ជាតិ
គុយជាផ្លែឈើព្រៃមួយប្រភេទមានតម្លៃជាងផ្លែឈើព្រៃដទៃទៀត
20, Feb 2023 , 6:59 pm        
រូបភាព
គុយជាផ្លែឈើព្រៃមួយប្រភេទមានតម្លៃថ្លៃជាងផ្លែឈើព្រៃដទៃទៀត
គុយជាផ្លែឈើព្រៃមួយប្រភេទមានតម្លៃថ្លៃជាងផ្លែឈើព្រៃដទៃទៀត
ដោយ:
ភ្នំពេញ៖ គុយ ជាផ្លែឈើព្រៃដែលមានតម្លៃថ្លៃជាងគេបង្អស់ បើធៀបទៅជាមួយផ្លែឈើព្រៃដូចជា សាវម៉ាវ គូលែនព្រៃ សិរមាន់ កោន រំដួល ផ្ដៅ ច័ន -ល-។ ចំពោះផ្លែឈើដទៃក្រៅពីគុយ អាចមានតម្លៃចន្លោះពី១ ទៅ៣ម៉ីនរៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ប៉ុន្ដែផ្លែគុយអាចមានតម្លៃរហូរដល់៧ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ វាអាចមានតម្លៃថ្លៃជាងគេផ្លែឈើព្រៃផ្សេងទៀតនាពេលបច្ចុប្បន្ន។

 
គុយ ជារុក្ខជាតិមួយប្រភេទដែលមានដើមជាវល្លិ។ ពេលខ្ចី គុយមានរសចត់ និងទុំមានរសផ្អែមលាយជូរ។ បច្ចុប្បន្ន ផ្លែឈើព្រៃច្រើនប្រភេទ ត្រូវបាន អាជីវករ និងប្រជាពលរដ្ឋនាំយកមកលក់លើទីផ្សារ។ ប៉ុន្ដែបើតាមការសង្កេតមើលតម្លៃផ្លែឈើព្រែ មានតម្លៃខ្ពស់គឺមានតែគុយប៉ុណ្ណោះ អាចលក់បានរហូតដល់៧ម៉ឺនរៀលក្នុងមួយគីឡូក្រាម លើទីផ្សារក្នុងរាជធានីភ្នំពេញ។  
  

 ផ្លែគុយ

គុយ៖ ជារុក្ខជាតិដុះតាមព្រៃ និងភ្នំនៅក្នុងខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។ វាតែងតោងអាស្រ័យជាមួយរុក្ខជាតិផ្សេង ដើម្បីអាចឡើងខ្ពស់តាមលទ្ធភាព។ ផ្លែឈើនេះពេលខ្ចីមានពណ៌បៃតងចាស់ និងប្រែសម្បុរទៅជាលឿងបន្ដិចម្ដងៗនៅពេលទុំ។ ចំពោះតម្លៃរបស់គុយថ្លៃនៅរដូវប្រមូលផលដំបូង អាចលក់ចន្លោះ៦ទៅ៧ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ 
  

លោក សៅ កំពុងកាន់ផ្លែកោន ជាមួយសាវម៉ាវព្រៃ។

សាវម៉ាវ ជារុក្ខជាតិវល្លិដូចជាផ្លែគុយដែរ។ ធម្មជាតិផ្លែឈើប្រភេទនេះច្រើនទុំដំណាល ឬក្រោយផ្លែរំដួល សិរមាន់ និងកោន។ សាវម៉ាវព្រៃមានរសជូរអែម សម្បូដោយគ្រាប់។ វាមានសណ្ឋានគ្រាប់ រសជាតិ ខុសដាច់ពីសាវម៉ាវស្រុក និងអាចមានតម្លៃចន្លោះពី៥ពាន់ទៅមួយម៉ឺនរៀលក្នុងមួយគីឡូរ។ 


 ផ្លែគូលែន

គូលែនព្រៃ ជារុក្ខជាតិព្រៃ មានតម្លៃគួរសម្យ ដែលអាចលក់បានចន្លោះពី២ទៅ៣ម៉ឺនពាន់រៀលក្នុងមួយគីឡូក្រាម។ គូលែនព្រៃនៅតំបន់ខ្លះ មានរសជាតិឆ្ងាញ់ជាងគូលែនស្រុកដែរ។ គូលែនព្រៃអាចមិនសូវសម្បូរទេ។ នាពេលបច្ចុប្បន្ន នៅពេលដល់រដូវផ្លែឈើប្រភេទនេះ ពលរដ្ឋ អាចរកទិញបានដោយកម្រនៅរាជធានីភ្នំពេញ ប៉ុន្ដែនៅខេត្តសៀមរាបអាចសម្បូរជាងបន្តិច។ 


ផ្លែសិរមាន់

សិរមាន់ ជាផ្លែឈើ ស្រដៀងគូលែនព្រៃ។ គេអាចសម្គាល់វាតាមរយៈសណ្ឋាននៃផ្លែ និងរស។ ចំពោះអ្នកដើរព្រៃមិនភាន់ទេ។ សិរមាន់ មានតម្លៃ១ម៉ឺនទៅ២ម៉ឺនរៀលប៉ុណ្ណោះ។ ចំពោះរុក្ខជាតិទាំងនេះ អាចទុក៣ទៅបួនថ្ងៃដែរ។ 


ផ្លែកោន នៅពេលទុំ។

កោន ជាផ្លែឈើព្រៃមួយប្រភេទ ដែលមានប្រជាពលរដ្ឋតិចណាស់បានឃើញ និងស្គាល់រសជាតិ។ សម្រាប់ប្រជាពលរដ្ឋភាគច្រើននៅក្នុងខេត្តសៀមរាប អាចស្គាល់ច្រើន ប៉ុន្តែពលរដ្ឋនៅខេត្តផ្សេងទៀតមានតិចតួចណាស់ស្គាល់។ គេបរិភោគផ្លែកោននៅពេលទុំ ដែលមានរសជាតិប្រហាក់ប្រហែលចេក ប៉ុន្ដែមានលាយជាតិជូរស្រាល។ វាអាចមានតម្លៃចន្លោះ១ ទៅ១ម៉ឺន៥ពាន់រៀល។  


ផ្លែរំដួល នៅពេលទុំ។ រូបភាព៖ កញ្ញា គឹមសៀវ

រំដួល ជាផ្លែឈើព្រៃចង្កោមៗ និងមានរសផ្អែមជាងព្រីងបន្តិច។ រំដួលសម្បូរណាស់នៅតាមព្រៃខេត្តសៀមរាប។ តម្លៃរបស់ផ្លែឈើប្រភេទនេះ គេអាចលក់បានចន្លោះពី១ទៅ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។


ផ្លែផ្ដៅដំបង

ផ្តៅអាចមានពីរទៅបីប្រភេទ។ ផ្ដៅខ្លះមានរសជូរ ចត់ លាយផ្អែម។ តម្លៃអាចចន្លោះពី១ម៉ឺនទៅ១ម៉ឺន៥ពាន់រៀលក្នុងមួយគីឡូក្រាម។ ផ្លែផ្ដៅ ត្រូវបានគេប្រទះឃើញភាគច្រើននៅតាមផ្សារមួយចំនួននៅក្នុងខេត្តសៀមរាប នៅពេលដល់រដូវផ្លែឈើប្រភេទនេះ។ 


ផ្លែច័ន នៅពេលទុំ​

ច័ន ជារុក្ខជាតិមានក្លិនក្រអូបខុសប្លែកពីផ្លែឈើដទៃ។  ពលរដ្ឋភាគច្រើនទិញផ្លែច័ន ដើម្បីយកក្លិន ជាងការបរិភោគ។ ពណ៌ផ្លែច័នលឿងស្រស់ មើលទៅទាក់ទាញខ្លាំង សម្រាប់រសវិញ ផ្អែមស្រាល៕ 
 
 

Tag:
 ផ្លែឈើព្រៃ
  គុយ
© រក្សាសិទ្ធិដោយ thmeythmey.com