ជាតិ
ពីនេះ ពីនោះ
ត្រីទឹកសាបមានស្រកា ៣ប្រភេទមានតម្លៃខ្ពស់ខ្លាំង នៅកម្ពុជា
22, Feb 2023 , 8:59 am        
រូបភាព
ត្រីទឹកសាបមានស្រការបស់កម្ពុជាចំនួនបីប្រភេទមានតម្លៃខ្ពស់
ត្រីទឹកសាបមានស្រការបស់កម្ពុជាចំនួនបីប្រភេទមានតម្លៃខ្ពស់
ដោយ:
ភ្នំពេញ៖ ត្រីទឹកសាបមានតម្លៃថ្លៃជាងគេនៅក្នុងប្រទេសកម្ពុជាមានបីប្រភេទគឺ ត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខពីរ និងត្រីប៉ាវ៉ាមុខមួយ។ ត្រីបីប្រភេទនេះអាចមានតម្លៃចន្លោះពីជាង១០ម៉ឺនរៀល រហូតដល់៤៨ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ បច្ចុប្បន្នត្រីទាំងបីប្រភេទនេះ ត្រូវបានអ្នកនេសាទរកបានដោយកម្រ និងតាមរដូវកាលដោយភាគច្រើនអាចមាននៅតាមទន្លេមេគង្គផ្នែកខាងលើ ដូចជាក្រចេះ ស្ទឹងត្រែង និងរតនគិរី។




ត្រីប៉ាសេអ៊ី

ត្រីប៉ាសេអ៊ី៖ ជាប្រភេទត្រី ដែលប្រជាពលរដ្ឋមួយចំនួនធំនិយាយថា មានរសជាតិឆ្ងាញ់ជាងត្រីទឹកសាបផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។ ដោយសារភាពល្បីល្បាញ និងជាប្រភេទត្រីកម្ររកបាននោះ បច្ចុប្បន្ន វាអាចមានតម្លៃចាប់ពី៣០ម៉ឺនរៀលឡើងទៅ។ ពលរដ្ឋចង់បរិភោគត្រីប្រភេទនេះ ត្រូវដឹងពីរដូវរបស់វា ទើបអាចទៅទិញនៅលើទីផ្សារបាន។  តាមធម្មតាត្រីនេះ ច្រើនមាននៅចន្លោះខែវិច្ឆិកា រហូតដល់ខែកុម្ភៈ អាចមានតម្លៃចន្លោះពី៣០ម៉ឺន ទៅ៤៨ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ នៅចន្លោះខែមេសា និងខែឧសភា ត្រីប៉ាសេអ៊ីមានត្រូវខ្លះដែរ ប៉ុន្ដែច្រើនមានទំហំតូច ចន្លោះ២ទៅ៥ក្រាម​ប៉ុណ្ណោះ ក្នុងមួយក្បាល។ ចំពោះតម្លៃត្រីកាន់តែតូច តម្លៃក៏ទៅតាមនោះដែរ។
 
ត្រីប្រភេទនេះ អាចមានទម្ងន់ត្រឹម៣គីឡូក្រាមក្នុងមួយក្បាល។ ត្រីប៉ាសេអ៊ី គេអាចយកទៅស្ងោរជ្រក់ ចំហុយ ខ និងធ្វើអ្វីក៏បាន តាមចំណូលចិត្ត។ ជាមួយគ្នានោះ គេអាចយកធ្វើផ្អក ឬប្រហុកបានផងដែរ។
  

ត្រីប៉ាវ៉ាមុខពីរ

ត្រីប៉ាវ៉ាមុខពីរ៖ ត្រីប្រភេទនេះត្រូវបានគេឱ្យចំណាត់ថ្នាក់លេខពីរថាមានតម្លៃថ្លៃបន្ទាប់ពីត្រីប៉ាសេអ៊ី។ ប៉ាវ៉ាមុខពីរអាចមានទម្ងន់រហូតដល់១០គីឡូក្រាម ក្នុងមួយក្បាល។ ត្រីប្រភេទនេះអាចមានតម្លៃចន្លោះពី១០ ទៅ២០ម៉ឺនរៀលក្នុងមួយគីឡូក្រាម។  ថ្លៃឬថោកក៏អាស្រ័យតាមទំហំរបស់វាដែរ។ សម្រាប់ការនិយមបរិភោគ ត្រីប្រភេទនេះក៏មិនខុសពីត្រីប៉ាសេអ៊ីដែរ។


ត្រីប៉ាវ៉ាមុខមួយ។ រូបភាព៖ សៀវភៅ ត្រីទឹកសាបនៅក្នុងប្រទេសកម្ពុជា
 
ត្រីប៉ាវ៉ាមុខមួយ៖ ត្រីប៉ាវ៉ាមុខមួយ មានរូបរាងប្រហែលត្រីក្អែក ពលរដ្ឋមួយចំនួន ដែលមិនធ្លាប់ឃើញអាចច្រឡំគ្នាបាន។ ត្រីប្រភេទនេះ អាចមានតម្លៃក្រោមត្រីប៉ាវ៉ាមុខពីរបន្តិចប៉ុណ្ណោះ។ ប្រភេទត្រីមានស្រកាទាំងបីខាងលើ គេអាចចាត់ទុក ជាត្រីទឹកសាបដែលមានតម្លៃថ្លៃជាងត្រីទឹកសាបផ្សេងទៀត ដែលរស់ក្នុងទន្លេ និងបឹង។ ម្យ៉ាងវិញទៀត ត្រីទាំងនេះពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គផ្នែកខាងលើ ភាគច្រើនស្គាល់ ប៉ុន្ដែប្រជាជនរស់នៅតាមទន្លេមេគង្គផ្នែកខាងក្រោមមិនសូវស្គាល់ និងកម្របានឃើញណាស់៕

 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com