter បែបនេះ។ 
 
ដោយឡែកកាលពីខែសីហា ឆ្នាំ ២០២២ ក្រុមតោខៀវ​ Chelsea បានហាមឃាត់អ្នកគាំទ្រខ្លួនម្នាក់ដែលកាន់សំបុត្រទស្សនាការប្រកួតពេញមួយរដូវកាលមិនឱ្យបន្តចូលទស្សនាកាប្រកួតរហូត ក្រោយរូបគេបានបង្ហាញការរើសអើងដោយរំលោភបំពានទៅលើ Son អំឡុងការប្រកួតលទ្ធផលស្មើ ២-២ ជាមួយ Spurs ក្នុងកីឡដ្ឋាន Stamford Bridge។
 
នាខែកុម្ភៈនេះទៀតសោត​ ក្រៅពីបញ្ហារបស់ Son ដែលទើបកើតមាន ក្រុមប្រឆាំងការរើសអើងជាតិសាសន៍ Kick It Out បានអំពាវនាវដល់ក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គមឱ្យចាត់វិធានការណែនាំដ៏តឹងរឹងទៅលើអ្នកប្រើប្រាស់ដែលបានបង្ហាញការរើសអើងពូជសាសន៍លើខ្សែប្រយុទ្ធក្រុម Brentford កីឡាករ Ivan Toney លើ Instagram។
 
អំឡុងការប្រកួតរវាង Brentford ប្រកួតស្មើ ១-១ ទល់ Arsenal កាលពីថ្ងៃទី១១ កុម្ភៈ ខ្សែប្រយុទ្ធ Ivan Toney បានក្លាយជាគោលដៅរើសអើងពូជសាសន៍ក្រោយរូបគេស៊ុតរកបានគ្រាប់បាល់តាមស្មើ ហើយគ្រាប់បាល់ស្ថិតនៅជំហ Off-side ប៉ុន្តែ VAR សម្រេចផ្តល់គ្រាប់បាល់ជូន៕
 

Tag:
 Tottenham Hotspur
  Son Heung-Min
© រក្សាសិទ្ធិដោយ thmeythmey.com