អន្តរជាតិ
អាម៉េរិកថា ការស្ងាត់ស្ងៀមរបស់ក្រុមប្រឹក្សាសន្តិសុខលើបញ្ហាកូរ៉េខាងជើង ជារឿងគ្រោះថ្នាក់
21, Feb 2023 , 4:21 pm        
រូបភាព
ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ (UN)នៅថ្ងៃទី២០ ខែកុម្ភៈបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខ​ថ្កោលទោសការបាញ់មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើងថ្មីៗនេះ និងជំរុញឱ្យទីក្រុងព្យុងយ៉ាងត្រលប់ចូលតុចរចាវិញ។ ឯកអគ្គរដ្ឋទូតអាម៉េរិកក៏បានសង្កត់ធ្ងន់ថា ការស្ងាត់ស្ងៀមរបស់ក្រុមប្រឹក្សាសន្តិសុខ UN លើបញ្ហាកូរ៉េខាងជើងគឺជារឿងគ្រោះថ្នាក់។



កូរ៉េខាងជើង នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ បានបាញ់មីស៊ីលបាលីស្ទិកចំនួនពីរគ្រាប់ទៅក្នុងសមុទ្រខាងកើត ក្រោយបានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) បានពីរថ្ងៃ។ ការបាញ់មីស៊ីលជាបន្តបន្ទាប់នេះ បានធ្វើឱ្យប្រទេសជាច្រើនបង្ហាញការព្រួយបារម្ភ និងថ្កោលទោសលើកូរ៉េខាងជើង។ 
 
បើទោះបីជាកន្លងមក ប្រទេសនានាបានថ្កោលទោសសកម្មភាពកូរ៉េខាងជើងក្តី ក្រុមប្រឹក្សាសន្តិសុខ UN មិនបាន​ថ្កោលទោសរួមជាផ្លូវការនៅឡើយ ដ្បិតចិននិងរុស្ស៊ីតែងប្រើសិទ្ធិវ៉េតូប្រឆាំងនឹងវិធានការផ្សេងៗលើកូរ៉េខាងជើង។ ចិននិងរុស្ស៊ីបានលើកហេតុផលថា ការដាក់សម្ពាធបន្ថែមទៀតលើកូរ៉េខាងជើងនឹងមិនអាចជួយបន្ធូរបន្ថយភាពតានតឹងឡើយ។ កាលពីខែឧសភាឆ្នាំមុន ប្រទេសទាំង​២ ក៏បានវ៉េតូលើការជំរុញដែលដឹកនាំដោយអាម៉េរិកដើម្បីដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើងដែរ។ 
 
នៅថ្ងៃទី២០ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំ UN លោកស្រី  Linda Thomas-Greenfield លើកឡើងថា ការការពារកូរ៉េខាងជើងចំពោះសកម្មភាពដែលខ្លួនបានប្រព្រឹត្តគឺកំពុងធ្វើឱ្យតំបន់អាស៊ីនិងពិភពលោកមានហានិភ័យនៃជម្លោះ។ 
 
«កង្វះសកម្មភាពរបស់ក្រុមប្រឹក្សាគឺអាក្រក់ជាងការអាម៉ាស់ទៅទៀត។ វាអាចបង្កជាគ្រោះថ្នាក់»។ លោកស្រី Linda Thomas-Greenfield បានលើកឡើងបែបនេះប្រាប់ក្រុមប្រឹក្សាសន្តិសុខក្នុងកិច្ចប្រជុំនៅថ្ងៃទី២០ ខែកុម្ភៈ មុនជំរុញឱ្យមានការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។ 
 
យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតចិនប្រចាំ UN លោក Dai Bing អះអាងថា កិច្ចប្រជុំជាបន្តបន្ទាប់និងការអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើង គឺមិនអំណោយផលសម្រាប់ការដោះស្រាយបញ្ហានេះទេ។ 
 
គួរបញ្ជាក់ថា ការចេញ​ថ្កោលទោសរួមរបស់ក្រុមប្រឹក្សាសន្តិសុខ អាចកើតឡើងទៅបានលុះត្រាតែមានការយល់ព្រមពីសមាជិកទាំង១៥។ វិធានការលើកចុងក្រោយដែលក្រុមប្រឹក្សាសន្តិសុខបានចាត់លើកូរ៉េខាងជើង គឺតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ក្រោយកូរ៉េខាងជើងព្យាយាមអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន៕
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com