អន្តរជាតិ
ហ្វីលីពីននិងអាម៉េរិក ពិភាក្សាអំពីការល្បាតរួមគ្នារបស់ឆ្មាំសមុទ្រនៅសមុទ្រចិនខាងត្បូង
21, Feb 2023 , 10:09 am        
រូបភាព
មន្ត្រីក្រុងម៉ានីលនៅថ្ងៃទី២០ ខែកុម្ភៈបានលើកឡើងថា ហ្វីលីពីន និងអាម៉េរិកកំពុងពិភាក្សាគ្នា​លើ​ការល្បាតនាវាឆ្មាំសមុទ្ររួមគ្នានៅសមុទ្រចិនខាងត្បូងដើម្បីគាំទ្រសេរីភាពនៃការធ្វើនាវា​ចរណ៍ ទីដែលការប្រទាញប្រទង់អធិបតេយ្យនៅតែមានរវាងចិន និងប្រទេសក្នុងតំបន់។

 
អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីន (PCG)​​ លើបញ្ហាសមុទ្រចិនខាងត្បូង លោក Jay Tarriela ប្រាប់​ទូរទស្សន៍ CNN ប្រចាំហ្វីលីពីនថា កិច្ចពិភាក្សាជាមួយអាម៉េរិកបានរីកចម្រើនហួសពី ដំណាក់​កាល​ដំបូង ហើយលទ្ធភាពនៃការអនុវត្តការល្បាតរួមគ្នាគឺមានកម្រិតខ្ពស់។ យ៉ាងណាមិញលោក Tarriela មិនបានផ្តល់ព័ត៌មានលម្អិតអំពីទំហំ ឬពេលវេលានៃការល្បាតដែល បានស្នើឡើងនោះទេ។ 
 
ការបញ្ជាក់នេះបានកើតឡើងក្រោយអាម៉េរិកនិង ហ្វីលីពីនកាលពីដើមខែកុម្ភៈ យល់ព្រមចាប់ផ្តើម​ការ​ល្បាតរួមគ្នាឡើងវិញនៅសមុទ្រចិនខាងត្បូង។
 
«វាមានផ្លូវដែលអាចទៅរួចចាប់តាំងពីក្រសួងការពារជាតិអាម៉េរិកក៏បានគាំទ្រការល្បាតរួមគ្នាជាមួយកងទ័ពជើងទឹកហ្វីលីពីន និងកងទ័ពជើងទឹកអាម៉េរិក។ ដូច្នេះមានភាពប្រាកដប្រជា​សម្រាប់​ការ​ល្បាត​រួមគ្នាពិសេសនេះដែលនឹងកើតឡើងរវាងឆ្មាំឆ្នេរសមុទ្រនៃ ប្រទេសទាំងពីរ»។ លោក Tarriela សង្កត់​ធ្ងន់បែបនេះរួចបន្តថា វាក៏អាចទៅរួចចំពោះការល្បាតនៅសមុទ្រចិនខាងត្បូង​ដើម្បីគាំទ្រ​សេរីភាពធ្វើ​នាវាចរណ៍របស់រដ្ឋាភិបាលអាម៉េរិកផងដែរ។
 
ជុំវិញរឿងនេះ អតីតមេបញ្ជាការរងនៃកងទ័ពជើងទឹកហ្វីលីពីនលោក Rommel Jude Ong ប្រាប់​ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃដដែលថា គំនិតនៃការដាក់ពង្រាយ​នាវា​ឆ្មាំ​ឆ្នេរ​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូងជំនួសឱ្យកងទ័ពជើងទឹកនឹងកាត់បន្ថយការគណនាខុស និងរារាំងចិនពីការស្វែងរកលេស​ដើម្បីបង្កើនភាពតានតឹងនៅក្នុងផ្លូវទឹកផងដែរ។
 
គួរបញ្ជាក់ថា ហ្វីលីពីនបានអនុញ្ញាតឱ្យអាម៉េរិកចូលប្រើមូលដ្ឋានទ័ពចំនួន៤បន្ថែមទៀត ខណៈ​អាម៉េរិកអាចចូលប្រើប្រាស់បានរហូតដល់៥កន្លែងរួចមកហើយ។ បន្ថែមពីនេះ មេបញ្ជាការឆ្មាំ​សមុទ្រ​ហ្វីលីពីនឧត្តមនាវីឯក Artemio Abu កាលពីថ្ងៃទី៦ ខែកុម្ភៈបាន លើកឡើងថា​ ហ្វីលីពីន​ក៏កំពុង​ពង្រីកវត្តមានរបស់ខ្លួននៅសមុទ្រជម្លោះសមុទ្រចិនខាងត្បូង ដោយដាក់ពង្រាយនាវា និងបន្ថែមជើងហោះហើរដើម្បីការពារដែនសមុទ្រ និងអ្នកនេសាទរបស់ប្រទេស៕
 

Tag:
 អាម៉េរិក
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com