ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាឧទ្ធរណ៍ មិនដោះលែងលោក ថាច់ សេដ្ឋា ឡើយ
21, Feb 2023 , 5:19 pm        
រូបភាព
លោក ថាច់ សេដ្ឋា ឡើងនិយាយក្នុងវេទិកាគណបក្សភ្លើងទៀន កាលពីលោក មិនទាន់ត្រូវចាប់ខ្លួន (រូបពីហ្វេសប៊ុករបស់លោក)។
លោក ថាច់ សេដ្ឋា ឡើងនិយាយក្នុងវេទិកាគណបក្សភ្លើងទៀន កាលពីលោក មិនទាន់ត្រូវចាប់ខ្លួន (រូបពីហ្វេសប៊ុករបស់លោក)។
ដោយ៖ ទេពញាណ 
សាលាឧទ្ធរណ៍ភ្នំពេញ មិនជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការបន្តឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន នោះទេ។ សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលស្របនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះ ធ្វើឡើងក្នុងសវនាការ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានវត្តមានលោក ថាច់ សេដ្ឋា និង មេធាវីរបស់លោកផងដែរ។


ក្រោយចប់សវនាការ លោក ជូង ជូងី មេធាវីរបស់លោក ថាច់ សេដ្ឋា បានប្រាប់អ្នកគាំទ្រគណបក្សភ្លើងទៀន ដែលឈរចាំនៅខាងក្រៅសាលាឧទ្ធរណ៍ភ្នំពេញយ៉ាងដូច្នេះថា៖«មិនដោះលែងទេ»។ លោកមេធវី អះអាងថា លោក នឹងទៅជួបលោក ថាច់ សេដ្ឋា នៅពន្ធនាគារ ហើយនឹងបន្តធ្វើទៅតាមនីតិវិធី ដែលលោក ថាច់ សេដ្ឋា ចង់បាន។ 
 
យ៉ាងណា លោកមេធាវី ពុំបានបញ្ជាក់ពីហេតុផលរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលបន្តឃុំខ្លួនលោក ថាច់ សេដ្ឋា ឡើយ។ សារព័ត៌មានថ្មីៗ បានហៅទូរស័ព្ទទៅលោក ដើម្បីចង់ដឹងពីហេតុផលរបស់សាលាឧទ្ធរណ៍ តែលោក ពុំទទួលការហៅចូល។ 
 
ក្រៅពីសមាជិក-សមាជិកា និងអ្នកគាំទ្រទូទៅ គេ ក៏ឃើញមានថ្នាក់ដឹកនាំមួយចំនួនរបស់គណបក្សភ្លើងទៀន ទៅចូលរួមឃ្លាំមើលអង្គសវនាការលើសំណុំរឿងលោក ថាច់ សេដ្ឋា នៅក្រៅសាលាឧទ្ធរណ៍ភ្នំពេញផងដែរ ដូចជា លោក សុន ឆ័យ ជាអនុប្រធាន និងលោក លី សុធារ៉ាយុត្តិ ជាអគ្គលេខាធិការ ជាដើម។ 
 
សូមរម្លឹកថា លោក ថាច់ សេដ្ឋា ត្រូវសមត្ថកិច្ច ចាប់ខ្លួន កាលពីអំឡុងខែមករា ឆ្នាំ២០២៣ ពីបទចេញសែកស្អុយ ឬសែកគ្មានសាច់ប្រាក់។ ក្រោយមក១ថ្ងៃប៉ុណ្ណោះ លោកមេធាវី ជូង ជូងី ក៏សរសេរបណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីសុំជំទាស់នឹងដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចឃុំខ្លួនលោក ថាច់ សេដ្ឋា៕ 
 

Tag:
 ថាច់ សេដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com