កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក មាម រ៉ា៖ មុនកើន៥០ប្រទេស ១៣ឆ្នាំមុនសមាជិកគុនខ្មែរអន្តរជាតិមាន៥ប្រទេសប៉ុណ្ណោះ ហើយបារាំងចូលមុនគេ
21, Feb 2023 , 10:42 am        
រូបភាព
លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ(ស្តាំ) ក្នុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ។
លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ(ស្តាំ) ក្នុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ។
ដោយ:
កាលពីជាង១៣ឆ្នាំមុន សមាជិកគុនខ្មែរអន្តរជាតិដំបូងគេមានតែ៥ប្រទេសប៉ុណ្ណោះ មុនឈានដល់ ៥០ប្រទេសជាសមាជិកនៅឆ្នាំ២០២៣។ បើតាមលោក មាម រ៉ា ប្រធានសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ ចំណោម៥ប្រទេសដំបូង បារាំងចូលជាសមាជិកគុខខ្មែរអន្តរជាតិមុនគេ ពោលគឺមុនកម្ពុជាទៅទៀត។

 
ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្នាក់ការគណៈកម្មកាជាតិអូឡាំពិកកម្ពុជា(NOCC) លោក មាម រ៉ា បញ្ជាក់ថាសមាជិកគុនខ្មែរអន្តរជាតិ៥ប្រទេសដំបូងដ៏សកម្មក្នុងវិស័យគុនខ្មែរនៅឆ្នាំ២០១០ មាន បារាំង កម្ពុជា អ៊ីរ៉ង់ ស្វ៊ីស និងឥណ្ឌា។
  


លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ បានបន្ថែមថា ចំណោមប្រទេសទាំង៥នេះ បារាំងជាសមាជិកដំបូងគេបង្អស់ ដ្បិតលោក មាម រ៉ា បានដឹកនាំសមាជិកនេះពីប្រទេសបារាំង មកកម្ពុជា។ កម្ពុជាជាប្រទេសទី២ក្នុងនាមសមាជិកគុនខ្មែរអន្តរជាតិ។
 
បន្តបន្ទាប់មក សហព័ន្ធគុនខ្មែរអន្តរជាតិបានកើនសមាជិកដោយចែកជាពីរវគ្គ ក្នុងនោះវគ្គទី១មាន២៩ប្រទេសចូលរួម និងលើកទី២ កើនដល់៥០ប្រទេស ក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំគុនខ្មែរអន្តរជាតិដែលមានភាគី៨ប្រទេសចូលរួម នៅថ្ងៃទី២៦ ខែមករា កន្លងទៅ។
 
បើតាមការបញ្ជាក់របស់ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ ក្នុងចំណោម២១ប្រទេសដែលចូលរួមជាសមាជិកគុនខ្មែរអន្តរជាតិចុងក្រោយក៏មានថៃផងដែរ។ 


 
សមាជិកគុនខ្មែរទាំង៥០ប្រទេសដែលលោក មាម រ៉ា រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗរួមមាន៖ បារាំង កម្ពុជា ឥណ្ឌា ស្វីស អ៊ីរ៉ង់ អង់គ្លេស ហូឡង់ ព័រទុយហ្កាល់ តួកគី អេស្ប៉ាញ អាល្លឺម៉ង់ អ៊ុយក្រែន រ៉ុស្ស៊ី ម៉ារ៉ុក ហុងកុង ឡាវ វៀតណាម កូតឌីវ័រ អាហ្វហ្គានីស្ថាន នេប៉ាល់ សហរដ្ឋអាម៉េរិក កាណាដា អូស្ត្រាលី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ជប៉ុន អ៊ីរ៉ាក់ បែលហ្ស៊ិក អៀរឡង់ ម៉ូរីតានី អាល់ហ្សេរី កៀហ្ស៊ីស៊ីស្ថាន ក្រិក ស៊ីប ស្លូវ៉ាគី ម៉ាដាហ្កាស្កា ស៊ីរី ហ្វីលីពីន យេម៉ែន ម៉ុងហ្គោលី ចិន ថៃ ម៉ាឡេស៊ី ម៉ិកស៊ិក ស្រីលង្ការ កាមេរូន កូរ៉េខាងត្បូង ប៊ុលហ្ការី និងប៉ាគីស្ថាន។
 
យ៉ាងណាក៏ដោយ លោក មាម រ៉ា សង្កត់ធ្ងន់ថា ជាគោលដៅសហព័ន្ធត្រូវការ ២៥ប្រទេសបន្ថែមទៀត ពោលឱ្យដល់៧៥ប្រទេស ឬលើសនេះ ដើម្បីឱ្យគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិទទួលស្គាល់កីឡាគុនខ្មែរ ដែលជាកីឡាប្រពៃណី និងជាកីឡាអត្តសញ្ញាណរបស់កម្ពុជា។ 
 
ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិបញ្ជាក់ថា ការចូលជាសមាជិកគុនខ្មែរអន្តរជាតិបាន តម្រូវឱ្យឆ្លងកាត់លក្ខខណ្ឌត្រឹមត្រូវដែលមានចុះបញ្ជីពីប្រធានសហព័ន្ធ ឬសមាគមប្រដាល់របស់ប្រទេសនោះ៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 មាម រ៉ា
 គុនខ្មែរអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com