កីឡាអន្តរជាតិ
អន្តរជាតិ
Klopp ខឹងខ្សែការពារ Liverpool ដែលបណ្តោយ Real រកគ្រាប់ចំណេញក្រៅដីដល់ទៅ៥គ្រាប់
22, Feb 2023 , 10:19 am        
រូបភាព
ម្ចាស់ការពារជើងឯក Real Madrid រកបាន៥គ្រាប់តាមក្រោយ ពីការនាំមុខរបស់ Liverpool ដែលរកបាន២គ្រាប់មុន ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមជើងទី១។ លោក Jürgen Klopp អ្នកចាត់ការទូទៅ Liverpool ខឹងខ្សែការពារខ្លួនដែលបណ្តោយឱ្យអធិរាជសតាមបានដល់ទៅ៥គ្រាប់។



Liverpool នៅតែមិនអាចយកឈ្នះគូប្រជែងចាស់ Real Madrid ដោយបន្តរងបរាជ័យក្នុងលទ្ធផល ៥-២ នៅជំនួបជើងទី១ នៅកីឡដ្ឋាន Anfield នារាត្រីថ្ងៃទី២១ ខែកុម្ភៈ។
 
ក្រុមម្ចាស់ផ្ទះ Liverpool រកបានគ្រាប់បាល់នាំមុខមុនដល់ទៅ២គ្រាប់ដែលធ្វើបានដោយ Darwin Nunez នៅនាទីទី៤ និង Mohamed Salah នាទី១៤។ យ៉ាងណាក៏ដោយ នៅវគ្គទី១ដដែល Vinicius Junior រកបាន២គ្រាប់តាមស្មើឱ្យ Real Madrid វិញនៅនាទី២១ និង៣៦។
 
ចូលដល់វគ្គទី២ ក្រោយដំណើរការប្រកួតបាន២នាទី ខ្សែការពារ Eder Militao រកបានគ្រាប់នាំមុខឱ្យក្រុមភ្ញៀវ មុនពេល Karim Benzema សម្រេចទី២គ្រាប់បន្ថែមទៀតនៅនាទី ៥៥ និង៦៧ ដើម្បីជួយក្រុមអធិរាជសឈ្នះហង្សក្រហម ៥-២។
 
ក្រោយបរាជ័យនេះ លោក Klopp បានដាក់កំហុសទៅកាន់ខ្សែការពាររបស់ខ្លួនដែលធ្វើឱ្យរបូតគ្រាប់បាល់ដល់ទៅ៥គ្រាប់ក្នុងដីខ្លួនឯង។
 
«យើងបានផ្តល់គ្រាប់បាល់ចំណេញក្រៅដៅឱ្យ Real Madrid ដល់ទៅ៥គ្រាប់។ Liverpool បានបណ្តោយឱ្យរបូតគ្រាប់បាល់៥គ្រាប់ក្នុងការប្រកួតក្របខណ្ឌអឺរ៉ុបនៅកីឡដ្ឋាន Anfield ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេថា»។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ប្រាប់អ្នកកាសែតបែបនេះក្រោយចប់ការប្រកួត។
 
លទ្ធផល ៥-២នេះ បានជួយក្រុមលោក Carlo Ancelotti មានប្រៀបលើ Livepool សម្រាប់ជំនួបជើងទី២ និងមានភាគរយខ្ពស់ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ។
 
Liverpool បានរងបរាជ័យរួចមកហើយក្រោមថ្វីជើងរបស់ក្រុមដែលមានលោក Ancelotti ជាអ្នកចាត់ការនៅវគ្គផ្តាច់ព្រ័ត្រក្រខណ្ឌកំពូលអឺរ៉ុបនេះនៅរដូវកាលមុនដោយលទ្ធផល ១-០។ 
 
ក្រោមការដឹកនាំរបស់លោក Klopp ហង្សក្រហមធ្លាប់ចាញ់ក្រុមអធិរាជសនៅវគ្គផ្តាច់ព្រ័ត្រ Champions League ចំនួន២លើកនៅរដូវកាល ២០២១-២២ និង២០១៧-១៨ ដែលកាលនោះ Zinedine Zidane នៅដឹកនាំ។
 
ជំនួបមួយគូទៀតនៅវគ្គ១៦ក្រុម ជើងទី១នេះដែរ Napoli ក្រុមកំពុងឡើងជើង បានយកឈ្នះម្ចាស់ផ្ទះ Eintracht Frankfurt ២-០៕
 
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com