ជាតិ
មេបញ្ជាការនារីនៃកងទ័ពមួកខៀវ៖ លក្ខណៈពិសេសរបស់ស្រ្តី គឺភាពអត់ធ្មត់ខ្លាំង និងកែប្រែស្ថានការណ៍
21, Feb 2023 , 3:39 pm        
រូបភាព
ភ្នំពេញ៖ កងកម្លាំងមួកខៀវនារី កំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ វិរសេនីយ៍ឯក កឹម បូរ៉ានី ជាមេបញ្ជាការនារីនៃកងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ៩៨ បានលើកឡើងថា ស្រ្តី មានសមត្ថភាពមិនចាញ់បុរសឡើយ ។ ជាពិសេសស្រ្តី មានភាពអត់ធ្មត់ខ្លាំង ក្នុងការសម្របសម្រួលឱ្យស្ថានភាពតឹងរឹង ប្រែមកជាល្អប្រសើរវិញ។



សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖

 

ក្នុងនាមជាមេបញ្ជាការនារីនៃកងម្ទេចគ្រឿងផ្ទុះលេខ៩៨ ដែលត្រៀមចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល នាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញការប្តេជ្ញាប្រឹងបំពេញភារកិច្ច ឱ្យអស់ពីកម្លាំងកាយចិត្ត ដោយស្មារតីទទួលខុសត្រូវជូនតំបន់បេសកកម្ម និងប្រទេសជាតិ។ 
 
ដ្បិតនេះជាកងថ្មី ដែលទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល វិរសេនីយ៍ឯក កឹម បូរ៉ានី បានបង្ហាញពីមោទកភាពក្នុងជាស្រ្តីមួយរូប ដែលបានក្លាយជាមេបញ្ជាការដូច្នេះ៖«ក្នុងនាមខ្ញុំជាស្រ្តីម្នាក់ ដែលជាមេកងដំបូង នាងខ្ញុំពិតជាមានមោទនភាពសម្រាប់ប្រទេសជាតិ។ នាងខ្ញុំ និងគ្រួសារ មានកិត្តិយស ដោយសារការចូលរួមបំពេញបេសកកម្មនេះ»។
  
វិរសេនីយ៍ឯក កឹម បូរ៉ានី ជាមេបញ្ជាការនារីនៃកងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ៩៨  ឈរនៅចំកណ្តាលនៃអ្នកកាន់ទង់ជាបុរសទាំងពីរ។ រូបភាព៖ ហុង ស្រីណា

ទន្ទឹមនោះ វិរសេនីយ៍ឯក បូរ៉ានី ក៏បានផ្ញើរសារលើកទឹកចិត្តដល់នារីកម្ពុជាគ្រប់រូប ឱ្យមានភាពក្លាហាន ការតាំងចិត្ត និងត្រូវជម្នះរាល់ឧបសគ្គ ព្រោះគ្មានអ្វីដែលស្រ្តីធ្វើមិនបានឡើយ។ 
«ស្រ្តីអាចធ្វើការល្អជាងបុរសទៅទៀត នៅពេលដែលតំបន់ខ្លះពិបាកបំផុត មិនអាចឱ្យបុរសចូលបាន។ កន្លែងនេះហើយ ជាលក្ខណៈពិសេសរបស់ស្រ្តី ។ ស្រ្តីមានភាពអត់ធ្មត់ខ្លាំង ចេះសម្របសម្រួល អាចបង្រួមស្ថានការណ៍ឱ្យត្រជាក់»។  វិរសេនីយ៍ឯក កឹម បូរ៉ានី មេបញ្ជាការកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ បានលើកឡើងដូច្នេះ។ 
 
បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ជាជំនាញថ្មី សម្រាប់បេសកកម្មនៅសាធារណ​រដ្ឋ​អាហ្វ្រិកកណ្តាល ហើយនារីត្រូវបាន​តែងតាំង​ជាមេបញ្ជាការកង ជាលើក​ដំបូង និងមាន​សមត្ថភាព​ប្រើប្រាស់ភាសាបារាំង និងអង់គ្លេស​។ នេះជាការឆ្លើយតប​ទៅនឹង «សកម្មភាព​ដើម្បី​សន្តិភាពបូក» និង «យុទ្ធសាស្រ្តសមភាពយេនឌ័រ ឆ្នាំ២០២៨ របស់អង្គការសហ​ប្រជាជាតិ»៕
 

Tag:
 កងទ័ពមួកខៀវ
  អង្គការសហប្រជាជាតិ
  ស្រ្តី
  អាហ្រ្វិកកណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com