ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជាចំនួន ៩៨នាក់ ចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជជាតិ នៅអាហ្វ្រិកកណ្ដាល នាម៉ោង៧យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។កងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ៩៨ជាកងជំនាញថ្មី សម្រាប់បេសកកម្មនេះផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បាននិយាយថា កងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ដែលនឹងឈរជើងនៅរដ្ឋធានី Bangui នេះ មានកម្លាំងនាំមុខចំនួន១៥នាក់ បានទៅដល់តំបន់បេសកកម្មមុន កាលពីខែមករា ដោយមធ្យោបាយ សម្ភារៈ និងគ្រឿងបំពាក់ ក៏បានទៅដល់ទីនោះជាបណ្តើរៗផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ រូបភាព៖ ហុង ស្រីណា
កងកម្លាំងទាំង៩៨នាក់នេះ មកពីបណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ សកលវិទ្យាល័យការពារជាតិ វិទ្យាស្ថានបច្ចេកទេសតេជោ ហ៊ុន សែន វិទ្យាស្ថានកងទ័ពជើងគោក បញ្ជាការដ្ឋានកាំភ្លើងធំ បញ្ជាការដ្ឋានការពារអាកាស និងបញ្ជាការដ្ឋានការពារកោះឆ្នេរ។ ក្រៅពីនេះ ក៏មានមកពីយោធភូមិភាគទី៥ យោធភូមិភាគទី៤ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចថ្មើរជើងលេខ៥៣ តំបន់ប្រតិបត្តិការសឹករងកំពត។
ជាមួយគ្នានោះ ក៏មានកងកម្លាំងមកពីមន្ទីរពេទ្យព្រះកេតុមាលា ដែលទទួលបានការហ្វឹកហ្វឺនមុនចល័ត និងលើជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ពីគ្រូបង្គោលកម្ពុជា បារាំង អូស្ត្រាលី និងបណ្តាប្រទេសជាមិត្ត ដើម្បីប្រសិទ្ធភាពនិងប្រសិទ្ធផល។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ៖« ក្រៅពីការងារបំពាក់មធ្យោបាយសម្ភារៈ រាល់ការងារធានាផ្សេងៗ ដូចជា ឱសថ បរិក្ខារ គ្រឿងបន្លាស់ និងការងារធានាជីវភាពរស់នៅ ត្រូវបានរៀបចំសម្រាប់រយៈពេល១ឆ្នាំ ដូចបណ្តាកងមុនៗដែរ ព្រមទាំងបានចាក់ថ្នាំបង្ការផ្សេងៗតាមនិយាមរបស់អង្គកាសហប្រជាជាតិ»។
នាពិធីជូនដំណើរកងកំទេចគ្រឿងផ្ទុះចេញបំពេញបេសកកម្មនៅអាហ្រ្វិកកណ្តាល សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានក្រើនរម្លឹកដល់កងកម្លាំងត្រៀមចេញបេសកកម្មឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដ្បិតស្ថានភាពសាធារណរដ្ឋអាហ្រ្វិកកណ្តាល មានវត្តមានភាគីប្រដាប់អាវុធ ដែលវាយប្រហាររដ្ឋាភិបាល និងកងកម្លាំងសន្តិសុខជាតិ។ លើសពីនេះ ក៏មានការដាក់មីន និងគ្រឿងផ្ទុះកែច្នៃ និងជំងឺគ្រុនចាញ់ផងដែរ។
សម្ដេច ទៀ បាញ់ ក៏បានលើកទឹកចិត្តដល់កងកម្លាំងឱ្យមានការគោរពស្រឡាញ់គ្នា រួបរួម សាមគ្គី និងចេះជួយគ្នាទៅវិញទៅមក។ សម្តេច បានមានប្រសាសន៍ថា៖«ត្រូវយកចិត្តទុកដាក់មើលថែទាំគាំពារគ្នា សមដូចសុភាសិតខ្មែរពោលថា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ
ទន្ទឹមនោះ លោក Jo SCHEUER អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានថ្លែងក្នុងពិធីជូនដំណើរដូច្នេះថា៖«ខណៈពេលដែលកងលេខ៩៨ ចេញដំណើរ គឺជាពេលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះ រួមទាំងការទទួលស្គាល់ថា វឌ្ឍនភាពយូរអង្វែងក្នុងការពង្រឹងសន្តិសុខ ការបង្រួបបង្រួមជាតិ នីតិរដ្ឋ សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាពត្រូវតែកើតឡើងស្របគ្នា»។
លោក Jo SCHEUER អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ
ដោយមើលឃើញពីថា កងលេខ៩៨ ជាកងកម្លាំងដំបូងដែលដឹកនាំដោយនារី លោក Jo SCHEUER ជឿជាក់ថា នារីនឹងក្លាយជាមេកងជាបន្តបន្ទាប់ទៀត។ បើតាមលោក Jo SCHEUER តួលេខរបស់អង្គការសហប្រជាជាតិ បង្ហាញនៅចុងឆ្នាំ២០២២ កម្ពុជាជាប់ចំណាត់ថ្នាក់ទី៥ នៅទូទាំងពិភពលោក ដែលត្រូវបានដាក់ពង្រាយកម្លាំងជាស្ត្រី ក្នុងចំណោមប្រទេសចំនួន៧៨ ។
ចាប់ពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សរុប៨៨៥៩នាក់ ក្នុងនោះនារីចំនួន៦៨១នាក់ ក្នុងប្រទេសចំនួន៩ ដូចជា សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន។ បច្ចុប្បន្ន កម្លាំងកម្ពុជាចំនួន៧៨៨នាក់ ក្នុងនោះនារីចំនួន១៣០នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕
កងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ដែលត្រៀមចេញបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល។ រូបភាព៖ ហុង ស្រីណា