សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រជាជនរុស្សីប្តូរទៅទិញរថយន្តជជុះ ព្រោះរថយន្តថ្មីមានតម្លៃថ្លៃដោយសារទណ្ឌកម្ម
22, Feb 2023 , 8:29 am        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
ឧស្សាហកម្មរថយន្តរបស់រុស្ស៊ីត្រូវបានរងផលប៉ះពាល់ដោយការដាក់ទណ្ឌកម្ម ដែលបណ្តាលឱ្យផលិតកម្មធ្លាក់ចុះ តម្លៃកើនឡើងយ៉ាងខ្លាំង ហើយអ្នកទិញត្រូវប្តូរទៅប្រើប្រាស់រថយន្តដែលមានតម្លៃថោក។

 
ខណៈអ្នក​វិភាគ​នៅ​តែ​ជជែក​គ្នា​អំពី​ប្រសិទ្ធភាព​នៃ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​លោកខាងលិច​មក​លើ​រុស្ស៊ី ឧស្សាហកម្មរថយន្តប្រទេស ត្រូវមើលឃើញថា រងផលប៉ះពាល់យ៉ាងច្បាស់ ដោយសារតែរុស្ស៊ីពឹងផ្អែកលើក្រុមហ៊ុនផលិតរថយន្តបរទេស និងគ្រឿងបន្លាស់ដែលនាំចូល។
 
ចំនួនទឹកប្រាក់ដែលជនជាតិរុស្ស៊ីចំណាយលើរថយន្តថ្មីបានធ្លាក់ចុះ៥២ភាគរយមកនៅត្រឹម ១,៥ទ្រីលានរូប្លិ (២០,៤ពាន់លានដុល្លារ) កាលពីឆ្នាំមុន។ ការលក់រថយន្តថ្មីបានថយចុះ ៥៨,៨ភាគរយ។ ការផលិតរថយន្តក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៩១នៅពេលដែលក្រុមហ៊ុនផលិតរថយន្តលោកខាងលិចបានបិទប្រតិបត្តិការ និងលក់រោងចក្រ។
 
បើតាមទិន្នន័យពីក្រុមហ៊ុនវិភាគទិន្នន័យរថយន្តរុស្ស៊ី Autostat ការចំណាយសរុបទាំងរថយន្តថ្មី និងរថយន្តប្រើរួចគឺធ្លាក់ចុះ ១៥ភាគរយក្នុងឆ្នាំ ២០២២។ ផ្ទុយមកវិញ ការ​ចំណាយ​លើ​រថយន្ត​ជជុះ​បាន​កើន​ឡើង ១៤ភាគរយ។ រថយន្តប្រើរួចបានរួមចំណែកជិតបីភាគបួននៃរថយន្តដែលបានលក់កើនឡើង ៥៥ភាគរយបើធៀបនឹងឆ្នាំ ២០២១។
 
នាយកប្រតិបត្តិក្រុមហ៊ុន Autostat លោក Sergei Udalov បានឱ្យដឹងថា ៖ «ទឹកប្រាក់កំពុងហូរទៅកាន់ទីផ្សាររថយន្តជជុះ។ ទន្ទឹមនឹងនោះ រចនាសម្ព័ន្ធនៃទីផ្សាររថយន្តថ្មីបានផ្លាស់ប្តូរយ៉ាងខ្លាំង។ រថយន្ត Lada និងរថយន្តចិនមានតម្លៃប្រហែល  ២លានរូប្លិ នៅតែមានលក់នៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែម៉ាករថយន្តប្រណីតស្ទើរតែបាត់បង់ទៅហើយ»។ 
 
បើតាមទីភ្នាក់ងារស្ថិតិរុស្ស៊ី Rosstat  អត្រាអតិផរណា ១២ភាគរយកាលពីឆ្នាំមុនបានកាត់បន្ថយមួយផ្នែកនៃប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាជនរុស្ស៊ី ១ភាគរយ ។ អ្នកលក់រាយបានបណ្តាក់ទុនយ៉ាងច្រើននៅក្នុងប្រភេទហាងដែលមានតម្លៃទាបៗ។ និន្នាការ​នេះ​ក៏​បង្ហាញ​ឱ្យ​ឃើញនៅ​ក្នុង​ឧស្សាហកម្ម​រថយន្ត​ផង​ដែរ​។
 
ទិន្នន័យរបស់ក្រុមហ៊ុន Autostat បានបង្ហាញដែរថា តម្លៃជាមធ្យមនៃរថយន្តថ្មីដែលបានលក់កាលពីឆ្នាំមុនបានកើនឡើងដល់ ១៧ភាគរយ ដែលមានតម្លៃ ២,៣៣លានរូប្លិ ខណៈតម្លៃរថយន្តប្រើរួចបានកើនឡើងកាន់តែខ្លាំងដោយបន្ថែម ៣២ភាគរយទៅ។
 
ទាក់ទងរឿងនេះ ក្រុមហ៊ុន Skoda Auto ដែលជាផ្នែកមួយនៃក្រុមហ៊ុន Volkswagen បានលើកឡើងថា ការដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ីបានធ្លាក់ចុះ ៨០ភាគរយកាលពីឆ្នាំមុន។ ក្រុមហ៊ុន Volkswagen បានបិទរោងចក្ររបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី និងបញ្ឈប់ការនាំចូល។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​មិន​ទាន់​ព្រម​លក់​រោងចក្រ​ដូច​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​នៅ​ឡើយ​ទេ។
 
រលក​នៃ​អាជីវកម្ម​លោកខាងលិច​ដែល​ចាកចេញ​ពី​រុស្ស៊ី​ក៏​ជួយ​ម៉ាក​យីហោ​ចិន​គ្រប់គ្រង​ទីផ្សារ​បណ្តើរៗ​ដែរដូចជាម៉ាស៊ីនរបស់ JAC (ចិន) ត្រូវបានប្រើដើម្បីស្តារឡើងវិញនូវក្រុមហ៊ុន​ Moskvich ក្នុងប្រទេសរុស្ស៊ី។
 
អ្នកវិភាគបានព្យាករថា ការលក់រថយន្តថ្មីនៅក្នុងប្រទេសអាចនឹងកើនឡើងដល់ ៨០០ពាន់គ្រឿងនៅឆ្នាំនេះ ធៀបនឹងជិត ៦៩០ពាន់គ្រឿងកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះនៅតែទាបជាង ១,៦លានគ្រឿងក្នុងឆ្នាំ ២០២១៕
 

Tag:
 រុស្ស៊ី រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com