ជាតិ
វីដេអូ
សង្គមជាតិ
លោក អាត់ ធន់ ស្នើឲ្យរដ្ឋាភិបាល ផ្ដល់ការអនុគ្រោះផ្នែក ប.ស.ស ដល់កម្មករដែលបាត់បង់ការងារ
20, Feb 2023 , 9:59 pm        
រូបភាព
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC)
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC)
ភ្នំពេញ៖ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) ស្នើឲ្យរដ្ឋាភិបាល ជួយផ្ដល់ការអនុគ្រោះផ្នែកបេឡាសន្តិសុខសងុ្គម (ប.ស.ស) ដល់កម្មករដែលបាត់បង់ការងារ ដោយសារការបិទទ្វាររោងចក្រ នាដើមឆ្នាំ២០២៣នេះ។

 
ប្រធាន CLC បានលើកឡើងថា ដើមឆ្នាំ២០២៣នេះ ការបញ្ជាទិញផលិតផលសម្លៀកបំពាក់ មានការធ្លាក់ចុះ។ ហេតុនេះ រោងចក្រកាត់ដេរនៅកម្ពុជា មានការបិទទ្វារនិងព្យួរការងារជាបន្តបន្ទាប់។ ករណីនេះ មិនត្រឹមតែប៉ះពាល់ដល់ភាពគ្មានការងារធ្វើនោះទេ គឺប៉ះពាល់ដល់អត្ថប្រយោជន៍ ប.ស.ស របស់កម្មករទៀតផង។ 
 
សូមអញ្ជើញស្ដាប់ កិច្ចសម្ភាសន៍ រវាងកញ្ញា ឡាយ សុភាវតី សារព័ត៌មានថ្មីៗ ជាមួយ លោក អាត់ ធន់៖ 

 
លោក អាត់ ធន់ បានស្នើយ៉ាងដូច្នេះ៖ «ក្នុងនាមខ្ញុំជាសហជីព សូមស្នើរដ្ឋាភិបាល ផ្ដល់ការអនុគ្រោះដល់ផ្នែក ប.ស.ស ដល់កម្មករ ដែលបាត់បង់ការងារ ឲ្យពួកគេបន្តទទួលបានសេវាពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃបន្តផង»។ 
 
តាមរយៈគោលនយោបាយគាំពារសង្គម បានធ្វើឲ្យកម្មករទទួលបានអត្ថប្រយោជន៍យ៉ាងសម្បូរបែប អំឡុងពេលបំពេញការងារ រហូតដល់ចូលនិវត្តន៍ នៅពេលពួកគេចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម។ ការគាំពារនេះ រួមមានផ្នែកថែទាំសុខភាព ផ្នែកហានិភ័យឬគ្រោះថ្នាក់ការងារ និងសោធននិវត្តន៍។ 
 
ពាក់ព័ន្ធករណីខាងលើ នេះ លោក កាំង ម៉ូនីកា ក៏បានពន្យល់ដែរថា រោងចក្រដែលព្យូរការងារ មិនប៉ះពាល់ដល់អត្ថប្រយោជន៍ ប.ស.ស របស់ពួកគេឡើយ ដោយសារកម្មករនៅតែទទួលប្រាក់មួយផ្នែកពីនិយោជក។ ចំណែកប្រាក់បង់ទៅ ប.ស.ស នៅតែដំណើរការនៃអំឡុងពេលព្យួរការងារនេះ។ 
 
ប៉ុន្តែលោក សង្កត់ធ្ងន់បែបនេះ៖ «វាអាចនឹងបាត់បង់អត្ថប្រយោជន៍ ការងារប្រសិនរោងចក្រនោះបិទដំណើរការ។ តែបន្ទាបពីបិទភ្លាមៗ ក្នុងរយៈពេលពីរខែដំបូង កម្មករអាចប្រើប្រាស់ប័ណ្ណ ប.ស.ស ធម្មតា»។ 
 
សព្វថ្ងៃ ក្នុងចំណោមកម្មករជាង៨៣ម៉ឺននាក់ មានកម្មករជាង៧៨ម៉ឺននាក់ហើយ ដែលជាសហមាជិក(ប.ស.ស)។ កម្មកររោងចក្រនៅកម្ពុជាភាគច្រើន គឺជាស្ត្រី។ ដូច្នេះ នៅពេលពួកគេមានប័ណ្ណ ប.ស.ស មិនត្រឹមតែទទួលបានសេវាថែទាំនិងព្យាបាលដោយឥតគិតថ្លៃនោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភផងដែរ នៅអំឡុងពេលមានផ្ទៃពោះនិងការគាំពារមួយចំនួនទៀត បើកម្មករនោះ រងគ្រោះថ្នាក់ការងារធ្ងន់ធ្ងរ។ នេះបើតាមការលើកឡើងរបស់លោក អាត់ ធន់៕ 
 
 
 
 

Tag:
 កម្មករ
  ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com