ជាតិ
វីដេអូ
និស្សិតស្ម័គ្រចិត្តជាង២០០នាក់ នឹងជួយផលិតគ្រាប់ពូជស្រូវសុទ្ធល្អដល់កសិករ
22, Feb 2023 , 2:09 pm        
រូបភាព
និស្សិតកសិកម្មស្ម័គ្រចិត្តជួបសំណេះសំណាលជាមួយរដ្ឋមន្រ្តីក្រសួង​កសិកម្ម កាលពីថ្ងៃទី១៧ ខែកុម្ភៈ។
និស្សិតកសិកម្មស្ម័គ្រចិត្តជួបសំណេះសំណាលជាមួយរដ្ឋមន្រ្តីក្រសួង​កសិកម្ម កាលពីថ្ងៃទី១៧ ខែកុម្ភៈ។
ភ្នំពេញ៖ និស្សិតស្ម័គ្រចិត្តជាង២០០នាក់មកពីមហាវិទ្យាល័យចំនួន៨ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងចូលរួមក្នុងគម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវ និងជំរុញការនាំចេញអង្ករប្រកបដោយគុណភាពនាពេលខាងមុខ។ ក្នុង​គម្រោង​នេះ នឹង​ជួយ​កសិករ​អាច​ផលិត​គ្រាប់​ពូជ​ដែល​មាន​សុទ្ធ ដើម្បី​អាច​ចែកចាយនៅក្នុង និងក្រៅប្រទេស។



ដើម្បី​ជ្រាប​កាន់​តែច្បាស់ សូម​អញ្ជើ​ញ​ទស្សនា​វីដេអូខាង​ក្រោមដូចតទៅ៖

 

គម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវ និងជំរុញការនាំចេញអង្ករប្រកបដោយគុណភាព ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ទិសដៅ​ជួយ​កសិករ​ឱ្យ​ទទួល​បាន​ពូជ​សុទ្ធ​ ដើម្បី​ប្រើប្រាស់​និង​នាំចេញ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។​ គម្រោង​នេះ តម្រូវឱ្យនិស្សិតកសិកម្មស្ម័គ្រចិត្តទាំងអស់ ចុះជួយ និងបង្រៀនប្រជាពលរដ្ឋ ពីការផលិតគ្រាប់ពូជស្រូវដែលសុទ្ធល្អ។ 
 
លោក ង៉ោ ប៊ុន​ថាន សាកល​វិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បញ្ជាក់ថា គម្រោង​នេះ ផ្ដល់​ឱកាស​ដល់​និស្សិត​កសិកម្ម បាន​ប្រឡូក​ក្នុង​ស្ថាន​ភាព​ជាក់​ស្ដែង​ និង​ទទួល​បាន​បទពិសោធ​​គ្រប់​គ្រាន់​ ដើម្បី​ប្រែ​ក្លាយ​ខ្លួន​ជា​កម្លាំង​ដ៏​រឹង​មាំ​នៃធនធាន​មនុស្ស​ក្នុង​វិស័យ​កសិកម្ម។ បើតាម​សាកលវិទ្យាធិការ​រូបនេះ ក្នុង​គម្រោង​នេះ មាន​និស្សិត​កសិកម្ម​ស្ម័គ្រចិត្ត​ចំនួន ២១១នាក់ ក្នុង​នោះ​មាន​ស្រ្តី​ចំនួន ១១២នាក់។​
 
លោក ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យដឹង​​ថា គម្រោងនេះ សំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋមានគ្រាប់ពូជសុទ្ធក្នុងការដាំដុះដំណាំស្រូវ។ «ទស្សនទាន​ ការ​ណែ​នាំរបស់​ឯកឧត្តម​រដ្ឋមន្រ្តី គឺ​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​​នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​គ្រាប់​ពូជ​ស្រូវ​សុទ្ធ​ប្រើ​ប្រាស់ជំនួស​គ្រាប់ពូជ​បច្ចុប្បន្នដែល​មានពូជខ្លះ ជា​ពូជសុទ្ធ និង​ខ្លះជា​ពូជ​មិន​សុទ្ធ។ ​ហើយ​តែង​តែ​រង​ការ​រិះ​គន់ទៅ​លើ​បញ្ហា​គុណភាពអង្ករ​​នៅពេល​នាំចេញ​ និង​ពេល​បរិភោគ»។ នេះជា​ការ​លើក​ឡើង​របស់​លោក ចាន់ ចេស្ដា។
  
លោក ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
 
តាមរយៈគម្រោងនេះ និស្សិតស្ម័គ្រចិត្តទាំងអស់នឹងត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលជាមួយវិទ្យាស្ថានកាឌី និងអគ្គនាយកដ្ឋានកសិកម្មជាមុនសិន ទើបអាចចុះជួយកសិករបាន។ ជាមួយគ្នានេះ ក្រុមនិស្សិតស្ម័គ្រចិត្តនឹងត្រូវបែងចែកទៅតាមខេត្តគោលដៅទាំង៩ រួមមាន​ ខេត្ត​បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, ពោធិ៍សាត់, កំពង់ធំ, កំពង់ឆ្នាំង, ព្រៃ​វែង និង​តាកែវ​។
 
ក្នុងឱកាសសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្ត លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីការបង្កើតពូជសុទ្ធយ៉ាងដូច្នេះ៖«បង្កើត​ពូជនេះ វា​មាន​ច្រើន​ដំណាក់កាល​ ដើម្បី​ឱ្យ​បាន​ពូជសុទ្ធ។ ដូច្នេះ​ដើម្បី​បាន​ពូជ​សុទ្ធ​ យើង​មិន​អាចយកពូជ​ដែល​ដាំរួចហើយ ត្រឡប់យក​មក​ដាំ​វិញ​ដដែលនោះទេ​។ ពូជ​សុទ្ធ​មែនទែន កើត​ចេញ​ពូជ​គ្រឹះ​ ដែល​វិទ្យាស្ថាន​កាឌី​បាន​បង្កើត​​»។
 
បើតាមលោក ឌិត ទីណា ក្នុងការស្ម័គ្រចិត្តនេះ ក្រៅពីជួយប្រជាកសិករក្នុងការផលិតគ្រាប់ពូជដែលមានគុណភាពល្អ និងច្បាស់លាស់ ក៏បានចូលរួមលើកស្ទួយ និងផ្ដល់ឱកាសដល់និស្សិតកសិកម្មផងដែរ។ ពិសេស អាចក្លាយជាទុនសម្រាប់និស្សិតក្នុងការអភិវឌ្ឍខ្លួន ដើម្បីក្លាយជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងអ្នកជំនួញនាពេលអនាគត។
  

លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ។
 
វត្តមាននិស្សិតកសិកម្មស្ម័គ្រចិត្តក្នុងគម្រោងខាងលើនេះ មិនត្រឹមជួយកសិករក្នុងការផលិតគ្រាប់ពូជនោះទេ តែជួយឱ្យកសិករចេះប្រើប្រាស់ធាតុចូលត្រឹមត្រូវ និងកាត់បន្ថយចំណាយក្នុងការដាំដុះដំណាំស្រូវ។ លើសពីនេះ ក៏បណ្ដុះស្មារតីនិស្សិតឱ្យចេះធ្វើការជាមួយប្រជាកសិករនៅតាមតំបន់នានា។
 
កញ្ញា វ៉ាន់ សុធារី និស្សិតនៃមហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បញ្ជាក់ពីមូលហេតុចូលរួមក្នុងគម្រោងនេះដូច្នេះ៖«ដោយសារ​ខ្ញុំ​បាន​ធ្វើ​សារណា​ពីស្រូវ ខ្ញុំ​គិតថា​គម្រោង​នេះ​ល្អ អាច​ធ្វើ​ឱ្យខ្ញុំ​​បាន​សិក្សា​បន្ថែម​ពី​ការ​ផលិត​គ្រាប់ពូជស្រូវ​កាន់តែច្បាស់​»។ សុធារី សង្ឃឹមថាគម្រោងនេះ នឹងជួយនាងឱ្យបានយល់កាន់តែស៊ីជម្រៅលើការផលិតពូជដែលសុទ្ធ និងអាចចែកចាយអង្ករនៅក្នុង និងក្រៅប្រទេស។
  

កញ្ញា វ៉ាន់ សុធារី និស្សិតនៃមហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
 
គិតមកដល់ពេលនេះ មានសហគមន៍ចំនួន ៦៥ហើយ ដែលបានចូលរួមក្នុងគម្រោងផលិតគ្រាប់ពូជស្រូវជាមួយអគ្គនាយកដ្ឋានកសិកម្ម។ ដោយឡែកនិស្សិតស្ម័គ្រចិត្តវិញ ក្រោយក្លាយខ្លួនជាអ្នកជំនាញស្រូវ ពួកគេនឹងអាចចូលរួមធ្វើការងារជាមួយកសិករដោយចាប់ផ្ដើមណែនាំពីបច្ចេកទេសដល់រោងម៉ាស៊ីនកិនស្រូវ ដែលផលិតពូជ, ដល់សហគមន៍កសិកម្ម និងដល់កសិករ។ 
និស្សិតស្ម័គ្រចិត្ត នឹងផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងកសិករ, ផ្ដល់ព័ត៌មានពីបញ្ហាសត្វល្អិត ពីជំងឺ មកកាន់អ្នកបច្ចេកទេស និងតាមដានការត្រួតពិនិត្យការប្រើប្រាស់ជី និងថ្នាំកសិកម្ម។ បន្ថែមលើនេះ នឹងចូលរួមសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានក្នុងការចងក្រងសហគមន៍បន្ថែម និងពង្រឹងសហគមន៍, ពិភាក្សា ពិគ្រោះយោបល់ និងសម្របសម្រួលផែនការផលិតកម្មគ្រាប់ពូជស្រូវ និងផលិតកម្មដំណាំស្រូវភ្ជាប់ជាមួយទីផ្សារតាមរយៈផលិតកម្មតាមកិច្ចសន្យាផងដែរ៕​
 

Tag:
 កសិកម្ម
  និស្សិតស្ម័គ្រចិត្ត
  គ្រាប់ពូជ
  ស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com