ជាតិ
សេដ្ឋកិច្ច
ការចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជិតដល់ការបញ្ចប់ហើយ
22, Feb 2023 , 9:09 am        
រូបភាព
ការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) ជុំទី៣ កំពុងដំណើរការ នៅទីក្រុងឌុយបៃ នៃអេមីរ៉ាតអារ៉ាប់រួម។ ការចរចាបើកទីផ្សារថ្មីរបស់កម្ពុជានេះ មានរយៈពេល៣ថ្ងៃដោយចាប់ពីថ្ងៃទី២០ដល់២២កុម្ភៈ ឆ្នាំ២០២៣។​

 
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្រកាសចាប់ផ្តើមចរចាជុំទី៣នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៅថ្ងៃទី២០កុម្ភៈ ដែលមានលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង​ លោក ជូម៉ា អាល់ កាត (Juma AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ជាប្រធានក្រុមចរចាពាណិជ្ជកម្មរបស់ភាគីទាំងពីរប្រទេស។​
 
ដំណើរការចរចាលើកិច្ចព្រមព្រៀងCambodia-UAE CEPA ដែលឈានដល់ការចរចាជុំទី៣នេះ ធ្វើឡើងបន្ទាប់ពីភាគីទាំងពីរសម្រេចបាននូវលទ្ធផលជាផ្លែផ្កាក្នុងការចរចាជុំទី១ នៅអាប៊ុយដាប៊ី និងជុំទី២ នៅភ្នំពេញ នាពេលកន្លងមក​។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា លើសពីនេះ ភាគីទាំងពីរក៏បានគាំទ្រលើបំណង ដែលនឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀង Cambodia-UAE CEPA ឱ្យបានត្រឹមជុំទី៣នេះ និងឈានដល់ការប្រកាសបិទបញ្ចប់ការចរចាជាផ្លូវការនាពេលឆាប់ៗ ខាងមុខ ។
 
បើតាមក្រសួងពាណិជ្ជកម្ម ភាគីទាំងពីរ ទទួលស្គាល់ថា កិច្ចព្រមព្រៀង Cambodia-UAE CEPA នេះ នឹងក្លាយជាកម្លាំងចលករជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ រួមទាំងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។  
 
ការចរចារពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, សន្តិសុខស្បៀង ថាមពលដែលកកើតឡើងវិញ និងផ្តោតលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ...ជាដើម។​ 
 
កន្លងមក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយនេះ មានលក្ខណៈពិសេសសម្រាប់កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ព្រោះកិច្ចព្រមព្រៀងនេះនឹងបន្តពង្រឹងមិត្តភាព ដែលមានស្រាប់ជាប្រពៃណីរវាងរបស់ទាំងពីរ និងលើកទំនងទំនាក់ទំនងដែលកំពុងរីកចម្រើនក្នុងពិភពអារ៉ាប់ និងអាស៊ាន។ 
  
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា រំពឹងថា អេមីរ៉ាតអារ៉ាប់រួម អាចជួយកម្ពុជាក្នុងការពន្លឿនសេដ្ឋកិច្ចឌីជីថល ហើយថែមទាំងដើរតួជាវេទិកាសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ ក្នុងការជំរុញទំនាក់ទំនងរបស់កម្ពុជា ​ជាមួយប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកឱ្យបានកាន់តែទូលំទូលាយ។​​ 
 
កាលឆ្នាំ២០២២ទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរសម្រេចបាន ក្នុងទំហំ៤០០លានដុល្លារ កើនប្រមាណ៣០ភាគរយ ធៀបនឹងឆ្នាំ២០២១។ សម្រាប់កិច្ចព្រមព្រៀង Cambodia-UAE CEPA ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរ រំពឹងថា នឹងជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់កើនតែប្រសើរថែមទៀត៕
 

Tag:
 ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com